Social Network

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទៅសួរសុខទុក្ខលោក គីម​ ជុងអ៊ុន ដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី០៧ ខែតុលានេះ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពីការរៀបចំជំនួបជាលើកទី២ រវាងលោក គីម និងលោក ដូណាល់ ត្រាំ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអាទិត្យ ទី០៧ ខែតុលានេះ ក្នុងគោលបំណងពន្លឿនការរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង ក៏ដូចជារៀបចំជំនួបជាលើកទី០២រវាងលោក ត្រាំ និងលោក គីម។

គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួល វានឹងក្លាយជាដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងជាលើកទី០៤ របស់លោក ម៉ៃក៍ ប៉ុមប៉េអូ ក្រោយដំណើរទស្សនកិច្ចរបស់លោកកាលពីខែសីហាកន្លងទៅ ត្រូវបានលុបចោលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលអះអាងថាការលុបចោលនេះគឺដោយសារតែកង្វះភាពរីកចំរើនក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ បច្ចុប្បន្នអ្វីដែលគេ មើលឃើញថាមានភាពជាប់គាំងទាក់ទិននឹងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នោះគឺសហរដ្ឋអាមេរិកចង់ឱ្យទីក្រុង ព្យុងយ៉ាង ពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែរ រីឯកូរ៉េខាងជើងចង់ឱ្យសហរដ្ឋអាមេរិកប្រកាសបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការជាមុន សិន៕