Social Network

កម្ពុជា និងអឺរ៉ុប សន្យាប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ

(ប្រ៊ុយសែល, ប៊ែលហ្ស៊ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ បានសន្យាថា នឹងប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀត។

ការសន្យាបែបនេះបានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី ហ្វែដឺរីកា មូហ្គេរីនី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ទីដែលសម្តេចតេជោអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពដែលកម្ពុជា និងសហភាពអឺរ៉ុប សម្រេចបានក្នុងរយៈពេលកន្លងមក បើទោះបីកើតមានបញ្ហាប្រឈមខ្លះក៏ដោយនោះ។

សម្តេចតេជោ និងលោក ហ្វែដឺរីកា មូហ្គេរីនី ក៏បានឯកភាពគ្នាជំរុញឲ្យក្រុមការងារនៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នាក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក៕

 
 

រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី និងឡាវ សំដែងការអបអរសាទរលទ្ធផលជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក

(សឹង្ហបុរី)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកលើកទី៥ នៅប្រទេសសឹង្ហបុរី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយលោក អេង ហែន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋសឹង្ហបុរី។

ក្នុងជំនួបនោះ រដ្ឋមន្រ្តីការពារជាតិសឹង្ហបុរី បានសម្ដែងការអបអរសាទរ ចំពោះលទ្ធផលជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ក្នុងពេលកន្លងមក និងបានថ្លែងអំណរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដើរតួនាទី គាំទ្រកិច្ចប្រជុំផ្សេងៗ ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ពិសេសសម្ដេច ទៀ បាញ់ ជាសមាជិកក្នុងអង្គប្រជុំតាំងពីដើមរៀងមក។

នៅក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សឹង្ហបុរីមានបទពិសោធន៍ច្រើន ក្នុងការរៀបចំកិច្ចប្រជុំនានា ហើយក្នុងនោះ សម្តេចសង្ឃឹមថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១២ ដែលសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះនាពេលនេះ នឹងទទួលបានជោគជ័យ។

ដោយឡែកក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងនាមរដ្ឋាភិបាល ក្រសួងការពារជាតិជាតិឡាវ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានជួយដល់ គ្រោះមហន្តរាយ នៅក្នុងខេត្តអត្តពើ ប្រទេសឡាវ នាពេលកន្លងមក។

លោកឧត្តមសេនីយ៍រដ្ឋមន្ដ្រី បានសំដែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជា ដែលនាំឲ្យសម្ដេចតេជោ ហ៊ុន សែន បានឈ្នះការបោះឆ្នោតក្នុងអាណត្តិថ្មី និងធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាបន្តទៀត។

រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានសំដែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងមានការរីកចម្រើន អភិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័ស។ លោកក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា គឺបន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កម្ពុជា ឡាវ បានជួបគ្នាប្រកាស ពីដំណោះស្រាយដែលទាក់ទងទៅនឹងបញ្ហាព្រំដែននោះ ប្រទេសកម្ពុជាបានបញ្ជូនគណប្រតិភូទៅកាន់ប្រទេសឡាវភ្លាម ដែលទង្វើនេះបានបង្ហាញឲ្យឃើញ អំពីស្មារតីសាមគ្គីភាព និងកិច្ចសហការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ។

ទាក់ទងទៅនឹងបញ្ហាព្រំដែននេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានបង្ហាញបំណងដូចគ្នា ក្នុងការលើកទឹកចិត្តឲ្យគណកម្មការព្រំដែន ក៏ដូចជាអាជ្ញាធ័រមូលដ្ឋាននៅតាមតំបន់នីមួយៗ ដែលមានព្រំដែនជាប់គ្នា ធ្វើយ៉ាងណាធ្វើការជាមួយគ្នា និងជួបគ្នាឲ្យបានទៀងទាត់។

ក្ន្ងងឱសកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរាបជូនដល់រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ អំពីដំណើរការសាងសង់វិមានឈ្នះឈ្នះ ដែលសំណង់វិមានឈ្នះឈ្នះនេះ មានអត្ថន័យធំធេងសម្រាប់ប្រទេសកម្ពុជា ជាសំណង់ប្រវត្តិសាស្រ្តទុកសម្រាប់កូនចៅ ជំនាន់ក្រោយសិក្សារៀនសូត្រ អំពីដំណើរការ ទទួលបានសន្តិភាពពេញលេញ នៅទូទាំងប្រទេសកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ មកចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះផងដែល៕

 
 

ចិនប្រកាសគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

(ប្រ៊ុយសែល, ប៊ែលហ្ស៊ិក)៖ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានថ្លែងថា ចិនតែងតែគាំទ្រជានិច្ចចំពោះតួនាទីរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំផ្សេងៗ រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ផងដែរ។

ការប្រកាសគាំទ្ររបស់លោកនាយករដ្ឋមន្ត្រីចិន បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុសហ្សែល ប្រទេសប៊ែលហ្ស៊ិក ទីដែលមេដឹកនាំប្រទេសទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីចិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលធ្វើនៅកម្ពុជានាឆ្នាំ២០២០ផងដែរ។

ដើម្បីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្វែងរកការគាំទ្រជាច្រើនពីបណ្តាប្រទេសនៅតំបន់អាស៊ី និងនៅអឺរ៉ុប ហើយប្រទេសទាំងនោះក៏បានបង្ហាញការឯកភាពផងដែរ។ សេចក្តីសម្រេចផ្តល់ឲ្យកម្ពុជាធ្វើជាម្ចាស់នៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ នៅប្រទេសប៊ែលហ្ស៊ិក ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែតុលានេះ។

សូមបញ្ជាក់ថា អាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី និងតំបន់អឺរ៉ុបជាមួយការផ្ដោតសំខាន់លើសសរស្តម្ភចំនួន៣ រួមមាននយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ASEM តំណាងឱ្យ ៥០ភាគរយ នៃ GDP របស់ពិភពលោក ព្រមទាំងស្មើនឹង ៦០ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក។

កិច្ចប្រជុំ ASEM លើកដំបូងត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាននៅ តំបន់អាស៊ី Asia ២១ប្រទេស រួមទាំងសមាជិកអាស៊ានទាំង ១០ប្រទេស។ ប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន ៣០ប្រទេស ក្នុងនោះ ២៨ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន ២ទៀត គឺន័រវែស និងស្វីស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបផងដែរ។

សម្រាប់កម្ពុជា បានក្លាយជាសមាជិកនៃវេទិកានេះក្នុងកិច្ចប្រជុំកំពូល ASEM លើកទី៥ រៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៤។ ការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ គឺជាកិត្តិយសមួយរបស់កម្ពុជា និងជាឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយប្រទេសជាសមាជិករហូតដល់៥០ប្រទេសនោះ។

សូមញ្ជាក់ថា ក្នុងជំនួបទៅទីក្រុងប៊្រុសសែលនេះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង ក៏បានជជែកផ្លាស់ប្តូរមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ ពិសេសលើទំនាក់ទំនងចិន-អាស៊ានផងដែរ។ ក្នុងនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លងមកចិនបានផ្តល់កូតានាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសចិនចំនួន ៣០ម៉ឺនតោន។

លោកនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា ចិននឹងបន្តគាំទ្រដល់ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន៕

 
 

អ្នកជួញផ្លែស្វាយត្អូញត្អែរពីការចំណាយប្រាក់បង់ឲ្យសមត្ថកិច្ចតាមផ្លូវ និងច្រកទ្វារព្រំដែនអស់ច្រើន

ខេត្តស្វាយរៀង ៖ ក្រុមឈ្មួញជួញផ្លែស្វាយទៅលក់នៅប្រទេសវៀតណាមបានត្អូញត្អែរប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែចុងក្រោយនេះមុខរបរជួញផ្លែស្វាយទៅប្រទេសវៀតណាមមិនសូវចំណេញទេដោយចំណាយច្រើនទៅលើកម្មករលើកដាក់ច្រើនសា ជាពិសេសចំណាយទៅលើសមត្ថកិច្ចតាមដងផ្លូវនិងសមត្ថកិច្ចនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនយកតាមក្បាលឡាន ប្រសិនបើឡានយីឌុបត្រូវបង់៣០ម៉ឺនក្នុង១គ្រឿងឡាន២៥តោនយក២៥ម៉ឺនរៀលបើត្រឹម១៥តោន១៥ម៉ឺនរៀលក្នុង១គ្រឿងបើដឹកតាមឡានតួរីសយក៥ម៉ឺនរៀលក្នុងមួយគ្រឿង។

ក្រុមឈ្មួញបាននិយាយទៀតថា ពួកគាត់មានចម្ងល់ខ្លាំងណាស់ពួកគាត់បង់ប្រាក់នៅច្រកព្រំដែនដូងស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងនេះមានចំនួន៥ស្ថាប័នសរុបទឹកប្រាក់៣០ម៉ឺនរៀលក៏ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាមួយឲ្យវិក្កយបត្របង់ប្រាក់ឡើយ គឺក្រុមសមត្ថកិច្ចទាំងនោះគេមកឡើងមើលលើរថយន្ត រួចទារតម្លៃតែម្តង តាមគេប៉ាន់ស្មានថា ប្រហែលប៉ុន្មានតោនគេយកប្រាក់តែម្តងមិនដែលសរសេរវិក្កយបត្រឡើយ។

បើតាមបុរសម្នាក់ឈ្មោះ សួន ម៉ារ៉ា អាយុ២៧ឆ្នាំ ជាអ្នកជួញផ្លែស្វាយបានឲ្យដឹងថា ស្វាយពួកគាត់ទៅម៉ៅតាមចំការនៅខេត្តកំពង់ស្ពឺ មកលក់ឲ្យឈ្មួញវៀតណាមនៅច្រកទ្វារតំបន់ព្រំដែនដូងនេះមានបីប្រភេទស្វាយលេខ១ លក់បាន១គីឡូ១,១០០រៀលទៅ១,២០០រៀល ស្វាយលេខ២ក្នុង១គីឡូ៩០០ទៅ១,០០០រៀលលេខ៣ក្នុង១គីឡូ៧០០រៀល។

ប្រភពបន្តថា ស្វាយលេខ១ជួនកាលវៀតណាមទម្លាក់តម្លៃដល់៩០០រៀល១គីឡូក៏មានធ្វើឲ្យខាតដោយសារការចំណាយលើសមត្ថកិច្ចតាមដងផ្លូវច្រើនកន្លែង ហើយមកដល់ព្រំដែនវត្តដូង ភូមិដូង ឃុំដូង ស្រុករមាសហែកនេះចំណាយកាន់តែច្រើនទៀត គឺចំណាយលើកម្មករលើកចុះពីឡានដាក់រ៉ឺម៉ក និងលើកពីរ៉ឺម៉កដាក់លើឡានវៀតណាមក្នុង១តោន៨,០០០រៀល ឈ្នួលរ៉ឺម៉ក១គ្រឿង១៦,០០០រៀល(១គ្រឿងដឹកបាន២តោន) ចំណាយឲ្យទាហ៊ានវៀតណាមក្នុងមួយរ៉ឺម៉ក២ម៉ឺនរៀល និងចំណាយឲ្យសមត្ថកិច្ច៥ស្ថាប័ននៅប្រចាំការច្រកទ្វារព្រំដែនដូងតាមក្បាលឡានចាប់ពី១៥ម៉ឺន ២៥ម៉ឺនទៅ៣០ម៉ឺនរៀល។

ប្រភពបញ្ជាក់ថា កាលពី៣ខែមុនវៀតណាមឲ្យឡានស្វាយដឹកចូលដល់វៀតណាមគឺចំណាយអស់តិចពេលសាងដាក់រ៉ឺម៉កចំណាយច្រើន ហើយការចំណាយគ្មានវិក្កយបត្រគឺប្រាក់ដែលបង់បានទៅលើហោប៉ៅបុគ្គល ទើបពួកគាត់សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយមើលផងទាន។

ទាក់ទិនករណីខាងលើនេះមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូងបានទេដោយអ្នកយាមប្រាប់ថា មេមិននៅទៅប្រជុំនៅខេត្ត៕

សម្តេចក្រឡាហោម ស ខេង សម្រេចតែងតាំង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃចំនួន​២​រូប

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានសម្រេចតែងតាំង អ្នកនាំពាក្យ២រូបគឺនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន និងឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាសកម្មភាពស្នេហាជាតិ

រាជធានីភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចាត់ទុកការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាសកម្មភាពស្នេហាជាតិ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែចូលរួម ដើម្បីពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងលើកទឹកចិត្តសហគ្រិន ក៏ដូចជាការធ្វើពិពិធកម្មឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ ដែលជាកត្តាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការលើកឡើងបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងដាស់ពញ្ញាក់ស្មារតីប្រជាជនខ្មែរ ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស។

លោករដ្ឋមន្រ្តីបន្តថា បងប្អូនប្រជាពលរដ្ឋ ត្រូវជួយគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ និងបំផុសចលនាទិញឱ្យបានច្រើន ដើម្បីទ្រទ្រង់ផលិតកម្មក្នុងស្រុក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ហើយវិស័យឯកជន បងប្អូនផលិតករ និងសហគ្រិន ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ និងពង្រឹងគុណភាពផលិតផលជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ គឺជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សារ ផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគោលដៅសសរស្តម្ភទី៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងរយៈពេលកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការនេះ ដោយជោគជ័យចំនួនពីររដូវកាលរួចមកហើយ គឺរដូវកាលទី១ នៅក្នុងខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ និងរាជធានីភ្នំពេញ ហើយរដូវកាលទី២ នៅក្នុងខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ សម្រាប់រដូវកាលទី៣នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់យករាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តកណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្ម៕

 

 

 

 

 

 

 

 

 

សម្តេចតេជោបង្ហាញពីភាពមមាញឹករកពេលបាយគ្មាន តែសប្បាយចិត្ត ព្រោះធ្វើដើម្បីប្រយោជន៍ជាតិ !

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់តាមទំព័រហ្វេសបុកនាព្រឹកព្រលឹមថ្ងៃអង្គារ៍នេះថា នាយប់ថ្ងៃទី១៦តុលា នេះ សម្តេចនឹងចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២ នៅប្រទេសបែលហ្សិក មុននឹងបន្តធ្វើ ទស្សនកិច្ចនៅប្រទេសតួកគី និងទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាដើម។

ជាមួយនឹងការបញ្ជាក់នូវបេសកកម្មក្រៅប្រទេស ៣ប្រទេសជាប់ៗគ្នានេះ សម្តេចតេជោហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាង ដូច្នេះថា «ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួយដែលខ្ញុំមិនអាចបោះបង់ ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិត្សខ្មែរដែលកំពុងរស់នៅនិង រៀនសូត្រនៅអឹរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំ នៅទីនោះ។ ការងារយោធារកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយ វិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវអោយខ្ញុំ ធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចំរើនរបស់ជាតិយើង។»
សូមជម្រាបថា នាវេលាម៉ោង ១២ និង ២០នាទី ឈានចូលថ្ងៃទី ១៧ តុលា ២០១៨ សម្តេចនឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២ ហើយបន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្តេចនឹងធ្វើទស្សនៈកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ក្នុងថ្ងៃទី ២២ តុលា ដដែលសម្តេចនឹង ត្រូវចេញពីប្រទេសតួកគី មក ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគំរោងចាកចេញ ពីប្រទេសស្វីសនៅយប់ថ្ងៃទី ២៤ តុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី ២៥ តុលា ដើម្បីដឹកនាំកិច្ចប្រជុំគណរដ្ឋមន្ត្រី ស្តីពីសេចក្តីពីការព្រាង ច្បាប់ថវិកាសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨៕

 

បរ​រ​កញ្ញា​តំណាងកម្ពុជា កញ្ញា ឌី លីកា ​ឈ្នះ​ដាច់​គេ​ហើយ​ឆ្លង​ផុត​វគ្គ Top20 បន្តទៅ​វគ្គ Top10

រាជធានីភ្នំពេញ ៖ ទីបំផុតបេក្ខនារីបវរកញ្ញា ឌី លីកា របស់ប្រទេសកម្ពុជា ដែលគ្រងឈុត សម្លៀកបំពាក់ «ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ» ខណៈនេះបានឆ្លងផុតវគ្គ២០ប្រទេស (Top20) ដែលមានឈុតតំណាងជាតិល្អដាច់គេហើយ ហើយកំពុងបន្តទៅវគ្គ១០ប្រទេស (Top10) បន្តទៀត។

លោក មែ វិចិត្របុត្រ នាយកចាត់ការទូទៅនៃក្រុមហ៊ុន Attract advertising ដែលជាក្រុមហ៊ុន រៀបចំដឹកនាំបេក្ខនារីកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Grand International នោះ បានបង្ហាញ នូវក្តីសប្បាយរីករាយថា ជាមោទនភាព សម្រាប់ជាតិកម្ពុជាយើង ដែលបវរកញ្ញា ឌី លីកា ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេ ពិសេសឈុតសម្លៀកបំពាក់តំណាង ជាតិរបស់កម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រខ្ពស់ផុតគេតែម្ដង ហើយបានឆ្លងផុតវគ្គ Top20 នេះ ។

ប៉ុន្តែលោកថា បេក្ខនារីបវរកញ្ញា ឌី លីកា នៅតែត្រូវការកម្លាំងចិត្ត និងការ Like និង Share ពីសំណាក់ជនរួមជាតិខ្មែរទាំងអស់គ្នាបន្តទៀត សម្រាប់វគ្គ Tpo10 ដែលនឹងត្រូវចាប់ផ្តើមពីពេល នេះ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ខាងមុខ ៕

គ.ជ.ប ៖ រយៈពេល១៥ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោតថ្មី មានប្រជាពលរដ្ឋចុះឈ្មោះជាង១៧ម៉ឺននាក់

រាជធានីភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ១៧១,៩២៩នាក់ ហើយប្រជាពលរដ្ឋដែលបានលុបចេញពីបញ្ជីមានចំនួន ៣៤,០០៨នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១,២៦៦នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។

ជាមួយគ្នានោះ គ.ជ.ប ក៏បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬចង់កែតម្រូវទិន្នន័យ នៅក្នុងបញ្ជីបោះឆ្នោតយ៉ាងណានោះ ត្រូវមកដោះស្រាយការងារនេះ ឱ្យបានរួសរាន់ ខណៈការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ៕

រដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូនក្រើនរំលឹដល់កមន្រ្តីជញ្ជីងថ្លឹងរថយន្តអនុវត្តការងារឲ្យបានត្រឹមត្រូ

ខេត្តកោះកុង ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវជាថ្មីឲ្យមន្រ្តីជញ្ជីងថ្លឹងរថយន្ត នៅតាមស្ថានីយថ្លឹងរថយន្តទាំងអស់ បញ្ឈប់សកម្មភាពមិនប្រក្រតីជាបន្ទាន់ ដើម្បីជៀសវាងទោសទណ្ឌនានា។

ការអំពាវនាវ និងក្រើនរំលឹកនេះបានធ្វើឡើងកាលថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ខណៈលោកដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាតដោយជំនន់ទឹក ភ្លៀងកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ងាយស្រួល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា មន្ដ្រីជញ្ជីងនៅតាមស្ថានីយថ្លឹងរថយន្ត១៤នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធអំពើពុករលួយ ពោលគឺភាពមិនប្រក្រតីនៃការអនុវត្តការងារលើការថ្លឹងរថយន្តលើសទម្ងន់ ជាថ្នូរនឹងការទទួលយកប្រាក់ ដើម្បីចាត់ការតាមនិតីវិធី ខណៈដែលក្រសួងក៏បានដកពួកគេ ចេញផងដែរ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសាធារណការ មិនបានបញ្ចេញឈ្មោះ និង ទីកន្លែងដែលមន្ដ្រីជញ្ជីង នៅតាមស្ថានីយថ្លឹងរថយន្ត ដែលត្រូវបានដកនោះទេ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តីក៏បានអះអាងផងដែរថា ក្រសួងសាធារណការ ក៏បានខិតខំទប់ស្កាត់ កុំឲ្យមានមន្ដ្រីជញ្ជីងថឹ្លងរថយន្ត អនុញ្ញាតឲ្យរថយន្ដដឹកទំនិញធ្ងន់ៗ ចូលថឹ្លងមិនបានត្រឹមត្រូវ។ ដូច្នេះ ក្រុមការងារនៃក្រសួងសាធារណការ បានចុះពិនិត្យតាមដានកាំមេរ៉ា នៅតាមជញ្ជីងថ្លឹងរថយន្ត ហើយមន្ដ្រីក្រសួងសាធារណការ ទាំងអស់ ត្រូវនាំគ្នា ចូលរួមទប់ស្កាត់ រថយន្ដដឹកលើសទម្ងន់ ដើម្បីការពារផលប្រយោជន៍ជាតិមូល។

យោងតាមរបាយការណ៍ កាលពីខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ២២៥គ្រឿង និងពិន័យបានថវិកាមួយចំនួនផងដែរ៕

 

សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២» នៅទីក្រុងប្រ៊ុចសែលសប្តាហ៍ក្រោយ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបំរែបំរួលអាកាសធាតុ ជាដើម៕

 

ថ្ងៃនេះជាខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ថ្ងៃដែលកូនខ្មែរសោកសៅបំផុត (Video inside)

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។

ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា។

សូមទស្សនាកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕

 
 

សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តដ៏ខ្ពង់ខ្ពស់បន្តប្រតិបត្តិការស្វែងរុករកអដ្ឋិធាតុ និងទាហ៊ានអាមេរិកាំងដែលបានស្លាប់ និងបាត់ខ្លួននៅកម្ពុជា (POW/MIA) ដែលប្រតិបត្តិការនេះបានធ្វើអស់រយៈពេល៣០ឆ្នាំកន្លងមក ហើយត្រូវបានផ្អាកកាលពីពេលថ្មីៗកន្លងមកនេះ។

តាមរយៈហ្វេសបុកសម្តេចបានបញ្ជាក់ថា បើទោះបីរដ្ឋាភិបាលអាមេរិកបានដាក់កម្រិតតឹងតែងអំពីទិដ្ឋាការ (VISA) មកលើកម្ពុជាក៏ដោយ ក៏ សម្តេចតេជោប្រមុខដឹកនាំបានសម្រេចបន្តប្រតិបត្តិការប្រកបដោយក្តីមេត្តាករុណាដើម្បីជួយដល់ពលរដ្ឋអាមេរិកាំងជាច្រើនដែលកំពុងរង់ចាំដំណឹងអំពីសាច់ញាតិខ្លួនដែលជាអតីតទាហ៊ានដែលបានស្លាប់នឹងបាត់ខ្លួននៅលើទឹកដីកម្ពុជាក្នុងពេលសង្រ្គាមនាទសវត្សឆ្នាំ ៧០។

សូមជម្រាបថា ការសម្រេចបន្តប្រតិបត្តិការនេះឡើងវិញ គឺសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជាផ្លូវការតបជូនសមាជិកព្រឹទ្ឋសភា Doug Ericksen and តំណាងរាស្រ្ត Vincent Buys នៅរដ្ឋ Washington State នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលបានសរសេរសំបុត្រស្នើសុំឲ្យសម្តេចមេត្តាបន្តជួយដល់ពលរដ្ឋអាមេរិកាំង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨៕

 

ព្រឹទ្ធសភា នឹងបើកសម័យប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែតុលា ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណា

(ភ្នំពេញ)៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដើម្បីបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

ក្រៅពីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាហើយនោះ នៅថ្ងៃទី១១ ខែតុលា ក៏មានការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ផងដែរ៕

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ កម្មការិនីក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១៩ មិនទាបជាង១៨០ដុល្លារនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះក្នុងពេលអញ្ជើញជាអធិបតីភ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ កម្មការិនីក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១៩ មិនទាបជាង១៨០ដុល្លារនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះក្នុងពេលអញ្ជើញជាអធិបតីភាពប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ។

 
 

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនអ្នកជំងឺចំនួន ១,៥០៦នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា​ និងមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត

(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ នៅព្រឹក និងរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជូនអ្នកជំងឺនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាសរុបចំនួន ៤៤៧នាក់ (ក្នុងនោះមានកងទ័ពចំនួន ២១៦នាក់) ។ ដោយឡែក អ្នកជំងឺ-កម្មករនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ១,០៥៩នាក់។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រមទាំងសហការី បានអញ្ជើញជួបផ្ទាល់ដល់បន្ទប់អ្នកជំងឺដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ការយកចិត្តទុកដាក់ គិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ និងពាំនាំសារអំពាវនាវរបស់ សម្តេចប្រធាន ផ្តាំផ្ញើជូនអ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ, ប្រុងប្រយ័ត្ននឹងជំងឺឆ្លងនានា, ការជៀសឆ្ងាយគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង, ការគិតគូរពីសុវត្ថិភាពចរាចរណ៍។ ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ សូមជូនពរដល់អ្នកជំងឺទាំងអស់និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ ឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានចូលរួមសប្បាយរីករាយអបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ។

អ្នកជំងឺ និងក្រុមគ្រួសារទាំងអស់ មានក្តីរីករាយឥតឧបមា ដោយបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយសម្រាលការលំបាក និងចែករំលែកក្តីស្រឡាញ់ ជូនប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនេះ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានគិតគូរថែទាំ ព្យាបាលជំងឺដោយយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺទាំងអស់។

អំណោយមនុស្សធម៌ដែលបានចែកជូនអ្នកជំងឺទាំង ១,៥០៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង នំប្រៃ ១កញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយ៉ឺត១ និងថវិកា ៥០.០០០រៀល។ ដោយឡែក កងទ័ពមានជំងឺចំនួន ២១៦នាក់ ក្នុងម្នាក់ៗទទួលបាន មុងសុវត្ថិភាពចំនួន ១បន្ថែមទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ចេញសេចក្ដីសម្រេចបែងចែកភារកិច្ច ជូនថ្នាក់ដឹកនាំ ក្រសួងសាធារណការ​

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្ដីសម្រេចស្ដីពី កំណត់ពីរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ ក្រសួងសាធារណការ ដែលមានទាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

សេចក្ដីសម្រេចដែលអ្នកសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ក៏បានឲ្យដឹងដែរថា លោក គង់ វិមាន អនុរដ្ឋលេខាធិការ ក៏ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ របស់ក្រសួងសាធារណការផងដែរ ដោយបន្ថែមលើមុខងារបច្ចុប្បន្ន។

ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចទទួលខុសត្រូវនេះ សម្ដៅធានាដល់ដំណើរការប្រព្រឹត្តទៅរបស់ក្រសួង ឲ្យប្រកបដោយប្រសិទ្ធភាព មាននិរន្ដភាព និងបំពេញភារកិច្ចឲ្យសម្រេចបានលទ្ធផលល្អ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ និងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕

 

 

 

 

 

 

ទូតខ្មែរនៅអាមេរិក ជូនដំណឹងដល់ពលរដ្ឋខ្មែរស្នាក់នៅអាមេរិកថា រាល់ការពន្យារសុពលភាពលិខិតឆ្លងដែន ការផ្តល់ទិដ្ឋាការពិសេស និងចេញលិខិតបើកផ្លូវធ្វើដំណើរបណ្តោះអាសន្ន គឺពុំមានយកកំរៃសេវាទេ

(អាមេរិក)៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងថ្មីមួយ ជម្រាបជូនជាសាថ្មីម្តងទៀតដល់ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ធ្វើការ ស្នាក់នៅបណ្តោះអាសន្ន និងអចិន្ត្រៃយ៍ នៅអាមេរិកថា រាល់ការពន្យារសុពលភាពលិខិតឆ្លងដែន ការផ្តល់ទិដ្ឋាការពិសេស (K) និងការចេញលិខិតបើកផ្លូវធ្វើដំណើរបណ្តោះអាសន្ន (Temporary Travel Document) គឺពុំមានការយកកំរៃសេវាទេ លើកលែងតែការបញ្ជាក់នីត្យានុកូលកម្ម លើឯកសារនានា គឺត្រូវបង់ថ្លៃសេវា។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលានេះ បានឲ្យដឹងទៀតថា គោលការណ៍ស្តីពីការផ្តល់សេវាសាធារណៈខាងលើនេះ មានប្រសិទ្ធភាពអនុវត្តទូទាំងសហរដ្ឋអាមេរិក ដោយការិយាល័យកុងស៊ុលនៃស្ថានទូតនៃ Washington, DC កុងស៊ុលកិត្តិយសនៅ Seatle រដ្ឋ Washington State, កុងស៊ុលកិត្តយសនៅ Lowell រដ្ឋ Massachusett, កុងស៊ុលកិត្តិយសនៅ Long Beach រដ្ឋ California និងកុងស៊ុលកិត្តិយសនៅ Philladelphia រដ្ឋ Pensylvania៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

 
 

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលានេះ។

អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នឹងចូលក្រាបបង្គំគាល់ព្រះចៅអធិរាជជប៉ុន។

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សានិងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។

ថ្នាក់ដឹកនាំមេគង្គ នឹងអញ្ជើញពិសារអាហារការងារពេលព្រឹក រៀបចំដោយសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ពិសារអាហារការងារថ្ងៃត្រង់ រៀបចំដោយក្រុមធុរកិច្ច និងចូលរួមក្នុងវេទិកាវិនិយោគជប៉ុន-មេគង្គ រៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលក្នុងឱកាសនោះ សម្តេចតេជោនឹងថ្លែងសង្កថាគន្លឹះ ផ្តោតលើការទាក់ទាញវិនិយោគិនជប៉ុនមកធ្វើធុរកិច្ចក្នុងតំបន់មេគង្គ។

នៅក្រៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុករួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹងមានសន្និសីទសារព័ត៌មានរួមគ្នា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោ នឹងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា លោក ហ៊ីរ៉ូយូគី អ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយកប្រតិបត្តិអង្គការ JETRO លោក ហ្វ៊ូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co., Ltd) និងលោក យូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។ សម្តេចតេជោ ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុនផងដែរ រួមមានកំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ (Ariake)។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុនផងដែរ៕

 
 

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ទិវាគ្រូបង្រៀន៥ តុលា ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះនឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា , លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា, អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។

នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនព្រឹកនេះ ក៏មានការប្រគល់ពានរង្វាន់ព្រះភារម្យភាសា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជយលាភី ផ្នែកស្មូត្រកំណាព្យ និងពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជយលាភីផ្នែកតែងនិពន្ធផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងក្រុមគ្រួសារ ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ

(តាកែវ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី ប៉ែន ចន្នី ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសលជូនដល់លោកអ្នក មានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ស្ថានភាពនៃការរីកចម្រើនរបស់កម្ពុជា ការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និងបន្តឲ្យមាន និរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៦ នីតិកាលនៃរដ្ឋសភាបន្តទៀត៕