Social Network

១៣​នាក់​ស្លាប់ ៤១​របួស​ក្នុង​ការផ្ទុះ​គ្រាប់បែក​នៅ​តាម​ព្រះវិហារ​នៅ​ឥណ្ឌូនេស៊ី​

ប៉ូលិសបាននិយាយថា ជនវាយប្រហារដោយគ្រាប់បែកអត្តឃាតដោយជិះម៉ូតូ និងរួមមានស្រ្តីម្នាក់ជាមួយកូនៗរបស់នាង បានផ្តោតការវាយប្រហារលើហ្វូងមនុស្សនៅព្រះវិហារចំនួន៣នៅក្នុងទីក្រុងធំបំផុតទី២របស់ប្រទេសកាលពីថ្ងៃអាទិត្យទី១៣ឧសភា ដោយបានសម្លាប់មនុស្ស១៣នាក់និងរបួស៤១នាក់។ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់នេះ។ ការវាយប្រហារទី១កើតឡើងនៅព្រះវិហារកាតូលិកSanta Maria Roman Catholic Churchនៅក្រុងស៊ូរ៉ាបាយ៉ា ដោយសម្លាប់មនុស្ស៤នាក់ រួមមានជនវាយប្រហារដោយគ្រាប់បែកម្នាក់ឬពីរនាក់។ ប៉ូលិស២នាក់បានស្ថិតចំណោមអ្នករងរបួសសរុប៤១នាក់។ ការផ្ទុះនេះកើតមានតាមក្រោយនូវការផ្ទុះទី២នៅប៉ុន្មាននាទីក្រោយ នៅព្រះវិហារគ្រិស្តChristian Church of Diponegoro និងទី៣នៅព្រះវិហារ Pantekosta Churchក្នុង ទីក្រុងដដែល។ មេប៉ូលិសជាតិឥណ្ឌូនេស៊ី បាននិយាយថា ជនវាយប្រហារអត្តឃាត ជាសមាជិកគ្រួសារតែមួយ រួមមានកូនៗរបស់គេ។គ្រួសារនេះធ្លាប់នៅក្នុងប្រទេសស៊ីរី កន្លែងដែលក្រុមរដ្ឋអ៊ីស្លាមធ្លាប់គ្រប់គ្រងទឹកដីមួយចំណែកធំ។ ប៉ូលិសបានអោយដឹងថា ឪពុកនៃគ្រួសារនេះបានបំផ្ទុះរថយន្តផ្ទុកគ្រាប់បែក កូនប្រុស២នាក់អាយុ១៨និង១៦ឆ្នាំ ប្រើម៉ូតូនៅក្នុងការវាយប្រហារនិងម្តាយនៅជាមួយកូនតូចពីរនាក់ក៏ប្រើគ្រាប់បែកអត្តឃាត។ វាជាការបំផ្ទុះគ្រាប់អាក្រក់បំផុតចាប់តាំងពីការវាយប្រហារជាបន្តបន្ទាប់មួយលើព្រះវិហារនៅមួយថ្ងៃមុនបុណ្យគ្រីសម៉ាសដែលបានសម្លាប់មនុស្ស១៥នាក់និងរបួសជិត១០០នាក់កាលពីឆ្នាំ២០០០។ មន្រ្តីប៉ូលិសម្នាក់បាននិយាយថា ការបំផ្ទុះគ្រាប់លើកនេះធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់អត្តឃាតយ៉ាងតិចចំនួន៥នាក់ រួមានស្រ្តីពាក់ស្បៃបាំងមុខជាមួយកូនតូចៗពីរនាក់ផង៕