Social Network

អភិបាលក្រុងអីស្តានប៊ុល នៃប្រទេសតួកគី ចារឹកទុកក្នុងទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទីក្រុងរបស់ខ្លួន

(តួកគី)៖ ក្នុងដំណើរទស្សនិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នាទីក្រុងអីស្តានប៊ុល ប្រទេសតួកគី នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ សម្តេច និងគណៈប្រតិភូបានអញ្ជើញចូលរួម ក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ដែលរៀបចំឡើងដោយលោកអភិបាលក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។

នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តយសនោះដែរ លោកអភិបាលក្រុងអីស្តានប៊ុល បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានជ្រើសរើសយកទីក្រុងអីស្តានប៊ុល សម្រាប់ដំណើរបំពេញទស្សនកិច្ចការងារ ជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃ សាធារណរដ្ឋតួកគី។

លោកអភិបាលក្រុងបន្តថា ថ្នាក់ដឹកនាំនិងប្រជាជនតួកគី ក្នុងទីក្រុងអីស្តានប៊ុល សូមចារឹកទុកក្នុងដួងចិត្តក៏ដូចជាទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរបំពេញទស្សនកិច្ចការងារ ជាលើកដំបូងនិងមិនធ្លាប់មាន សម្រាប់មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសកម្ពុជា ដែលបានអញ្ជើញ មកដល់សាធារណរដ្ឋតួកគី ក្នុងបេសកកម្មដ៏ថ្លៃថ្លាបំផុតនេះ៕