Social Network

អាមេរិក​បាញ់​បង្ហោះ​រ៉ុក្កែត​ថាមពល​ខ្លាំង​បំផុត​របស់​ពិភពលោក​ទៅកាន់​តារាវិថី​ដោយ​ជោគជ័យ​

អាមេរិក ៖ រ៉ុក្កែតដ៏ធំ និងមានថាមពលខ្លាំងបំផុតថ្មីមួយរបស់ក្រុមហ៊ុនផលិតរ៉ុក្កែតស្ពេសអិក្ស (SpaceX) ត្រូវបានបាញ់បង្ហោះសាកល្បងដោយជោគជ័យចូលទៅក្នុងគន្លងតារាវិថីដោយនាំយកទៅជាមួយនូវរថយន្តដើរដោយថាមពលអគ្គិសនីមួយគ្រឿងពណ៌ក្រហមរបស់ក្រុមហ៊ុនថេសឡា (Tesla)។ រ៉ុក្កែតប្រភេទថ្មីនោះដែលមានឈ្មោះថាហ្វាលខុន ហេវី (Falcon Heavy) ត្រូវបានបាញ់ចេញពីស្ថានីយ៍បាញ់បង្ហោះរ៉ុក្កែតខេណឺឌី (Kennedy) ក្នុងរដ្ឋផ្លរីដាជាកន្លែងដែលអង្គការណាសា (NASA) បានបាញ់បង្ហោះផ្កាយរណបបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទ្រកាលពីជិត៥០ឆ្នាំមុន។ យោងតាមក្រុមហ៊ុនផលិតរ៉ុក្កែតស្ពេសអិក្ស (SpaceX) រ៉ុក្កែតថ្មីនេះគឺជារ៉ុក្កែតដែលមានថាមពលខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្នដោយវាអាចធ្វើដំណើរបានឆ្ងាយជាងមុន និងអាចផ្ទុកទំនិញបានរហូតដល់ទៅ៦០តោនចូលទៅក្នុងតារាវិថី។ ការបាញ់បង្ហោះរ៉ុក្កែតប្រភេទថ្មីនេះដោយជោគជ័យចូលទៅក្នុងតារាវិថីគឺជារបត់ថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិជ្ជាផ្នែកអវកាសស្ពេសអិក្ស (SpaceX) របស់លោក អ៊ីឡន ម៉ាស់ (Elon Musk) ដែលមហិច្ឆតាបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ (Mars) នាប៉ុន្មានឆ្នាំខាងមុខទៀត៕