Social Network

លោក Rodrigo Duterte រងពាក្យ​បណ្ដឹងចំនួន៤​បន្ថែម​ទៀត​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ហ្វីលីពីន ៖ ប្រធានគណៈកម្មការសិទ្ធិមនុស្សហ្វីលីពីន លោក Chito Gascon បានថ្លែងថា ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានរងបណ្ដឹងចំនួន៤បន្ថែមទៀតទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Philstar Global ។

លោកថ្លែងបញ្ជាក់ថា “យើងដឹងថា មានបណ្ដឹងសម្ងាត់ផ្សេងទៀត ដែលត្រូវបានបញ្ជូនចេញទាំងពីក្នុងប្រទេសហ្វីលីពីន ចេញពីអង្គការមិនមែនរដ្ឋាភិបាល និងក្រុមជនរងគ្រោះ ក៏ដូចជាបណ្ដឹងដែលប្ដឹងដោយអន្តរជាតិ”។ លោកថា បណ្ដឹងមួយក្នុងចំណោមបណ្ដឹងទាំងនោះ ចោទប្រកាន់លើការរំលោភបំពានលើស្រ្តី និងកុមារ។

បណ្ដឹងសម្ងាត់ទាំងនេះ គឺធ្វើឡើងបន្ទាប់ពីបណ្ដឹងដាច់ដោយឡែកដែលបានប្ដឹងដោយលោកមេធាវីហ្វីលីពីន Jude Sabio និងបណ្ដឹងរបស់សមាជិកព្រឹទ្ធសភា Antonio Trillanes IV និងសមាជិករដ្ឋសភា Gary Alejano នៅឆ្នាំ២០១៧ និងគ្រួសារជនរងគ្រោះនៃការសម្លាប់រង្គាល កាលពីខែសីហា កន្លងទៅ។

សូមជម្រាបថា បើតាមក្រុមការពារសិទ្ធិមនុស្សបានអះអាងថា មនុស្សជាង ១២០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីលោក Duterte បើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយឃោរឃៅ។ ប៉ុន្ដែខាងរដ្ឋាភិបាលហ្វីលីពីនអះអាងថា មនុស្សជាង ៤០០០នាក់បានស្លាប់ក្នុងប្រតិបត្តិការអនុវត្តច្បាប់៕