Social Network

កូរ៉េខាងជើង​សន្យា​រំលាយ​ចោល​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​នៅក្នុង​ពិធី​នា​ខែ​នេះ​

កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងរំលាយចោលទីតាំងសាកល្បងនុយក្លេអ៊ែររបស់ខ្លួននៅពេលមិនដល់២សប្តាហ៍ទៀតក្នុងពិធីមួយដែលមានការអញ្ជើញអ្នកកាសែតបរទេសចូលរួម។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួន”ចាត់វិធានការបច្ចេកទេស”ដើម្បីអនុវត្តដំណើការនេះរវាងថ្ងៃ២៣-២៥ឧសភា ,នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋKCNA របស់កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍។ ពួកអ្នកវិទ្យាសាស្រ្តកាលពីមុនបាននិយាយថា ទីតាំងនេះអាចដួលរលំមួយផ្នែកកាលពីខែកញ្ញា។ ចំណាត់ការនេះកើតឡើងនៅ៣សប្តាហ៍មុនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនជាលើកដំបូងនិងជាប្រវត្តិសាស្រ្ត។ កាលពីខែមុន ពួកមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា លោកគីម បាននិយាយថា លោកនឹងបិទចោលទីតាំងសាកល្បងនុយក្លេអ៊ែរនេះនៅខែឧសភាហើយអ្នកជំនាញនុយក្លេអ៊ែរពីកូរ៉េខាងត្បូងនិងអាមេរិកនឹងត្រូវអញ្ជើញទៅទស្សនា។ ការរំលាយកន្លែងសាកល្បង Punggye-ri នឹងរួមមានការបំផ្ទុះចោលរូងក្រោមដីទាំងអស់និងរើចេញសំណង់សង្កេតមើលទាំងអស់ អាគារសិក្សាស្រាវជ្រាវនិងប៉ុស្តិ៍សន្តិសុខ។អ្នកកាសែតទៅពីកូរ៉េខាងត្បូង ចិន អាមេរិក អង់គ្លេសនិងរុស្ស៊ីនឹងត្រូវអញ្ជើញអោយចូលរួមធ្វើជាសាក្សី៕