Social Network

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង «ស្ងប់ស្ងាត់» ដោយ​មិន​ផ្សាយ​អ្វីសោះរឿង​គម្រោងជួបគ្នា​​រវាង​លោក គីម ជុងអ៊ុន និង​​លោក ដូណាល់ ត្រាំ

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះនៅតែបន្តរក្សាភាពស្ងាប់ស្ងាត់ ទាក់ទិងនឹងកាលបរិច្ឆេទ ព្រមទាំងទីតាំងរៀបចំជំនួបកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើង បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសរួចហើយពីថ្ងៃខែ និងកន្លែងត្រូវជួបលោក គីម ជុងអ៊ុន ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។ កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាថ្មី ដោយលោកប្រកាសថា លោកនឹងជួបជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី។ «យើងទាំងពីរនឹងព្យាយាមបង្កើតបរិយាកាស ដ៏ពិសេសមួយដើម្បីសន្តិភាពពិភពលោក»។ នេះជាការលើកឡើងរបស់លោក ត្រាំ នៅលើ Twitter ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា យកទៅចុះផ្សាយបន្តយ៉ាងផុលផុស។ ប៉ុន្តែក្នុងប្រទេសកូរ៉េខាងជើងឯណោះវិញ កុំថាឡើយមន្រ្តីកូរ៉េខាងជើង សូម្បីតែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏មិនបានប្រតិកម្ម ឬទទួលស្គាល់ ចំពោះជំនួបរវាងលោក គីម និងលោក ត្រាំ ដែលពិតជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី ឬក៏យ៉ាងណានោះទេ ខណៈលោក ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ត្រូវត្រូវបានគេរាយការណ៍ថា នឹងជួបគ្នាក្នុងជំនួបមួយនៅថ្ងៃទី២២ ខែឧសភានេះ។ យ៉ាងណាក៏ដោយ ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo ត្រឡប់មកពីបំពេញដំណើរទស្សនកិច្ចជាសំងាត់ជាលើកទីពីរ នៅកូរ៉េខាងជើង ដោយនាំមកជាមួយ ពលរដ្ឋអាមេរិកបីនាក់ដែលអាជ្ញាធរក្រុងព្យុងយ៉ាង ចាប់ឃុំខ្លួនអស់រយៈពេលជាច្រើនខែផងដែរ៕