Social Network

រកឃើញ​គ្រាប់បែក​សម័យ​សង្គ្រាមលោក​ទី​២​មិនទាន់​ផ្ទុះ​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ឡុង​ដ៍

អង់គ្លេស ៖ អាកាសយានដ្ឋាននៅទីក្រុងឡុងដ៍កាលពីថ្ងៃទី១១ កុម្ភៈត្រូវបានបិទផ្អាកដំណើរការក្រោយពីគ្រាប់បែកសម័យសង្គ្រាមលោកទី២ មិនទាន់ផ្ទុះមួយគ្រាប់ត្រូវបានគេរកឃើញ ក្នុងទន្លេ Thames River ដែលស្ថិតនៅក្បែរអាកាសយានដ្ឋាននោះ។ តំបន់រង្វង់២១៤ម៉ែត្រ ត្រូវប៉ូលិសហាមមិនឱ្យមានមនុស្សចេញ-ចូលជាការប្រុងប្រយ័ត្ន រួចព្រលានយន្តហោះឡុងដ៍-ស៊ីធីត្រូវបិទបណ្តោះអាសន្ន ។ ក្នុងសេចក្តីប្រកាសមួយព្រលានយន្តហោះនេះឱ្យដឹងថា បណ្តាអ្នកដំណើរស្នើទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ហើយចៀសវាងកុំទៅកាន់ព្រលានយន្តហោះនេះ ។ គ្រាប់បែកមិនទាន់ផ្ទុះនេះត្រូវបានគេរឃើញ ក្នុងអំឡុងដំណើរការអភិវឌ្ឍន៍តាមគម្រោង នៅចំណតផែ King George V ហើយក្រោយពីរកឃើញគ្រាប់បែកនេះ។ ក្នុងពេលបច្ចុប្បន្ននេះ ប៉ូលិសកំពុងតែធ្វើការងារ ជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីផ្តល់ទីស្នាក់នៅបណ្ដោះអាសន្ន និងការផ្គត់ផ្គង់ដ៏សមស្រប ដល់ប្រជាពលរដ្ឋ ចំណែកកងទ័ពជើងទឹកអង់គ្លេស តាមសេចក្តីរាយការណ៍ កំពុងសហការជាមួយប៉ូលិស ដើម្បីយកគ្រាប់បែកនោះ ចេញពីទីតាំងរបស់វា។ គ្រាប់បែកច្រើនពាន់គ្រាប់ត្រូវបានទម្លាក់លើទីក្រុងឡុងដ៍ ដោយកងទ័ពអាកាសអាល្លឺម៉ង់រវាងខែកញ្ញា ឆ្នាំ១៩៤០ និងខែឧសភា ឆ្នាំ១៩៤១៕