Social Network

មេដឹកនាំ​កូរ៉េខាងជើង អំពាវនាវ​ឱ្យមាន​កិច្ចចរចា​ថែមទៀត ជាមួយ​កូរ៉េខាងត្បូង​នៅក្នុង​ឆ្នាំ​ថ្មី​

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយទៅប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន កាលពីថ្ងៃអាទិត្យទី៣០ធ្នូ ដោយអំពាវនាវឱ្យមានការចរចាសន្តិភាពបន្ថែមទៀតរវាងមេដឹកនាំទាំង២នេះនៅឆ្នាំថ្មី បន្ទាប់ពីធ្វើការទាក់ទងយ៉ាងសកម្មរបស់ពួកគេក្នុងឆ្នាំ២០១៨ ។ ការិយាល័យរបស់លោក មូន ជែអ៊ីន បាននិយាយថាលោក គីម ជុងអ៊ុន ក៏បានសម្តែងការសោកស្តាយផងដែរដែលថាលោកមិនអាចធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅចុងខែធ្នូនេះដូចដែលបានសន្យារវាងមេដឹកនាំទាំងនេះនៅក្នុងកិច្ចជំនួបកំពូលចុងក្រោយរបស់ពួកគេកាលពីខែកញ្ញានៅក្នុងទីក្រុងព្យុងយ៉ាង។ ក្រោយមក លោក មូន ជែអ៊ីន បានថ្លែងអំណរគុណដល់ លោក គីម ជុងអ៊ុន ចំពោះលិខិតកក់ក្តៅរបស់លោក ហើយបាននិយាយថា លោក គីម ជុងអ៊ុន បានបង្ហាញឆន្ទៈយ៉ាងខ្លាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលលោកបានធ្វើនៅឆ្នាំនេះក្នុងអំឡុងជំនួបកំពូលរវាងកូរ៉េទាំង២និងកិច្ចជំនួបជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមិថុនា។ លោក មូន ជែអ៊ីន បាននិយាយនៅក្នុងសាររបស់លោកថា នឹងមានការលំបាកជាច្រើនទៀតនៅពេលខាងមុខ។ ទោះបីជាយ៉ាងដួងចិត្តរបស់យើងនឹងបើកចំហប្រសិនបើយើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនោះ។មិនមានការផ្លាស់ប្តូរនៅក្នុងចិត្តរបស់យើងអំពីការស្វាគមន៍ លោក គីមជុងអ៊ុនទៅកូរ៉េខាងត្បូងនោះទេ “។ តាមរយៈកិច្ចជំនួបកំពូល៣លើករវាងលោកមូន ជែអ៊ីន និង លោក គីម ជុងអ៊ុននៅឆ្នាំនេះ កូរ៉េទាំង២បានព្រមព្រៀងចំពោះកាយវិការសុច្ឆន្ទៈជាច្រើននិងបានប្តេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅពេលដែលអាច ដោយបង្ហាញសុទិដ្ឋិនិយមថា ការដាក់ទណ្ឌកម្មអន្តរជាតិអាចបញ្ចប់ដើម្បីអនុញ្ញាតឱ្យមានសកម្មភាពបែបនេះ៕

មន្ត្រីជាន់ខ្ពស់​ចិន​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ក្នុងករណី​ពុករលួយ​

លោកMa Jian អតីតអនុប្រធាននៃក្រសួងសន្តិសុខរដ្ឋចិនត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត កាលពីថ្ងៃព្រហស្បតិ៍ទី២៧ធ្នូបន្ទាប់ពីត្រូវបានរកឃើញថាមានទោសពី បទទទួលប្រាក់សំណូកដ៏ច្រើនដោយប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីជះឥទ្ធិពលលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងការទិញដូរភាគហ៊ុនផ្ទៃក្នុង។ នៅតុលាការនៅភាគឦសាននៃប្រទេសចិន លោក Ma Jianបានសារភាពចំពោះការចោទប្រកាន់ទាំងអស់ដោយបញ្ជាក់ថាលោកនឹងមិនប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះទេ។ តុលាការបានដកហូតសិទ្ធិនយោបាយរបស់លោកហើយបានរឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក។បន្ថែមលើនេះលោកក៏ត្រូវបានប្រាប់ឱ្យបង់ប្រាក់ពិន័យជាង៧,២៦លានដុល្លារផងដែរ។នេះបើយោងតាមសារព័ត៌មាន Al Jazeera ។ ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញនៅក្នុងដំណើរការនីតិវិធីរបស់តុលាការថាលោក Ma Jianបានទទួលប្រាក់សំណូកប្រហែល១៥,៨លានដុល្លាររវាងឆ្នាំ១៩៩៩និង ២០១៤ ជាថ្នូរនឹងការប្រើប្រាស់ឥទ្ធិពលនយោបាយរបស់លោកដើម្បីជួយដល់ការធ្វើជំនួញរបស់លោក Guo Wengui ដែលជាប្រធានក្រុមហ៊ុន Beijing Zenith Holdings Co ដែលបច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលចិនចង់ក៏ចាប់ខ្លួនផងដែរ៕

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នៅតែ​ឈរលើ​ទី​កំពូល​ក្នុង​ការស្ទង់មតិ​មុន​ការបោះឆ្នោត តែ​ព្យុះភ្លៀង​កំពុង​រង់ចាំ​នៅពេល​ខាងមុខ

ការកាន់តំណែងកំពូលដ៏យូររបស់នាយករដ្ឋមន្ត្រីបេនចាមីន ណេតាន់យ៉ាហ៊ូនៅក្នុងនយោបាយអ៊ីស្រាអែលបានឃើញគាត់យកឈ្នះលើក្រុមគូប្រជែងជាមួយការដឹកនាំពោរពេញដោយជំនាញនិងភាពស្តាំនិយមរបស់គាត់ ប៉ុន្តែល្បែងនយោបាយចុងក្រោយបំផុតរបស់គាត់បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថាតើវានឹងជាល្បែងចុងក្រោយរបស់គាត់ឬយ៉ាងណា។ អ៊ីស្រាអែលកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតនៅថ្ងៃទី៩ខែមេសា ហើយខណៈពេលដែលការស្ទង់មតិបង្ហាញថាលោកណេតាន់យ៉ាហ៊ូទំនងជានឹងយកឈ្នះម្តងទៀត ការស៊ើបអង្កេតអំពីអំពើពុករលួយជាបន្តបន្ទាប់បាននាំឱ្យមានការរំពឹងទុកថាតើគាត់នឹងត្រូវបង្ខំឱ្យចុះចេញពីតំណែងនាពេលខាងមុខឬយ៉ាងណានោះ។ គាត់នឹងមិនត្រូវតម្រូវឱ្យលាលែងពីតំណែងតាមច្បាប់នោះទេប្រសិនបើត្រូវបានចោទប្រកាន់ ប៉ុន្តែសម្ពាធនយោបាយច្បាស់ជានឹងមានភាពខ្លាំងក្លា ហើយដៃគូចម្រុះនាពេលអនាគតនឹងត្រូវសម្រេចថាត្រូវប្រកាន់ខ្ជាប់ជាមួយគាត់ឬយ៉ាងណា។ ការសម្រេចរបស់អគ្គរដ្ឋអាជ្ញាអំពីការចោទប្រកាន់ទាំងនោះត្រូវគេរំពឹងថានឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខ។ ក្រុមអ្នកវិភាគជាច្រើននាក់ជឿថា លោកណេតាន់យ៉ាហ៊ូបានជំរុញឱ្យបោះឆ្នោតមុនកាលកំណត់៧ខែ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់ដែលអាចធ្វើឡើងណាមួយ ជាមួយនឹងអាណត្តិថ្មីពីអ្នកបោះឆ្នោត។ វាមិនមែនជារឿងឆ្លាតទេដែលនាំគ្នាភ្នាល់អំពីការដួលរលំរបស់គាត់ពីឥឡូវនេះទៅ។ ប្រសិនបើគាត់ឈ្នះនៅខែមេសា គាត់នឹងស្ថិតនៅលើផ្លូវដើម្បីដណ្ដើមឯតទគ្គកម្មពីបិតាស្ថាបនិកលោកដេវីត បេន ហ្គោរៀន (David Ben-Gurion) ដែលកាន់តំណែង ១៣ ឆ្នាំ ហើយលោកណេតាន់យ៉ាហ៊ូច្បាស់ណាស់គឺដឹងអំពីរឿងដ៏សំខាន់នេះ។ លោក អានសែល ហ្វេសហ្វើ អ្នកសារព័ត៌មាននៅកាសែតអ៊ីស្រាអែល Haaretz និងជាអ្នកនិពន្ធសៀវភៅជីវប្រវត្តិរបស់លោកណេតាន់យ៉ាហ៊ូដែលបានចេញផ្សាយថ្មីៗនេះបាននិយាយថា “គាត់គ្មានផែនការលាឈប់ពីតំណែងនិងគ្មានផែនការចុះចាញ់នោះទេ ហើយគាត់ជឿថាគាត់អាចផ្តួលរាល់ការចោទប្រកាន់ប្រឆាំងនឹងគាត់បាន”៕

 

 

 

នាវា​ផ្ទុក​យន្តហោះ​ថ្មី​បំផុត​របស់​ចិន​ចាប់ផ្តើម​ការសាកល្បង​ហោះហើរ​និង​ចុះចត​យន្តហោះ​ចម្បាំង​

នាវាផ្ទុកយន្តហោះផលិតក្នុងស្រុកចិនជាលើកដំបូងឈ្មោះថា Type 001A បានចាប់ផ្តើមការសាកល្បងនៅសមុទ្រជាលើកទី ៤ នៅមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសាខាងមុខ។ ការសាកល្បងទាំងនេះនឹងតេស្តទៅលើប្រព័ន្ធអាកាសចរណ៍របស់ខ្លួនជាលើកដំបូង។ ខណៈការប្រកាសជាផ្លូវការអំពីការសាកល្បងនេះពុំត្រូវបានធ្វើឡើងនោះ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ធ្នូដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្រនៃប្រទេសចិនបានកត់សម្គាល់ថា ច្រកសមុទ្រប៉ូហៃ និងផ្នែកខ្លះនៃសមុទ្រលឿងនឹងត្រូវបិទចរាចរណ៍រវាងថ្ងៃទី ២៨ ធ្នូនិងថ្ងៃទី ៤ មករា។ ក្នុងពេលជាមួយគ្នានេះដែរ រូបថតនិងវីដេអូជាច្រើនបានបង្ហាញនាវាផ្ទុកយន្តហោះប្រវែង ៣១៥ ម៉ែត្រ ទម្ងន់ ៧០.០០០ តោននេះដាក់ចុះលើទឹកសមុទ្រនៅកំពង់ផែក្រុងតាលៀនកាលពីថ្ងៃព្រហស្បតិ៍។ លោក វ៉ាង យុនហ្វី អ្នកជំនាញការផ្នែកកងទ័ពជើងទឹកនិងជាមន្ត្រីកងទ័ពជើងទឹកចូលនិវត្តន៍បានប្រាប់កាសែត Global Times កាលពីថ្ងៃព្រហស្បតិ៍អំពីការសាកល្បងដែលបានរាយការណ៍នេះថា “ក្នុងអំឡុងពេលសាកល្បងលើសមុទ្រ ផ្នែកអាកាសចរណ៍របស់នាវាផ្ទុកយន្តហោះនេះនឹងត្រូវបានរៀបចំឡើងជាលើកដំបូង”។ លោកបានកត់សម្គាល់ថានាវានេះក៏នឹងសាកល្បងលើប្រព័ន្ធរ៉ាដា ទូរគមនាគមន៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស រួមជាមួយនឹងឧបករណ៍សម្រាប់ការហោះហើរនិងចុះចតរបស់យន្តហោះចម្បាំងផងដែរ៕

 

មិន​ត្រឹមតែ​ស្រី​របស់​ប្តី​ទេ សូម្បីតែ​រថយន្ត​ក៏​មិន​លើកលែង​ដែរ​!!

វាជាគ្រឿងថ្នាក់ចរាចរណ៍ចម្លែកមួយ ពាក់ព័ន្ធនឹងរថយន្តទំនើប២ពាក់ស្លាកលេខស្រដៀងគ្នា។ឧបទ្ទវហេតុនេះបានកើតឡើងនៅក្រុងតៃប៉ិះ កោះតៃវ៉ាន់។ របាយការណ៍និយាយថា អ្នកបើករថយន្តVolvoពណ៌សបានកំពុងឈប់ទិញទំនិញជាមួយកូនស្រី ស្រាប់តែឃើញប្តីរបស់ខ្លួនដើរជាមួយស្រីផ្សេងយ៉ាងស្និទ្ធស្នាលនិងសង្ស័យភ្លាមថាមុខជាមានអីៗនឹងគ្នា។ បន្ទាប់ពីឈរស្រឡាំងកាំងនិងប្តីនាំស្រីឡើងរថយន្តជិះចេញទៅ នាងជាប្រពន្ធបានបើករថយន្តVolvoដេញតាមរថយន្តBMWពណ៌ខ្មៅរបស់ប្តី។ពេលប្តឹងដឹងថារថយន្តប្រពន្ធដេញតាមពីក្រោយ គាត់បន្ថែមល្បឿនដើម្បីគេចពីប្រពន្ធ តែនាងជាប្រពន្ធក៏មិនណយដែរជាន់បន្ថែមល្បឿនលឿនជាងប្តីជាហេតុនាំអោយជ្រុលទៅបុកនិងឡើងសង្កត់ពីលើរថយន្តរបស់ប្តីជាប់ទៅមុខលែងកើត។ នាងជាប្រពន្ធ បន្ទាប់មកបានចេញពីរថយន្តនិងចាប់វាយស្រីលួចលាក់របស់ប្តី៕

 

ផ្ទុះ​ភ្នំភ្លើង​ឥណ្ឌូនេស៊ី​ជាថ្មី ខណៈ​ចំនួន​មនុស្ស​ស្លាប់​ពី​ស៊ូ​ណា​មី​កើន​លើស​៤០០​នាក់​

ការផ្ទុះភ្នំភ្លើងAnak Krakatauជាថ្មីកាលពីថ្ងៃអង្គារបានបង្កការភិតភ័យនិងនាំអោយមានការភៀសខ្លួនចេញពីតំបន់ឆ្នេរក្នុងចំណោមអ្នកស្រុកដែលទើបរងការវាយប្រហារដោយស៊ូណាមីដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងនេះដែលរហូតមកទល់ពេលនេះបានសម្លាប់មនុស្សជាង៤០០នាក់និងជាង១ពាន់នាក់រងរបួស។ ពួកអ្នកស្រុកក៏ដូចជាមន្ត្រីនីតំបន់ស៊ូមួរ បានប្រញាប់ប្រញាល់នាំគ្នាឡើងទៅកាន់ទីខ្ពស់ៗក្រោយឮសម្លេងផ្ទុះនៅម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃអង្គារ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយថាសម្លេងនោះចេញមកពីការផ្ទុះភ្នំភ្លើង Anak Krakatau ។ ពួកមន្ត្រីបាននិយាយថា ភស្តុតាងបង្ហាញថាមានការផ្ទុះចេញពីភ្នំភ្លើងដែលញ័រមួយនៅច្រកសមុទ្រស៊ុនដា បានបណ្តាលអោយជំរាលភ្នំមួយផ្នែកបាក់ចូលក្នុងសមុទ្រ បុកទឹកបង្កជាស៊ូណាមីកាលពីថ្ងៃ២២ធ្នូ។ ស៊ូណាមីនេះរហូតមកទល់ថ្ងៃអង្គារ បានសម្លាប់មនុស្ស៤២៩នាក់ បាត់ខ្លួន១៥៤នាក់ទៀតនិងជិត១.៥០០នាក់រងរបួស។អ្នកស្រុកជាង១៦.០០០នាក់បានរើទៅស្នាក់នៅកន្លែងខ្ពស់ៗ ខណៈការព្រមានអំពីទឹកសមុទ្រឡើងខ្ពស់ត្រូវបានបន្តដល់ថ្ងៃពុធ៕

៨​នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ចាប់ពង្រត់​រថយន្តក្រុង​និង​បើក​បុក​ហ្វូង​អ្នកដំណើរ​នៅ​ចិន​

មនុស្ស៨នាក់ត្រូវបានសម្លាប់និង២២នាក់រងរបួសក្រោយរថយន្តក្រុងដែលត្រូវបានចាប់ពង្រត់មួយបានបុកអ្នកដំណើរនៅក្នុងខេត្តហ្វ៊ុយជាំងភាគខាងកើតកាលពីថ្ងៃអង្គារទី២៥ធ្នូ។ទូរទស្សន៍ចិនCGTN បាននិយាយថាជនចាប់ពង្រត់ដែលកាន់កាំបិតត្រូវបានចាប់ខ្លួនសួរចម្លើយដោយប៉ូលិស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ៣និង២០នាទីរសៀលថ្ងៃអង្គារនៅក្នុងទីក្រុងឡុងយ៉ាន ។ប៉ូលិសម្នាក់ស្ថិតចំណោមអ្នកស្លាប់។ រូបវីដេអូបង្ហាញ មនុស្សរងរបួសជាច្រើនដេកដួលលើផ្លូវជិតរថយន្តក្រុងដែលបុកខ្ទេចខាងមុខ។វាក៏បង្ហាញប៉ូលិសចាប់មនុស្សម្នាក់រុញខ្ទប់ទៅនឹងដី។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ជនសង្ស័យជាបុរសអាយុ៤៨ឆ្នាំ។ជននេះបានវាយប្រហារអ្នកដំណើរស្រីម្នាក់មុនចាប់យករថយន្តក្រុមមកគ្រប់គ្រង។ ចិនជួបឧបទ្ទវហេតុស្រដៀងគ្នាដូច្នេះជាបន្តបន្ទាប់នៅឆ្នាំនេះ។កាលពីចុងខែវិច្ឆិកា រថយន្តមួយបានបើកបុកចូលហ្វូងសិស្សមួយក្រុមដែលឆ្លងកាត់ផ្លូវនៅមុខសាលាបឋមសិក្សាមួយក្នុងខេត្តឡាវនិញ ដោយសម្លាប់មនុស្ស៥នាក់និងរបួសយ៉ាងតិច១៩នាក់។ នៅខែតុលា មនុស្ស៣នាក់ត្រូវបានសម្លាប់នៅពេលបុរសម្នាក់ បានបើករថយន្តបុកចូលហ្វូងមនុស្សនៅក្នុងខេត្តហ្សេជាំង ក្រោយចាក់សម្លាប់មនុស្ស។នៅមួយខែមុននោះបុរសម្នាក់ក៏បានបើករថយន្តបុកចូលហ្វូងមនុស្សនៅក្នុងខេត្តហ៊ីណាន មុនចាក់កាប់អ្នកឈរមើលដោយមិនរើសមុខ។ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស១១នាក់ និងរបួស៤៤នាក់។ បទឧក្រិដ្ឋហិង្សាមានកំណើននៅចិននៅរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ខណៈគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែកាន់តែរីគធំយ៉ាងលឿន៕

កូរ៉េ​ទាំង​២​ប្តេជ្ញា​ត​ភ្ជាប់​ផ្លូវថ្នល់​និង​ផ្លូវ​រថភ្លើង​នៅ​ឧបទ្វីប​កូរ៉េ​

គណៈប្រតិភូកូរ៉េខាងត្បូងបានចាកចេញទៅកាន់កូរ៉េខាងជើងនៅថ្ងៃពុធទី២៦ខែធ្នូដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសម្រាប់ការតភ្ជាប់ផ្លូវថ្នល់និងផ្លូវរភ្លើងឆ្លងកាត់ឧបទ្វីបដែលបែងចែកនេះ បើទោះបីជាកិច្ចចរចាអំពីនុយក្លេអ៊ែរបានជាប់គាំងក៏ដោយ។ រថភ្លើងពិសេសមួយដែលដឹកក្រុមកូរ៉េខាងត្បូង១០០នាក់ដែលរួមទាំងមន្ត្រី៥និងប្រជាជន៥នាក់ដែលកើតនៅកូរ៉េខាងជើង ត្រូវបានគេឃើញចេញពីស្ថានីយរថភ្លើងក្រុងសេអ៊ូលនៅកាលពីព្រឹកថ្ងៃពុធនេះសម្រាប់ការធ្វើដំណើររយៈពេល២ម៉ោងទៅកាន់ទីក្រុងកេសុងជាទីក្រុងជាប់ព្រំដែនរបស់របស់កូរ៉េខាងជើងក្រោយពីកូរ៉េទាំង២ បានបញ្ចប់ការពិនិត្យមើលផ្លូវនិងផ្លូវរថភ្លើងរួមគ្នាសម្រាប់គម្រោងនេះនៅក្នុងខែនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីននិងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានយល់ព្រមរៀបចំពិធីនេះនៅចុងឆ្នាំនេះនៅពេលដែលពួកគេបានជួបគ្នានៅកិច្ចជំនួបកំពូលលើកទី៣របស់ពួកគេនៅក្នុងទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញា។ ការព្រួយបារម្ភបានកើតឡើងថារថភ្លើងនិងវត្ថុធាតុដើមផ្សេងទៀតដែលត្រូវបាននាំចូលប្រទេសកូរ៉េខាងជើងសម្រាប់ពិធីនេះអាចរំលោភលើការដាក់ទណ្ឌកម្មនានាដែលដាក់លើរបបឯកកោនេះចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនប៉ុន្តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានផ្តល់ការលើកលែងទាំងស្ទាក់ស្ទើរចំពោះព្រឹត្តិការណ៍នេះ៕

ការវាយប្រហារ​នៅ​បរិវេណ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​២៩​នាក់​

ក្រុមមន្ត្រីបាននិយាយថាយ៉ាងហោចណាស់មនុស្ស២៩នាក់បានស្លាប់នៅក្នុងការវាយប្រហារអត្តឃាតនិងការបាញ់កាំភ្លើងទៅលើបរិវេណរដ្ឋាភិបាលមួយនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទទី២៤ធ្នូ ។ មនុស្ស២០នាក់ផ្សេងទៀត បានរងរបួសក្នុងអំឡុងការវាយប្រហារនៅបរិវេណនៃក្រសួងក្រសួងកិច្ចការសាធារណៈអាហ្វហ្គានីស្ថាននៅក្រុងកាប៊ុល។ បុគ្គលិករាប់រយនាក់បានជាប់នៅខាងក្នុងអគារនោះនៅពេលនោះ ហើយអ្នកខ្លះត្រូវបានរាយការណ៍ថាបានលោតចុះមកខាងក្រោមដើម្បីសុវត្ថិភាព។ គេមិនដឹងច្បាស់ភ្លាមៗទេថាតើនរណាឬក្រុមណាបានធ្វើការវាយប្រហារនោះទេ។ ប៉ុន្តែ ទាំងក្រុមរដ្ឋអ៊ីស្លាមនិងពួកតាលីបានបានធ្វើការវាយប្រហារស្រដៀងគ្នានេះកាលពីអតីតកាល។ ហេតុការណ៍នេះត្រូវបានរាយការណ៍ថាបានចាប់ផ្តើមជាមួយនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតបង្កប់ក្នុងរថយន្តមួយនៅជិតច្រកចូលអគារនោះ នៅមុនពេលដែលក្រុមជនប្រដាប់អាវុធបានសម្រុកចូលខាងក្នុង។ លោក Najib Danish អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា មនុស្សជាង៣៥០នាក់ ត្រូវបានរំដោះចេញពីការិយាល័យកិច្ចការសាធារណៈនោះ។ លោកបាននិយាយថា ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់ បានស្លាប់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ទាំងនេះ។អ្នកវាយប្រហារ៣នាក់ ក៏ត្រូវបានបាញ់សម្លាប់ផងដែរ៕

កងកម្លាំង​គាំទ្រ​ដោយ​តួ​ក​គី​ត្រៀមខ្លួន​ជំនួស​កងទ័ព​អាមេរិក​នៅ​ស៊ី​រី​

ពួកអ្នកប្រយុទ្ធគាំទ្រដោយតួកគីបាននិយាយកាលពីថ្ងៃចន្ទទី២៤ធ្នូថាពួកគេកំពុងរៀបចំធ្វើដំណើរទៅភាគខាងកើតប្រទេសស៊ីរីរួមជាមួយកងទ័ពតួកគីនៅពេលដែលកងកម្លាំងអាមេរិកដកចេញ ហើយកំពុងប្រមូលផ្ដុំគ្នានៅជួរមុខនៃទីក្រុងដែលគ្រប់គ្រងដោយកងកម្លាំងឃឺដ។ ការដកទ័ពអាមេរិកនេះនឹងទុកឱ្យគ្រប់ភាគីនាំគ្នាដណ្តើមកាន់កាប់តំបន់ភាគខាងកើតស៊ីរីដែលសម្បូរដោយប្រេង។ បច្ចុប្បន្ន តំបន់ខាងកើតនេះត្រូវបានគ្រប់គ្រងដោយកងកម្លាំងឃឺដ ដែលអាមេរិកបានគាំទ្រអស់រយៈពេលជាង៤ឆ្នាំ ជាមួយភាគីជាច្រើនកំពុងចង់ដណ្តើមកាន់កាប់ក្នុងតំបន់នេះ។ បច្ចុប្បន្ន តំបន់ខាងកើតនេះកំពុងប្រឈមនឹងការគំរាមកំហែងពី៣ភាគីគឺរដ្ឋាភិបាលស៊ីរី ក្រុមរដ្ឋអ៊ីស្លាម និងតួកគី ដែលចាត់ទុកពួកឃឺដជាភេរវករ ដោយសារតែការផ្សាភ្ជាប់របស់ពួកគេទៅនឹងក្រុមបះបោរឃឺដនៅក្នុងប្រទេសតួកគី។លោកយូសសេហ្វ ហាមម៉ូដ (Youssef Hammoud) អ្នកនាំពាក្យរបស់ក្រុមប្រឆាំងស៊ីរីដែលគាំទ្រដោយតួកគីបាននិយាយថា ពួកគេមានអ្នកប្រយុទ្ធហ្វឹកហាត់ច្បាស់លាស់រហូតដល់ទៅ ១៥.០០០ នាក់ត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយជាមួយកងកម្លាំងតួកគី ហើយពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលទៅកាន់ទីក្រុងម៉ានប៊ីស (Manbij) ជាក្រុងរដ្ឋបាលគ្រប់គ្រងដោយពួកឃឺដនៅភាគខាងជើងស៊ីរី កន្លែងដែលកងទ័ពអាមេរិកឈរជើង។ លោកហាមម៉ូដបាននិយាយថា “គ្មានជម្រើសអ្វី” ចំពោះកងកម្លាំងតួកគីនិងសម្ព័ន្ធមិត្តរបស់ពួកគេក្រៅតែពីជំនួសកងទ័ពអាមេរិកនោះឡើយ។ លោកហាមម៉ូដបាននិយាយថា “យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស” ទោះបីពួកសកម្មប្រយុទ្ធអាយស៊ីសភាគច្រើនបានដកថយទៅកាន់តំបន់ដាច់ស្រយាលរាប់រយគីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានប៊ីសក៏ដោយ។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសកាលពីសប្តាហ៍មុនថា អាមេរិកនឹងដកកងកម្លាំងសរុបចំនួន ២.០០០ របស់ខ្លួននៅក្នុងប្រទេសស៊ីរី ជាចំណាត់ការមួយដែលនឹងទុកឱ្យតំបន់ខាងកើតស៊ីរីសម្បូរប្រេងត្រូវភាគីដទៃដណ្តើមគ្នាកាន់កាប់៕

 

 

អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ជាប់ពន្ធនាគារ​៧​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​

តុលាការមួយបានកាត់ទោសអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកណាវ៉ាស សារីហ្វ (Nawaz Sharif) ឱ្យជាប់គុក ៧ ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយកាលពីថ្ងៃចន្ទទី២៤ធ្នូ។ គណបក្សរបស់លោកបាននិយាយថា ការសម្រេចនេះគឺជា “ចំណុចខ្មៅ” នៅក្នុងប្រព័ន្ធយុត្តិធម៌។ សាលក្រមនេះបានកើតឡើងបន្ទាប់ពីលោកសារីហ្វត្រូវបានដកចេញពីអំណាចកាលពីឆ្នាំមុនជុំវិញការចោទប្រកាន់អំពីការប្រព្រឹត្តអំពើពុករលួយ។ លោកសារីហ្វ ដែលធ្លាប់បានបំពេញការងារជានាយករដ្ឋមន្ត្រីអាណត្តិទី៣របស់លោក បានបដិសេធរាល់ការធ្វើខុសណាមួយ។ គាត់ត្រូវបានចោទប្រកាន់ថាមានទ្រព្យសម្បត្តិលើសពីប្រភពចំណូលដែលគេដឹងហើយត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលក្រមត្រូវបានប្រកាសភ្លាមៗ។ គាត់អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ដែលក្រោមសាលក្រមនេះគាត់ក៏ត្រូវបានពិន័យ ២៥ លានដុល្លារផងដែរ ដោយសារមិនបានបង្ហាញពីរបៀបដែលគ្រួសាររបស់គាត់បានបង្កើតរោងចក្រផលិតដែកថែប Al Azizia Steel Mills នៅពេលដែលគាត់ត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយលោកភើវេស មូសារ៉ាហ្វ (Pervez Musharraf) ជាអតីតជនផ្តាច់ការដែលបានផ្តួលរំលំរដ្ឋាភិបាលលោកសារីហ្វកាលពីឆ្នាំ ១៩៩៩។ តុលាការដដែលនេះបានសម្រេចឱ្យលោកសារីហ្វរួចខ្លួនក្នុងករណីទី ២ ទាក់ទងនឹងជំនួញរបស់គ្រួសារគាត់នៅចក្រភពអង់គ្លេស។ យោងតាមអង្គភាពប្រឆាំងអំពើពុករលួយរបស់ប៉ាគីស្ថាន អង្គភាពនេះនឹងតវាប្រឆាំងនឹងការសម្រេចឱ្យរួចខ្លួនក្នុងករណីទី២ដល់លោកសារីហ្វ ដែលត្រូវគេបញ្ជូនចូលគុកមួយថ្ងៃមុនថ្ងៃខួបកំណើតរបស់គាត់។ បន្ទាប់ពីត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារទីក្រុងរ៉ាវ៉ាល់ពីនឌី (Rawalpindi) លោកសារីហ្វត្រូវគេរំពឹងថានឹងត្រូវបញ្ជូនមកពន្ធនាគារក្នុងទីក្រុងឡាហ័រនៅថ្ងៃអង្គារទី២៥ធ្នូតាមសំណើរបស់គាត់៕

 

 

 

ចំនួន​មនុស្ស​ស្លាប់​ដោយ​ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​១៦៨​នាក់ និង​៧៤៥​នាក់​រងរបួស​

រលកសមុទ្រធំៗដែលអាចបង្កឡើងពីការផ្ទុះភ្នំភ្លើងលើកោះមួយ បានសម្លាប់មនុស្សយ៉ាងតិច១៦៨នាក់ នៅចន្លោះច្រកសមុទ្រស៊ុនដារបស់ឥណ្ឌូនេស៊ី។មនុស្សប្រមាណ៧៤៥នាក់ទៀតក៏បានរងរបួសនិង៣០នាក់កំពុងបាត់ខ្លួនក្នុងគ្រោះមហន្តរាយដែលបានវាយប្រហារគ្មានការព្រមានជាមុនកាលពីយប់ថ្ងៃសៅរិ៍ទី២២ធ្នូ ។ ពួកអ្នកវិទ្យាសាស្ត្រមកពីទីភ្នាក់ងារភូមិសាស្ត្រនិងរញ្ជួយដីឥណ្ឌូនេស៊ីបាននិយាយថា វាអាចបង្កឡើងពីការបាក់ដីនៅបាតសមុទ្រដោយសារតែការផ្ទុះភ្នំភ្លើង អាណាកក្រាកាតាវ។ពួកគេក៏និយាយដល់ជំនោរសមុទ្របង្កឡើងដោយព្រះចន្ទពេញវង់ផងដែរ។ តំបន់រងគ្រោះខ្លាំងជាងគេគឺ ប៉ានដេកឡាង នៅខេត្តបាន់តេនលើកោះជ្វា ។ ក្នុងពេលជាមួយគ្នា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងបានបញ្ជាទៅបណ្តាទីភ្នាក់ងាររដ្ឋអោយឆ្លើយតបជាប្រញាប់ចំពោះគ្រោះមហន្តរាយនេះ។ភ្នំភ្លើងអាណាក ក្រាកាតាវ(Anak Krakatau )ដែលភ្ជាប់មហាសមុទ្រឥណ្ឌានិងសមុទ្រជ្វា បានផ្ទុះនៅប្រមាណ២៤នាទីមុនកើតមានស៊ូណាមិ។ត្រីនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវស៊ូណាមិឥណ្ឌូនេស៊ី បាននិយាយថា រលកយក្សទាំងនេះទំនងជាបង្កឡើងដោយការបាក់ផ្ទាំងដី នៅពេលមួយផ្នែកធំនៃជំរាលភ្នំភ្លើងបាក់ស្រុត។ការផ្ទុះក៏អាចបង្កបំណាក់ដីនៅលើគោកឬនៅបាតសមុទ្រ ដែលកម្លាំងបាក់ទាំងពីរសុទ្ធតែអាចបង្កជាស៊ូណាមិ។ លោកបានបន្ថែមថា« តាមពិតស៊ូណាមិនេះមិនជាធំប៉ុន្មានទេ កំពស់ប្រមាណ១ម៉ែត្រ។បញ្ហានៅត្រង់ថា ប្រជាជនរស់នៅនិងសង់អ្វីៗនៅជាប់ឆ្នេរ»។ ការខូចខាតសម្ភាររួមមាន ផ្ទះខូវខាតខ្លាំង៤៣០ សណ្ឋាគារ៩ខូចខាតនិងនាវាចំនួន១០ក៏ខូចខាតផងដែរ។ រំលឹកថា កាលពីខែកញ្ញា មនុស្សជាង២.៥០០នាក់ត្រូវបានសម្លាប់ដោយរញ្ជួយដីនិងរលកស៊ូណាមិ ដែលបានវាយប្រហារក្រុងប៉ាលូនៅលើកោះស៊ូឡាវេស៊ី របស់ឥណ្ឌូនេស៊ី៕

រាប់ម៉ឺន​នាក់​ខកដំណើរ​មុន​គ្រី​ស​ម៉ាស​ដោយសារ​ការរំខាន​ពី​ដ្រូ​ន​នៅ​អាកាសយានដ្ឋាន​អង់គ្លេស​មួយ​

ការវាយប្រហារដោយដ្រូន(យានហោះគ្មានមនុស្សបើក)មួយនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់អង់គ្លេសបានបណ្តាលអោយអ្នកដំណើររាប់ម៉ឺនាក់ជាប់ខ្លួននៅក្នុងអាកាសយាននិងខកដំណើរនៅមុនថ្ងៃឈប់សម្រាកគ្រីសម៉ា នេះបើតាមការផ្សាយរបស់សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២០ធ្នូ។ ផ្លូវចុះឡើងនៅអាកាសយានដ្ឋានGatwickក្នុងទីក្រុងឡុងដ៍បានបិទចាប់តាំងពីយប់ថ្ងៃពុធមកនៅពេលឧបករណ៍ហោះពីរត្រូវបានគេប្រទះឃើញហោះពីលើរបងអាកាសយានដ្ឋាន។ប៉ូលិសនិងយោធាត្រូវបានហៅមកចូលជួយអន្តរាគមន៍ តែប៉ូលិសបានបញ្ជាក់ថា វាមិនមែនជាឧបទ្ទវហេតុភេរវកម្មទេ និងកំពុងតាមប្រមាញ់អ្នកបង្ហោះដ្រូន ក្រោយពីដ្រូនមួយគ្រឿងទៀតត្រូវបានប្រទះឃើញកាលពីថ្ងៃ២០ធ្នូ។ អាកាសយានដ្ឋានបាននិយាយថា អ្នកដំណើរប្រមាណ១១០.០០០នាក់លើជើងហោះហើរ៧៦០ត្រូវជិះយន្តហោះនៅថ្ងៃព្រហស្បតិ៍៕

អាមេរិក​ចោទប្រកាន់​ហ៊ែ​ក​ឃើ​ចិន​២​នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​

ក្រុមមន្ត្រីអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២០ធ្នូបាននិយាយថា ពួកហ៊ែកឃើ (Hacker) ជនជាតិចិន២នាក់បានធ្វើយុទ្ធនាការយ៉ាងទូលំទូលាយជំនួសឱ្យទីភ្នាក់ងារចារកម្មដ៏សំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីលួចយកអាថ៌កំបាំងពាណិជ្ជកម្មនិងព័ត៌មានផ្សេងៗពីទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិក និង “ជនសំខាន់ៗ” នៃសាជីវកម្មធំៗនៅសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត។ ការចោទប្រកាន់នេះគឺជាសំណុំរឿងព្រហ្មទណ្ឌចុងក្រោយបំផុតនៅក្នុងរឿងក្តីព្រហ្មទណ្ឌរបស់ក្រសួងយុត្តិធម៌អាមេរិកដែលផ្ដោតសំខាន់លើការធ្វើចារកម្មតាមអ៊ីនធឺណេតរបស់ចិននិងគាប់ជួនទៅនឹងសេចក្តីប្រកាសមួយដោយចក្រភពអង់គ្លេសដែលស្តីបន្ទោសក្រសួងសន្តិសុខរដ្ឋចិនចំពោះការលួចអាថ៍កំបាំងពាណិជ្ជកម្មដែលប៉ះពាល់ដល់បណ្តាប្រទេសលោកខាងលិច។ ក្រុមហ៊ែកឃើ ដែលម្នាក់ក្នុងចំណោមនោះមានរហស្សនាមថា “Godkiller” ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើបណ្តាញកុំព្យូទ័រដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០០៦ នៅក្នុងឧស្សាហកម្មជាច្រើនដូចជាអាកាសចរណ៍និងអវកាស ហិរញ្ញវត្ថុប្រេងនិងឧស្ម័ន បច្ចេកវិជ្ជាផ្កាយរណបនិងឱសថ។ ក្រុមរដ្ឋអាជ្ញានិយាយថា ពួកហ៊ែកឃើនេះក៏ទទួលបានឈ្មោះ លេខសន្តិសុខសង្គម និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតរបស់បុគ្គលិកកងទ័ពជើងទឹកជាង ១០០.០០០ នាក់ផងដែរ។ នៅក្នុងការផ្លាស់ប្តូរថ្មីដែលឆ្លុះបញ្ចាំងពីការវិវត្តរបស់សាជីវកម្មកុំព្យូទ័រ ពួកហ៊ែកឃើទាំងនោះបានជ្រៀតចូលទៅក្នុងក្រុមហ៊ុនផ្ទុកទិន្នន័យកុំព្យូទ័រលើអ៊ីនធឺណេត (Cloud Computing) និងក្រុមហ៊ុនផ្តល់បច្ចេកវិជ្ជាសំខាន់ៗដទៃទៀតដើម្បីចូលមើលឯកសារដ៏មានតម្លៃរបស់អតិថិជនដោយប្រយោល។ ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកហ៊ែកឃើបានលួចទិន្នន័យ “រាប់រយជីហ្គាបៃ” ដោយរំលោភបំពានលើកុំព្យូទ័ររបស់អង្គភាពជាង ៤៥ នៅក្នុងរដ្ឋចំនួន ១២ រួមទាំងមន្ទីរពិសោធម៉ាស៊ីនយន្តហោះរបស់ និងមជ្ឈមណ្ឌលអវកាស Goddard របស់អង្គការណាសា។ ពួកហ៊ែកឃើ ដែលគេស្គាល់ថាជាសមាជិកនៃក្រុម APT10 ឬ “Stone Panda” មិនត្រូវបានឃុំឃាំងទេ។ រដ្ឋអាជ្ញាបាននិយាយថា ឈ្មោះរបស់ពួកគេគឺ ជូ ហ៊ួ (Zhu Hua) និងចាង ស៊ីលឡុង (Zhang Shillong)៕

នាយក​ធនាគារ​វៀតណាម ជាប់គុក​អស់​មួយជីវិត និង​សេដ្ឋី​អចលនទ្រព្យ​ជាប់គុក​១៧​ឆ្នាំ​ក្នុង​រឿងអាស្រូវ​ពុករលួយ​១៥៤​លាន​ដុល្លារ​

តុលាការក្រុងហូជីមីញ កាលពីថ្ងៃព្រហស្បតិ៍ទី២០ធ្នូបានកាត់ទោស លោក ត្រាន់ ភឿង ប៊ិញ(Tran Phuong Binh)អតីតនាយកប្រតិបត្តិធនាគារDongA Bankនិងលោក ផាន វ៉ាន់ អាញ់ វូ(Phan Van Anh Vu) សេដ្ឋីអចលនទ្រព្យនៅដាណាំង និងមនុស្ស២៤នាក់ផ្សេងទៀត អោយជាប់គុករយៈពេលផ្សេងៗគ្នាក្នុងករណីពុករលួយដែលទឹកប្រាក់សរុបជាង១៥៤លានដុល្លារនៅធនាគារនេះ។ តុលាការនេះបានសម្រេចថា លោក ត្រាន់ ភឿង ប៊ិញ អាយុ៥៩ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៦នេះនឹងជាប់គុកអស់មួយជីវិតចំពោះការរំលោភច្បាប់រដ្ឋអំពីការគ្រប់គ្រងសេដ្ឋកិច្ចដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរនិងការរំលោភបំពានលើតួនាទីនិងប្រើអំណាចដើម្បីបានទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ លោកត្រូវបានចាប់ឱ្យទទួលខុសត្រូវចំពោះការខាតបង់ប្រាក់អស់ជិត៣,៥លាន លាន ដុង(១៥៣,៨លានដុល្លារ) នៅធនាគារដែលគ្រប់គ្រងដោយរដ្ឋមួយផ្នែកនេះ ដែលបានកើតឡើងនៅពេលដែលធនាគារនេះបានទូទាត់ការប្រាក់ដល់អតិថិជនលើសពីអត្រាដែលបានកំណត់ដោយការរំលោភបំពានលើជំនួញរូបិយប័ណ្ណបរទេសនិងការជួញដូរមាស និងបានពាក់ព័ន្ធនៅក្នុងគម្រោងទិញភាគហ៊ុន។ លោក វូ អាយុ៤៣ឆ្នាំនេះ ត្រូវបានកាត់ទោសឱ្យជាប់គុក១៧ឆ្នាំ ពីបទរំលោភបំពានអំណាចដើម្បីមានបានទ្រព្យសម្បតិ្តផ្ទាល់ខ្លួន។ តាមការចោទប្រកាន់ថានៅឆ្នាំ២០១៣ ធនាគារDongA Bank បានគ្រោងនឹងបង្កើនដើមទុនពីទឹកប្រាក់៥លានលានដុង (២២០លានដុល្លារ) ទៅ ៦លាន លានដុង បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ដើម្បីសំរេចគោលដៅនេះ លោក ត្រាន់ ភឿង ប៊ិញ បានបញ្ចុះបញ្ចូលលោក ផាន វ៉ាន់ អាញ់ វូឱ្យទិញភាគហ៊ុនចំនួន៦០លានភាគហ៊ុននៅធនាគារនេះអស់ប្រាក់ចំនួន៦០០ពាន់លានដុង។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា លោកផាន វ៉ាន់ អាញ់ វូបានក្លែងបន្លំកិបកេងលុយចំនួនពី២០០ពាន់លានដុងពីធនគារនេះ ។ លោកវូ បានសារភាពទោសកំហុសនេះប៉ុន្តែ ថា លោកគ្រាន់តែបានធ្វើតាមការណែនាំរបស់លោកត្រាន់ ភឿង ប៊ិញ ប៉ុណ្ណោះ៕

ត្រាំ​ប្រកាស​ជ័យជម្នះ​លើ​ពួក​អាយ​ស៊ី​ស និង​បញ្ជា​ឱ្យ​ដកទ័ព​អាមេរិក​ចេញពី​ស៊ី​រី​ជាបន្ទាន់​

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសកាលពីថ្ងៃពុធទី១៩ធ្នូថា ក្រុមរដ្ឋអ៊ីស្លាមត្រូវបាន “ផ្តួលរំលំ” នៅក្នុងប្រទេសស៊ីរី ខណៈដែលលោកបានបញ្ជាក់ពីបទបញ្ជាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនក្នុងការដកកងកម្លាំងជើងគោករបស់អាមេរិកចេញពីប្រទេសដែលរងគ្រោះដោយសង្គ្រាមនេះ។ ការសម្រេចចិត្តដ៏សំខាន់ដើម្បីដកទ័ពចេញ ដែលផ្ទុយនឹងគោលនយោបាយបង្កើតឡើងយូរមកហើយរបស់អាមេរិកសម្រាប់ស៊ីរីនិងតំបន់នោះ បានធ្វើឱ្យសមាជិកសភា មន្ទីរបញ្ចកោណ និងសម្ព័ន្ធមិត្តអន្តរជាតិស្រឡាំងកាំង។ លោកត្រាំបាននិយាយនៅក្នុងវីដេអូខ្លីមួយដែលបង្ហោះនៅលើ Twitter ថា “យើងបានយកឈ្នះលើពួកអាយស៊ីស។ យើងបានវាយសំពងពួកវា ហើយយើងបានវាយសំពងពួកវាយ៉ាងដំណំ។ យើងបានដណ្តើមយកទឹកដីមកវិញ។ ហើយឥឡូវនេះដល់ពេលដែលកងទ័ពរបស់យើងត្រូវត្រឡប់មកស្រុកវិញហើយ”។ ការដកទ័ពនេះអាចធ្វើឱ្យមានភាពខុសគ្នាខ្លាំងខាងភូមិសាស្ត្រនយោបាយនិងធ្វើជោគវាសនារបស់ក្រុមអ្នកប្រយុទ្ធអម្បូរឃឺដគាំទ្រដោយអាមេរិកដែលប្រយុទ្ធជាមួយពួកអាយស៊ីស ធ្លាក់ក្នុងភាពមិនប្រាកដប្រជា ខណៈក្រុមជីហាដនិយមរបស់រដ្ឋអ៊ីស្លាមរាប់ពាន់នាក់ត្រូវគេគិតថានៅតែមានវត្តមាននៅក្នុងប្រទេសស៊ីរី។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការសម្រេចចិត្តរបស់ត្រាំត្រូវបានធ្វើឡើងរួចរាល់កាលពីថ្ងៃអង្គារទី១៨ធ្នូ។ នៅពេលសួរថាតើនឹងដកទាហានអាមេរិកចេញពីទូទាំងប្រទេសស៊ីរី មន្ត្រីរូបនោះបាននិយាយ “គឺដកចេញទាំងអស់តែម្តង”។ បច្ចុប្បន្ន កងកម្លាំងអាមេរិកប្រមាណ ២.០០០ នាក់កំពុងស្ថិតនៅក្នុងប្រទេសស៊ីរី ដែលភាគច្រើននៃពួកគេកំពុងស្ថិតក្នុងបេសកកម្មបណ្តុះបណ្តាលនិងផ្តល់ដំបូន្មានដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធក្នុងស្រុកដែលកំពុងប្រយុទ្ធទល់នឹងអាយស៊ីស។ ក្រុមមន្ត្រីមន្ទីរបញ្ចកោណហាក់ពិបាករកប្រតិកម្មឆ្លើយតបក្រោយពីលោកត្រាំនិយាយលើ Twitter ថា ពួកអាយស៊ីសត្រូវបាន “ផ្តួលរំលំ”។ អ្នកនាំពាក្យម្នាក់ចុងក្រោយបាននិយាយថា ក្រសួងការពារជាតិបាន “ចាប់ផ្តើមដំណើរការ” នៃការនាំកងទ័ពត្រឡប់មកស្រុកវិញ។ ក្រុមសមាជិកសភាបានវាយប្រហារការសម្រេចចិត្តរបស់ត្រាំ ដោយនិយាយថាវាអាចជំរុញឱ្យរដ្ឋាភិបាលក្រុងអង់ការ៉ាវាយប្រហារលើពួកអ្នកប្រយុទ្ធអម្បូរឃឺដដែលគាំទ្រដោយអាមេរិក។ ព្រឹទ្ធសមាជិករបស់បក្សសាធារណរដ្ឋលោកលីនស៊ី ក្រាហាម ដែលជាសម្ព័ន្ធមិត្តរបស់ត្រាំ បាននិយាយថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីគឺ “មិនឆ្លាតវៃទេ” ហើយបានដាក់ជនជាតិឃឺដឱ្យមាន “គ្រោះថ្នាក់” ខណៈដែលព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យលោក ជែក រីដ បាននិយាយថា វាគឺស្មើទៅនឹង “ការក្បត់” ជនជាតិឃឺដ ដែលផ្តល់ភស្តុតាងបន្ថែមទៀតអំពីអសមត្ថភាពរបស់លោកប្រធានាធិបតីត្រាំក្នុងការដឹកនាំលើឆាកពិភពលោក

អ្នកទេសចរ​ចិន​ទី​១០​លាន​នាក់ មកលេង​ប្រទេស​ថៃ​នៅ​ឆ្នាំនេះ​

នៅពេលដែល លោកស្រី He Wei Xin បានធ្វើដំណើរទៅប្រទេសថៃលោកស្រីមិនដឹងថានាងក្លាយជាភ្ញៀវទេសចរទី ១០លាននាក់ពីប្រទេសចិននៅឆ្នាំនេះទេ។ អ្នកទេសចរចិន ដែលបានមកដល់តាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways មកពីទីក្រុងគុនមីញ ប្រទេសចិន កាលពីថ្ងៃពុធទី១៩ធ្នូ ត្រូវបានទទួលស្វាគមន៍ដោយក្រុមមន្ត្រី បន្ទាប់ពីដើរឆ្លងកាត់កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានសុវណ្ណភូមិ។ លោកស្រីជាអ្នកទេសចរទី១០លាននាក់ដែលមកដល់ប្រទេសថៃនៅឆ្នាំនេះ។ ក្រុមអ្នកទេសចរចិនស្ថិតនៅលើលំដាប់កំពូលនៃបញ្ជីអ្នកទេសចរបរទេសដែលមកដល់ប្រទេសថៃដោយមានអ្នកទេសចរ៨,៣៧លាននាក់ នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ៕

អាមេរិក​លក់​ប្រព័ន្ធ​កាំជ្រួច​Patriot​តំលៃ​៣,៥​ពាន់​លាន​ដុល្លារ​ទៅអោយ​តួ​ក​គី​

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី១៩ធ្នូបាននិយាយថា ខ្លួនបានអនុម័តការលក់កាំជ្រួចតំលៃ៣,៥ពាន់លានដុល្លារទៅអោយតួកគី បន្ទាប់ពីអាមេរិកព្រមានសម្ពន្ធមិត្តអង្គការណាតូនេះអំពីផែនការទិញប្រព័ន្ធកាំជ្រួចប្រជែងមកពីរុស្ស៊ី។ទម្របាញ់កាំជ្រួចPatriot របស់អាមេរិកត្រូវបានដាក់តាំងនៅមូលដ្ឋានយោធាតួកគីនៅហ្កាហ្ស៊ីយ៉ានតេបកាលពីឆ្នាំ២០១៣ក្រោយពីរដ្ឋាភិបាលក្រុងអង់ការ៉ាស្នើសុំជំនួយទល់នឹងកាំជ្រួចមកពីស៊ីរី ការប្រកាសនេះបានកើតឡើងខណៈប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកនឹងដកចេញពីប្រទេសស៊ីរី ជាការសំរេចចិត្តដែលបានធ្វើអោយតួកគីសប្បាយចិត្តខណៈខ្លួនកំពុងវាយប្រយុទ្ធបណ្តេញយុទ្ធជនឃឺតនៅស៊ីរីដែលអាមេរិកគាំទ្រ។ ការទិញលក់កាំជ្រួចតំលៃរាប់ពាន់លាននេះក៏កើតឡើងចំពេលមានព័ត៌មានថាប្រធានាធិបតីអាមេរិកសន្យាពិនិត្យមើលសំណើររបស់សមភាគីតួកគី អំពីការធ្វើបត្យាប័នលោកហ្វេធូឡា ហ្គូឡិន បព្វជិតដ៏មានឥទ្ធិពលម្នាក់រស់នៅរដ្ឋផេនស៊ីនវេនៀ ដែលអាជ្ញាធរតួកគីចោទប្រកាន់ថាជាមេក្លោងនៃរដ្ឋប្រហារមិនបានសំរេចកាលពីឆ្នាំ២០១៦។ ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនបានជូនព័ត៌មានទៅសភាអំពីផែនការលក់ប្រព័ន្ធការពារដែនអាកាសនេះដែលរួមមានកាំជ្រួចPatriot៨០ដើម កាំជ្រួចស្ទាក់កំទេចPAC-3ចំនួន៦០ដើមនិងគ្រឿងបរិក្ខារពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍បាននិយាយថា «ការលក់នេះនឹងបង្កើនសមត្ថភាពការពាររបស់យោធាតួកគីដើម្បីការពារទល់នឹងការឈ្លានពានបង្ករឿងនិងការពារសម្ពន្ធមិត្តណាតូដែលអាចហ្វឹកហាត់ឬធ្វើប្រតិបត្តិការនៅក្នុងព្រំដែនតួកគី»។ សូមរំលឹកថា កាលពីមួយឆ្នាំមុន រដ្ឋាភិបាលក្រុងអង់ការ៉ា បានប្រកាសកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារអាកាសS-400 មកពីរុស្ស៊ី ជាហេតុនាំអោយបណ្តាសម្ពន្ធមិត្តអង្គការណាតូរបស់ខ្លួនរិះគន់។មន្ត្រីអាមេរិកម្នាក់បាននិយាយថា តួកគីធ្វើអោយប៉ះពាល់កម្មវិធីយោធាអាមេរិក គឺយន្តហោះបំបាំងកាយធុន F-35បើតួកគីនៅតែបន្តទិញS-400 ហើយអាចប្រឈមនឹងទណ្ឌកម្មនៅក្រោមច្បាប់អាមេរិក៕

គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់​អនុម័ត​ផែនការ​ពង្រីក​ទិដ្ឋាការ​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ​

គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បានអនុម័តផែនការមួយដើម្បីពង្រីកប្រព័ន្ធទិដ្ឋាការ ដោយអនុញ្ញាតឱ្យប្រជាជនមកពីខាងក្រៅសហភាពអឺរ៉ុបស្វែងរកការងារធ្វើ ខណៈដែលខ្លួនព្យាយាមដោះស្រាយកង្វះកម្មករជំនាញ។ ក្រុមរដ្ឋមន្ត្រីក៏បានអនុម័តកាលពីថ្ងៃពុធទី១៩ធ្នូនូវផែនការមួយដើម្បីដោះស្រាយស្ថានភាពរបស់ជនសុំសិទ្ធិជ្រកកោនដែលបានស្វែងរកការងាររយៈពេលវែងនៅប្រទេសអាល្លឺម៉ង់និងត្រូវបានធ្វើសមាហរណកម្មយ៉ាងល្អ។ ទិដ្ឋាការមានរយៈពេលកំណត់ដែលបច្ចុប្បន្នអាចរកបានសម្រាប់តែនិស្សិតបញ្ចប់ការសិក្សា នឹងត្រូវបានពង្រីកដល់ជនអន្តោប្រវេសន៍ដែលមានជំនាញវិជ្ជាជីវៈនិងចំណេះដឹងផ្នែកភាសាអាល្លឺម៉ង់។ រដ្ឋមន្ត្រីក្រសួងការងារលោកហ៊ូបឺធូស ហៀល បាននិយាយថា គោលបំណងសំខាន់គឺឱ្យប្រព័ន្ធដែលពួករដ្ឋមន្ត្រីបានព្រមព្រៀងជាគោលការណ៍កាលពីខែតុលា ចូលជាធរមាននៅដើមឆ្នាំ២០២០។ ដូចបណ្តាប្រទេសអឺរ៉ុបដទៃទៀតដែរ អាល្លឺម៉ង់កំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងតម្រូវការទីផ្សារការងាររបស់ខ្លួនដែលសម្បូរមនុស្សចាស់ និងការព្រួយបារម្ភអំពីអន្តោប្រវេសន៍៕

 

 

ជនជាតិ​កាណាដា​ទី​៣​ត្រូវ​ចាប់ខ្លួន​នៅ​ចិន​តែ​ទំនងជា​មិន​ពាក់ព័ន្ធ​២​ករណី​មុន

នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រុយដូ ក៏បាននិយាយថា លោកមិនចង់បង្កើនជម្លោះបែកបាក់ដែលបង្កឡើងពីការចាប់ខ្លួនមន្ត្រីក្រុមហ៊ុនចិននេះទេ។ ចិនបានចាប់ខ្លួនជនជាតិកាណាដា២នាក់ដោយស្ងាត់ៗដោយសារសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន នៅ៩ថ្ងៃក្រោយការចាប់ឃាត់ខ្លួននាយកក្រុមហ៊ុនចិន។ រដ្ឋាភិបាលក្រុងប៉េកាំងមិនអនុញ្ញាតអោយមន្ត្រីកាណាដាចូលជួបលោកមីសែល កូវរិក អតីតមន្ត្រីការទូតកាណាដាប្រចាំចិនអស់ពេល៤ថ្ងៃ និងសហគ្រិនជនជាតិកាណាដាលោកមីសែល ស្ប៉ាវ័រ អស់ពេល៦ថ្ងៃ។តែការចាប់ឃាត់ខ្លួនជនជាតិកាណាដាទី៣ទំនងជាមិនដូច២ករណីមុនទេដោយមិនស្ថិតក្នុងបញ្ជីចោទប្រកាន់អំពីសន្តិសុខ តែអាចជាបញ្ហាទិដ្ឋាការ នេះបើតាមលោកទ្រុយដូ ដែលថា«មានជនជាតិកាណាដារាប់ពាន់នាក់ដែលរស់នៅនិងធ្វើដំណើរនិងធ្វើការនៅចិន»។ នៅពេលត្រូវបានសួរថាតើដល់កំរិតណាទើបលោកបញ្ជូនការព្រួយបារម្ភទៅកាន់ប្រធានាធិបតីចិន លោកទ្រុយដូបាននិយាយថាមិនទាន់មានភាពចាំបាច់ត្រូវបញ្ជាក់ជំហរនយោបាយឬធ្វើសេចក្តីថ្លែងការណ៍ដើម្បីជួយជនដែលត្រូវចាប់ខ្លួនទាំងនេះទេ។«ការបង្កើនជម្លោះនិងសេចក្តីថ្លែងការណ៍នយោបាយអាចគ្រាន់តែបង្កអំពើមិនស្ថាបនា។វាមិននាំមកលទ្ធផលដូចយើងចង់បានទេ»។ តែមេដឹកនាំប្រឆាំងលោក អ៊ែនឌ្រូ សៀ បាននិយាយថា លោកទ្រុយដូ ចាំបាច់ត្រូវទូរស័ព្ទជួបប្រធានាធិបតីចិន។លោកថា«វាល្មមគ្រប់គ្រាន់ហើយសំរាប់នាយករដ្ឋមន្ត្រីលើកទូរស័ព្ទ ហៅប្រធានាធិបតីស៊ី ទាមទារប្រគល់សុវត្ថិភាពដល់ជនជាតិកាណាដាដែលចិនចាប់ខ្លួន។ការចាប់ឃាត់ខ្លួនជនជាតិកាណាដាណាម្នាក់ដោយហេតុផលនយោបាយឬការទូត ជាការមិនអាចទទួលយកបាន»។ ចំណែកលោកណែលសុន វ៉ាយមែន សាស្ត្រាចារ្យនៅសកលវិទ្យាល័យTorontoបាននិយាយថាលោកទ្រុយដូមើលទៅខ្សោយនិងសម្តីរបស់លោកជនជាតិកាណាដាមិនអាចទទួលយកបានឡើយ៕

ស្រ្តីយ៉េមែនម្នាក់ ចង់ជួបមុខកូនប្រុសជិតស្លាប់ជាលើកចុងក្រោយ តែត្រូវជាប់បម្រាមចូលក្នុងសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ស្រី្តជាជនជាតិយ៉ែមែនម្នាក់ត្រូវបានហាមឃាត់ចូលក្នុងទឹកដីអាមេរិក ដើម្បីជួបមុខកូនប្រុសរបស់ខ្លួនជាលើកចុងក្រោយដែលកំពុងឈឺធ្ងន់ក្នុងដំណាក់កាលចុងក្រោយនៃជីវិត ដោយសារតែបម្រាមចូលសហរដ្ឋអាមេរិកនៃលោក ប្រធានាធិបតីដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ក្មេងប្រុសខាលើមានអាយុ២ឆ្នាំ ឈ្មោះ Abdullah Hassan កើតមកមានជំងឺខួរក្បាលធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រូពេទ្យនិយាយថារូបគេមិនអាចបន្តរស់នៅទៀតបានទេ។ ចំណែកឯ ក្រុមគ្រួសារក្មេងប្រុសរូបនេះក៏បានឱ្យដឹងដែរថាម្ដាយរបស់គាត់ចង់ឃើញកូនប្រុសជាលើកចុងក្រោយ។ ប៉ុន្តែលោកស្រីមិនអាចចូលក្នុងសហរដ្ឋអាមេរិកបានឡើយ ដោយសារតែបម្រាមចូលសហរដ្ឋអាមេរិកនៃរដ្ឋបាលលោក ត្រាំ លើប្រជាជនមកពីប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ វេណេស៊ុយអេឡា លីប៊ី សូម៉ាលី និងយ៉េមែន។

គួរបញ្ជាក់ថា ក្មេងប្រុស Abdullah និងឪពុកឈ្មោះ Hassan គឺជាជនជាតិអាមេរិក ហើយកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា រីឯម្ដាយជាជនជាតិយ៉េមែនឈ្មោះ Shaima Swileh កំពុងស្វះស្វែងទទួលបានការលើកលែងពីក្រសួងការបរទេសអាមេរិក ដើម្បីអាចធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកជាបន្ទាន់៕