Social Network

បាត់​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​រក​មិនឃើញ​បាញ់សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន

បាងកក ៖ បុរសមិនអាចទ្រាំរស់នៅទាំងអារម្មណ៍ជិតក្លាយជាអ្នកមានបែរជានៅក្រដដែលក៏ទាញកាំភ្លើងបាញ់ចំក្បាលខ្លួនបញ្ចប់ជីវិត បន្ទាប់ពីសន្លឹកឆ្នោតដែលត្រូវរង្វាន់ដល់ទៅជិត២លានដុល្លារ បានបាត់យ៉ាងអាថ៌កំបាំង។ នេះបើយោងតាមកាសែតដេលីមែល។ លោក ជីរ៉ាវុធ ពង់ផាន (Jirawut Pongphan) អាយុ៤២ឆ្នាំ មកពីខេត្តឈុនបុរី នៅភាគខាងកើតប្រទេសថៃមានសន្លឹកឆ្នោត៧សន្លឹកជាមួយលេខឈ្នះរង្វាន់ចំនួន៤២លានបាត (១,៧ លានដុល្លារ) ហើយគិតថា ជីវិតរបស់គាត់បានផ្លាស់ប្តូរល្អប្រសើរឡើងជារៀងរហូតជាមួយនឹងលុយរង្វាន់ដ៏ច្រើននេះ។ ប៉ុន្តែក្តីរំភើបរបស់គាត់មានរយៈពេលខ្លីប៉ុណ្ណោះ នៅពេលគាត់ភ្ញាក់ឡើងនៅថ្ងៃបន្ទាប់ស្រាប់តែបាត់សន្លឹកឆ្នោតអស់រលីង។ លោក ពង់ផាន បានបន្សល់លិខិតបណ្តាំអត្តឃាតដែលសរសេរថា “ខ្ញុំពិតជាសោកស្តាយណាស់ សូមកុំធ្វើបាបក្រុមគ្រួសារខ្ញុំ។ ខ្ញុំពិតជាឈ្នះឆ្នោតមែន”៕