Social Network

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី លោក Mahathir ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ

ម៉ាឡេស៊ី ៖ លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ីជាផ្លូវការនៅវិមានអ៊ីស្តាណា ណេហ្គារ៉ា (Istana Negara) កាលយប់ថ្ងៃព្រហស្បត្តិ៍។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។ ការស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីវ័យ៩២ឆ្នាំរូបនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេលវេលា និងភាពមិនច្បាស់លាស់ ដោយអ្នកនាំពាក្យ ព្រះបរមរាជវាំងម៉ាឡេស៊ី បានបញ្ជាក់ពីពេលមុននេះថា លោក មហាធា នឹងមិនអាចស្បថចូលកាន់តំណែង នៅថ្ងៃព្រហស្បតិ៍នេះបានទេ ប៉ុន្តែពេលនេះអ្វីៗនៅតែអាចប្រព្រឹត្តទៅបាន តាមការអះអាងរបស់នាយករដ្ឋមន្ត្រីថ្មី ដែលមានវ័យចាស់ជាងគេបំផុតលើលោករូបនេះ។ សូមជម្រាបថា ក្រុមចម្រុះ The Pakatan Harapan ដឹកនាំដោយលោក មហាធា បានទទួលបានជោគជ័យយ៉ាងខ្លាំងនៅពេលប្រកាសលទ្ធផលផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលខ្លួនបានឈ្នះអាសនៈចំនួន១១៣ ដែលគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្នុងការដឹកនាំប្រទេសម៉ាឡេស៊ី ដោយផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់៕