Social Network

អនុ​ប្រធានាធិបតី​អាមេរិក​ទៅដល់​ជប៉ុន​ដើម្បី​បង្កើន​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​

ជប៉ុន ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ៃ ផេន (Mike Pence) បានធ្វើដំណើរទៅដល់ប្រទេសជប៉ុននៅថ្ងៃពុធម្សិលមិញនេះជាផ្នែកមួយនៅក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី ខណៈដែលដំណើរបំពេញទស្សនកិច្ចរបស់លោកនឹងបង្កើនការដាក់សម្ពាធឲ្យកាន់តែខ្លាំងទៅលើប្រទេសកូរ៉េខាងជើងទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកុម្មុនិស្ដឯកោមួយនេះ។ នៅក្នុងប្រទេសជប៉ុន លោក ផេន បានចូលរួមនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនស្ដីពីប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសជប៉ុន ព្រមទាំងបានត្រួតពិនិត្យមើលការបង្ហាញពីសម្ភារៈយោធាដែលរួមមានទាំងប្រព័ន្ធបាញ់ស្ទាក់មីស៊ីលផងដែរ។ លោក ផេន ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដើម្បីបង្ហាញពីសាមគ្គីភាពទៅដល់ប្រទេសជប៉ុនចំពេលមានការគំរាមកំហែងពីសំណាក់ប្រទេសកូរ៉េខាងជើង។ លោក ផេន នឹងចាកចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ហើយលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) និងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅយប់ថ្ងៃសុក្រ៕