Social Network

អ៊ីរ៉ង់​ងាក​ទៅរក​ផ្នែក​ការទូត​ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

អ៊ីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នឹងចាប់ផ្តើមដំណើរទស្សនកិច្ចការទូតមួយដើម្បីព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរចំពេលមានភាពតានតឹងខ្ពស់បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកនិងភាពភ័យខ្លាចជាសកលជុំវិញរបាយការណ៍នៃការប៉ះទង្គិចមិនធ្លាប់មានពីមុនជាមួយអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី។ អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា លោក Mohammad Javad Zarif នឹងចាកចេញនៅល្ងាចថ្ងៃសៅរ៍សម្រាប់ដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំង មូស្គូនិងប្រ៊ុសសែលហើយរៀបចំកិច្ចប្រជុំជាមួយភាគីនៅសល់ទាំង៥នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ប្រទេសអ៊ីរ៉ង់បានបង្ហាញខ្លួនថាមិនចង់ចូលក្នុងជម្លោះក្នុងតំបន់កាន់តែទូលំទូលាយជាមួយអ៊ីស្រាអែលទេក្នុងអំឡុងពេលនៃការចរចាដ៏រសើបថ្វីបើមានការអះអាងរបស់អ៊ីស្រាអ៊ែលថា ខ្លួនបានវាយប្រហារគោលដៅអ៊ីរ៉ង់ជាច្រើននៅក្នុងប្រទេសស៊ីរីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ក៏ដោយ។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនោះគឺដើម្បីឆ្លើយតបទៅនឹងមីស៊ីលដែលបាញ់ចេញពីភាគខាងត្បូងប្រទេសស៊ីរីដោយកងកម្លាំង Quds របស់អ៊ីរ៉ង់ដែលបានវាយប្រហារចំតំបន់ Golan Heights ប៉ុន្តែមិនបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសទេ។ប៉ុន្តែអ៊ីរ៉ង់បានបដិសេដយ៉ាងខ្លាំងចំពោះការលើកឡើងរបស់អ៊ីស្រាអែលដោយនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានអនុវត្តដោយប្រើ “លេសខុសឆ្គង”។ អ្នកនាំពាក្យក្រសួងការបរទេសលោក Bahram Ghasemi បាននិយាយថា “ការវាយប្រហារម្តងហើយម្តងទៀតដោយរបប Zionist នៅលើទឹកដីស៊ីរីគឺត្រូវបានអនុវត្តក្រោមលេសដែលត្រូវបានបង្កើតឡើងដោយខ្លួនឯងហើយគ្មានមូលដ្ឋានគ្រឹះ”។ គួរបញ្ជាក់ថា លោក Zarif នឹងធ្វើកិច្ចចរចាជាមួយភាគីផ្សេងទៀតក្នុងកិច្ចព្រមព្រៀងនេះដោយលើកដំបូងនៅទីក្រុងប៉េកាំងនិងមូស្គូហើយបន្ទាប់មកជាមួយសមភាគីរបស់លោកមកពីចក្រភាពអង់គ្លេស បារាំងនិងអាល្លឺម៉ង់ក្នុងទីក្រុងប្រ៊ុសសែលនៅថ្ងៃអង្គារ។ ភាគីទាំង៥បានថ្កោលទោសទង្វើរបស់លោក Trump ដែលដើរចេញពីកិច្ចព្រមព្រៀងនេះនិងដាក់ដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាថ្មីប៉ុន្ដែក្រុមហ៊ុនអឺរ៉ុបគឺនឹងងាយរងសម្ពាធសេដ្ឋកិច្ចពីទីក្រុងវ៉ាស៊ីនតោន៕