Social Network

អាមេរិក​សន្យា​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្លាយជា​ប្រទេស​អ្នកមាន បើ​ព្រម​បោះបង់​..

អាមេរិក ៖ សហរដ្ឋអាមេរិកបានសន្យាកាលពីកាលពីចុងសប្តាហ៍កន្លងទៅនេះថា ខ្លួននឹងធ្វើការស្តារសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងឡើងវិញប្រសិនបើរបបលោក គីម ជុងអ៊ុន ព្រមព្រៀងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការសន្យារបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានធ្វើឡើងខណៈដែលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញពីសុទិដ្ឋិនិយមកាន់តែខ្លាំងមុនកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនា រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងលោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Pompeo ដែលបានធ្វើកិច្ចចរចាជាមួយមេដឹកនាំវ័យក្មេងរបស់ក្រុងព្យុងយ៉ាងកាលពីចុងសប្តាហ៍បាននិយាយថា “យើងមានការយល់ដឹងដ៏ល្អរវាងប្រទេសរបស់យើងទាំងពីរអំពីអ្វីដែលជាគោលដៅរួម”។ លោកបាននិយាយបែបនេះបន្ទាប់ពីកិច្ចចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha ដើម្បីសម្របសម្រួលអំពីការរៀបចំរបស់ទីក្រុងវ៉ាស៊ីនតោននិងក្រុងសេអ៊ូលសម្រាប់ការជួបប្រជុំជាប្រវត្តិសាស្ត្រ។ លោក ត្រាំ និងប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នឹងជួបប្រជុំនៅថ្ងៃទី២២ខែឧសភានៅសេតវិមានសម្រាប់ការធ្វើផែនការបន្ទាប់។លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េខាងជើងដែលសេដ្ឋកិច្ចនេះត្រូវបានបំផ្លិចបំផ្លាញដោយការគ្រប់គ្រងខុសឆ្គងរបស់ខ្លួនដោយផ្ទាល់និងការដាក់ទណ្ឌកម្មពីអន្តរជាតិ។ លោកបាននិយាយថា “ប្រសិនបើកូរ៉េខាងជើងចាត់វិធានការតឹងរ៉ឹងដើម្បីលប់បំបាត់នុយក្លេអ៊ែរយ៉ាងឆាប់រហ័សនោះ សហរដ្ឋអាមេរិកនឹងត្រៀមខ្លួនធ្វើការជាមួយកូរ៉េខាងជើងដើម្បីសម្រេចឲ្យបាននូវភាពរុងរឿងដូចគ្នាទៅនឹងមិត្តភក្តិកូរ៉េខាងត្បូងរបស់យើងដែរ”។ ចាប់តាំងពីបទឈប់បាញ់ឆ្នាំ១៩៥៣បានបញ្ចប់ការធ្វើសង្គ្រាមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងមក, កូរ៉េខាងត្បូងបានងើបចេញពីការបំផ្លិចបំផ្លាញដើម្បីក្លាយទៅជាប្រទេសសេដ្ឋកិច្ចឈានមុខគេមួយនៅក្នុងពិភពលោក។ប៉ុន្តែកូរ៉េខាងជើងនៅតែជារដ្ឋឯកោបំផុតមួយក្នុងពិភពលោកហើយសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានរងការវាយប្រហារបន្ថែមទៀតដោយយុទ្ធនាការ “បង្ខិតបង្ខំអតិបរមា” ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ លោក Pompeo បានជិះយន្តហោះទៅទីក្រុងព្យុងយ៉ាងដើម្បីធ្វើការចរចានិងដោះលែងជនជាប់ឃុំអាមេរិកចំនួនបីនាក់ហើយពេលនេះ កិច្ចប្រជុំកំពូលមួយត្រូវបានកំណត់យកថ្ងៃទី១២ខែមិថុនានៅក្នុងប្រទេសសិង្ហបុរី៕