Social Network

រដ្ឋមន្ត្រីការបរទេសបារាំង៖ យើងនឹងដាក់ទណ្ឌកម្ម បើអារ៉ាប៊ីសាអូឌីតជាអ្នកសម្លាប់អ្នកកាសែត Khashoggi

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានព្រមានទុកជាមុនថាទីក្រុងប៉ារីសនឹងរារែកឡើយក្នុង ការចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត បើសិនជាទីក្រុងរីយ៉ាដ ពិតជាត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធ នឹងការសម្លាប់អ្នកកាសែត លោក Jamal Khashoggi មែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ 

បន្ថែមពីលើនេះ លោក Le Drian បានអំពាវនាវឲ្យអារ៉ាប៊ីសាអូឌីតបង្ហាញការពិត ក៏ដូចជាវែកមុខ និងដាក់ទោសលើអ្នកបញ្ជា និងអ្នកទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក Khashoggi។ រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានលើកឡើងដូច្នេះថា៖ «យើងស្នើឱ្យអារ៉ាប៊ីសាអូឌីតបង្ហាញការពិត ខណៈមកទល់នឹងពេលនេះយើងមិនទាន់ទទួលបាន ភស្ដុតាងជាក់លាក់ជុំវិញការស្លាប់របស់លោក Khashoggi នៅឡើយទេ... ក៏ប៉ុន្តែបើសិនជាទីក្រុងរីយ៉ាដ ត្រូវបានគេរកឃើញថា មានជាប់ទាក់ទិននឹងអំពើឃាតកម្មនេះមែន នោះយើងនឹងមិនរារែកឡើយក្នុងការចាត់វិធានការដាក់ទណ្ឌកម្ម»។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត គឺជាអតិថិជនដ៏ធំមួយដែលទិញអាវុធ, ផលិតផលប្រណិត និងទំនិញជាច្រើនផ្សេងទៀតរបស់ ប្រទេសបារាំង។ លោក Khashoggi ជាអ្នកសារព័ត៌មានមកពីកាសែតអាមេរិក Washington Post បានបាត់ខ្លួនក្រោយចូល ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូលប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ។ រីឯអាជ្ញាធរតួកគីអះអាង ថាលោកត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុល ហើយអារ៉ាប៊ីសាអូឌីតផ្ទាល់ក៏បានទទួលស្គាល់ដែរថាលោក Khashoggi ត្រូវគេ សម្លាប់ពិតមែន។ ក៏ប៉ុន្តែនៅតែបដិសេធថាមិនមានជាប់ពាក់ព័ន្ធនឹងខ្លួនឡើយ ហើយក៏មិនដឹងថាសាកសពអ្នកកាសែតរូបនេះ នៅទីណាដែរ៕