Social Network

នាយក​ធនាគារ​វៀតណាម ជាប់គុក​អស់​មួយជីវិត និង​សេដ្ឋី​អចលនទ្រព្យ​ជាប់គុក​១៧​ឆ្នាំ​ក្នុង​រឿងអាស្រូវ​ពុករលួយ​១៥៤​លាន​ដុល្លារ​

តុលាការក្រុងហូជីមីញ កាលពីថ្ងៃព្រហស្បតិ៍ទី២០ធ្នូបានកាត់ទោស លោក ត្រាន់ ភឿង ប៊ិញ(Tran Phuong Binh)អតីតនាយកប្រតិបត្តិធនាគារDongA Bankនិងលោក ផាន វ៉ាន់ អាញ់ វូ(Phan Van Anh Vu) សេដ្ឋីអចលនទ្រព្យនៅដាណាំង និងមនុស្ស២៤នាក់ផ្សេងទៀត អោយជាប់គុករយៈពេលផ្សេងៗគ្នាក្នុងករណីពុករលួយដែលទឹកប្រាក់សរុបជាង១៥៤លានដុល្លារនៅធនាគារនេះ។ តុលាការនេះបានសម្រេចថា លោក ត្រាន់ ភឿង ប៊ិញ អាយុ៥៩ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៦នេះនឹងជាប់គុកអស់មួយជីវិតចំពោះការរំលោភច្បាប់រដ្ឋអំពីការគ្រប់គ្រងសេដ្ឋកិច្ចដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរនិងការរំលោភបំពានលើតួនាទីនិងប្រើអំណាចដើម្បីបានទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ លោកត្រូវបានចាប់ឱ្យទទួលខុសត្រូវចំពោះការខាតបង់ប្រាក់អស់ជិត៣,៥លាន លាន ដុង(១៥៣,៨លានដុល្លារ) នៅធនាគារដែលគ្រប់គ្រងដោយរដ្ឋមួយផ្នែកនេះ ដែលបានកើតឡើងនៅពេលដែលធនាគារនេះបានទូទាត់ការប្រាក់ដល់អតិថិជនលើសពីអត្រាដែលបានកំណត់ដោយការរំលោភបំពានលើជំនួញរូបិយប័ណ្ណបរទេសនិងការជួញដូរមាស និងបានពាក់ព័ន្ធនៅក្នុងគម្រោងទិញភាគហ៊ុន។ លោក វូ អាយុ៤៣ឆ្នាំនេះ ត្រូវបានកាត់ទោសឱ្យជាប់គុក១៧ឆ្នាំ ពីបទរំលោភបំពានអំណាចដើម្បីមានបានទ្រព្យសម្បតិ្តផ្ទាល់ខ្លួន។ តាមការចោទប្រកាន់ថានៅឆ្នាំ២០១៣ ធនាគារDongA Bank បានគ្រោងនឹងបង្កើនដើមទុនពីទឹកប្រាក់៥លានលានដុង (២២០លានដុល្លារ) ទៅ ៦លាន លានដុង បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ដើម្បីសំរេចគោលដៅនេះ លោក ត្រាន់ ភឿង ប៊ិញ បានបញ្ចុះបញ្ចូលលោក ផាន វ៉ាន់ អាញ់ វូឱ្យទិញភាគហ៊ុនចំនួន៦០លានភាគហ៊ុននៅធនាគារនេះអស់ប្រាក់ចំនួន៦០០ពាន់លានដុង។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា លោកផាន វ៉ាន់ អាញ់ វូបានក្លែងបន្លំកិបកេងលុយចំនួនពី២០០ពាន់លានដុងពីធនគារនេះ ។ លោកវូ បានសារភាពទោសកំហុសនេះប៉ុន្តែ ថា លោកគ្រាន់តែបានធ្វើតាមការណែនាំរបស់លោកត្រាន់ ភឿង ប៊ិញ ប៉ុណ្ណោះ៕