Social Network

យន្តហោះ​ផ្ទុក​មនុស្ស​៧១​នាក់​ធ្លា​ក់នៅ​ជិត​ទីក្រុង​ម៉ូស្គូ អ្នកជិះ​នៅលើ​នោះ​ស្លាប់​ទាំងអស់​

រុស្ស៊ី ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលផ្ទុកដោយមនុស្សចំនួន៧១នាក់បានធ្លាក់នៅក្នុងប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សជិះនៅលើនោះស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួរ។ អាជ្ញាធរអាកាសចរណ៍រុស្ស៊ី (Rosaviatsia) បានបញ្ជាក់ថា យន្តហោះ ប្រភេទ AN-148 បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo នៅវេលាម៉ោង២ និង២១នាទីល្ងាច ហើយបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាភ្លាមៗ ក្រោយពីហោះឡើងបានបន្តិច។ យន្តហោះដែលធ្លាក់មានជើងហោះហើរលេខ៧០៣ ដែលប្រតិបត្តិដោយក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី នៅពេលដែលវាបានធ្លាក់ក្បែរជិតភូមិ Argunovo មានចម្ងាយជាង៨០គីឡូម៉ែត្រ ភាគខាងត្បូង ឆៀងខាងលិចទីក្រុង Moscow។ ក្រុមជួយសង្គ្រោះបាននិយាយថា បំណែកយន្តហោះ និងសាកសពមនុស្សជាច្រើនត្រូវបានគេរកឃើញនៅជិតភូមិ Stepanovskoe ក្បែរទីក្រុងម៉ូស្គូ ។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបង្ហាញសម្តែងសមានចិត្តរំលែកទុក្ខ និងបានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរបស់លោក បង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សទាំងអស់៧១នាក់ ជិះនៅលើយន្តហោះនោះ៕