Social Network

ពិតជា​ក្តៅគគុក! អ៊ីស្រាអែល​​បាញ់ស្រោច​​មីស៊ីលលើ​​ទីក្រុង​ដាម៉ាស់ តែត្រូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស ​ហោះទៅ​បាញ់កម្ទេច​​ម្តង​​មួយៗ...

(ដាម៉ាស់)៖ សំឡេងយ៉ាងកងរំពងនៃការផ្ទុះ និងចេញពីប្រព័ន្ធការពារដែនអាកាស ត្រូវគេលឺនៅក្នុងរដ្ឋធានីដាម៉ាស់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយយោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋស៊ីរី SANA ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ កំពុងធ្វើការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល ពីសំណាក់ប្រទេសអ៊ីស្រាអែល។ នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។ ស្នូរសំឡេងខាងលើ អាចស្តាប់លឺយ៉ាងច្បាស់នៅក្នុងទីក្រុងដាម៉ាស់ ហើយអ្នកព័ត៌មានរបស់ ស៊ីនហួរ ម្នាក់បានមើលប្រព័ន្ធការពារមីស៊ីល កំពុងត្រូវគេបានចេញពីរដ្ឋធានីប្រទេសស៊ីរី។ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីលបាននិងកំពុងបាញ់កម្ទេចមីស៊ីលអ៊ីស្រាអែលម្តងមួយៗ ខណៈសំឡេងលឺសូរខ្លាំងៗបំផុតនោះ គឺនៅម្តុំតំបន់ ម៉ាសហ្សេហ៍ (Mazzeh) ភាគខាងលិចរដ្ឋធានីដាម៉ាស់។ គួរជម្រាបថា ភាពតានតឹងស៊ីរី-អ៊ីស្រាអែល បានកើនឡើងខ្លាំងតាំងតែពីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងដាម៉ាស់) នៅពេលដែលអ៊ីស្រាអែលបានបាញ់គ្រាប់រ៉ុក្កែតមកលើទីតាំងយោធារបស់ស៊ីរី នៅខេត្ត គូណៃទែរ៉ា (Qunaitera) ភាគខាងត្បូងប្រទេស ហើយក្រោយមកទៀតគ្រាប់មីស៊ីល ក៏បានហោះស្រោចទៅលើទីតាំងយោធា ដែលស្ថិតក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែលវិញដែលគេជឿជាក់ថា ជាការឆ្លើយតបរបស់ស៊ីរី ប៉ុន្តែអ៊ីស្រាអែលបានចោទថា ជាទង្វើរបស់កងកម្លាំងអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅស៊ីរីស្រាប់៕