Social Network

មេដឹកនាំបក្សប្រឆាំងប៉េរូ លោកស្រី Keiko Fujimori ត្រូវតុលាការចាប់ដាក់ពន្ធនាគារពីបទស៊ីសំណូក

ប៉េរូ ៖ ចៅក្រមនៅប្រទេសប៉េរូលោក Richard Concepción បានបញ្ជាឱ្យឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំងលោកស្រី Keiko Fujimori ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ខណៈលោកស្រីកំពុងរង់ចាំការជំនុំជម្រះក្នុងសំណុំរឿងពុករលួយ ដោយអះអាងថា ខ្លាចលោកស្រីរត់គេចចេញពីប្រទេសប៉េរូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី Fujimori ត្រូវបានគេចោទប្រកាន់ថាបានទទួលសំណូក ១.២លានដុល្លារ ពីក្រុមហ៊ុន សំណង់ដ៏ធំមួយនៅក្នុងប្រទេសប្រេស៊ីលឈ្មោះ Odebrecht កាលពីឆ្នាំ២០១១។ ក៏ប៉ុន្តែ លោកស្រីបានច្រានចោល ការចោទប្រកាន់នេះ ដោយអះអាងថាវាគឺជាចេតនានយោបាយ។

លោកចៅក្រម Concepcion បាននិយាយថា មានការសង្ស័យយ៉ាងខ្លាំងដែលថា លោកស្រី Fujimori កំពុងគ្រប់គ្រងអង្គការឧក្រិដ្ឋកម្មជាក់ស្ដែងមួយដែលត្រូវបានចាក់បញ្ចូលក្នុង “គណបក្សនយោបាយប្រជាធិបតេយ្យ” របស់លោកស្រី។

សូមជម្រាបថា កាលពីដើមឆ្នាំនេះអតីតប្រធានាធិបតី Pedro Pablo Kuczynski ក៏បានលាលែងពីតំណែងក្នុងរឿងអាស្រូវទាក់ទងនឹងពុករលួយមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយនេះ៕