Social Network

មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​រអិល​បាក់​ដី​នៅ​បូ​លី​វី​

បូលីវី ៖ អាជ្ញាធរនៅក្នុងប្រទេសបូលីវីបាននិយាយថា មនុស្សយ៉ាងតិច២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានបាត់ខ្លួននៅក្នុងគ្រោះថ្នាក់រអិលបាក់ដីមួយកន្លែងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានបណ្ដាលឲ្យទឹកទន្លេឡើងខ្ពស់ផុតច្រាំង។ អភិបាលខេត្ត ខូឆាបាំបា (Cochabamba) បាននិយាយថា ក្មេងប្រុសវ័យ១២ឆ្នាំម្នាក់ និងកុមារម្នាក់ទៀតត្រូវបានប្រទះឃើញបាត់បង់ជីវិតកាលពីថ្ងៃពុធ។ ទឹកទន្លេ ថាគ្វីណា (Taquina) ដែលបានឡើងខ្ពស់ផុតច្រាំងនាពេលយប់នៅក្នុងភាគកណ្ដាលប្រទេសបូលីវីបានប៉ះពាល់ទៅដល់សហគមន៍មួយកន្លែងចម្ងាយប្រមាណ២៥០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានី ឡាប៉ាស់ (La Paz)។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសបូលីវីបានបង្ហាញពីរូបភាពលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែងដែលត្រូវបានទឹកជន់លិច និងរថយន្តដែលកំពុងអណ្ដែតនៅតាមដងផ្លូវដែលជន់លិចដោយល្បាប់ភក់ដ៏ក្រាស់។ ប្រធានាធិបតីប្រទេសបូលីវី លោក អ៊ីវ៉ូ ម៉ូរ៉ាឡេស (Evo Morales) បានប្រកាសដាក់តំបន់ជាច្រើនដែលរងគ្រោះខ្លាំងបំផុតដោយភ្លៀងធ្លាក់ខ្លាំងក្នុងគ្រាអាសន្នកាលពីថ្ងៃពុធ ខណៈដែលទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋកំពុងតែត្រៀមបញ្ចេញប្រាក់ដើម្បីជួយទៅដល់គ្រួសារជាង៦ពាន់ដែលទទួលរងផលប៉ះពាល់៕