Social Network

លោក ថាក់ស៊ីន និង​ប្អូនស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មាន​វត្ត​មាននៅ​ចិន​

ប៉េកាំង ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និងប្អូនស្រី អ្នកស្រី Yingluk Shinawatra ត្រូវបានគេឃើញនៅប៉េកាំងប្រទេសចិន ត្រៀមស្វាគមន៍ចូលឆ្នាំចិន។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post។ Pactangtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra កាលពីថ្ងៃទី ១០ កុម្ភៈ បានបង្ហោះផ្សាយរូបភាពលោកថាក់ស៊ីន កំពុងឈរក្បែរនិមិត្តរូបឆ្នាំថ្មី ហើយក្មេងតូចនិមិត្តរូប ២នេះ ស្លៀកសម្លៀកបំពាក់ប្រពៃណីចិន ឡើងបណ្តាញសង្គម។ អមជាមួយរូបភាពនេះ នៅមានសារ១សរសេរថា “ពីប៉េកាំង ខ្ញុំផ្ញើសារជូនពរឆ្នាំថ្មី បុណ្យប្រពៃណីចិនដល់ពលរដ្ឋថៃទាំងមូល”។ អ្នកនាំពាក្យប៉ូលិសថៃ លោក Weerachai Songmetta បានថ្លែងថា សមត្ថកិច្ចពុំទាន់មានព័ត៌មានផ្លូវការពីកន្លែងស្នាក់នៅរបស់អ្នកស្រីយីងឡាក់ទេ។ ទោះបីយ៉ាងណាថៃពុំអាចបញ្ជូនបទបញ្ជាតាមចាប់ខ្លួនទៅកាន់ប៉ូលិសអន្តរជាតិ ព្រោះតែអតីតនាយករដ្ឋមន្ត្រីរូបនេះ ចលនាប្តូរទីកន្លែងជាបន្តបន្ទាប់។ Interpol ទាមទារឲ្យមានអាសយដ្ឋានជាក់លាក់មុនពេលគេអនុវត្តមុខងារ។ សូមបញ្ជាក់ថា លោកថាក់ស៊ីន ត្រូវរស់នៅនិរទេសពីឆ្នាំ ២០០៨ ដើម្បីបញ្ចៀសពីសាលក្រមជាប់ពន្ធនាគារ ២ឆ្នាំ រីឯអ្នកស្រីយីងឡាក់ ក៏និរទេសគេចចេញពីសាលក្រមជាប់ពន្ធនាគារ ៥ឆ្នាំផងដែរ៕