Social Network

រឿង​ជនជាតិ​ចិន​ខ្លះ​កូរ​នៅ​ព្រះសីហនុ សម្តេច​ក្រឡាហោម​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​នៅថ្ងៃនេះ​

(ភ្នំពេញ)៖ បើមិនមានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានក្រសួងសំខាន់ៗមួយចំនួនចូលរួមដើម្បីពិនិត្យវាយតម្លៃលើរបាយការណ៍របស់គណៈកម្មការចម្រុះ ដែលបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាតិចិននៅខេត្តព្រះសីហនុ រួមទាំងភាពមិនប្រក្រតីមួយចំនួនទៀត។កិច្ចប្រជុំអន្តរក្រសួងសំខាន់ៗ ពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ គឺមិនអនុញ្ញាតឲ្យអ្នកកាសែតចូលស្តាប់នោះទេ។ សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារថា ខេត្តព្រះសីហនុ ក៏ជាគោលដៅមួយដែលសម្តេចបានស្នើទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ដោយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពរួចហើយ នៅថ្ងៃទី៩ ខែកុម្ភៈ បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងដឹកនាំប្រជុំមួយទាក់ទងនឹងរឿងខេត្តព្រះសីហនុនេះ ព្រោះការអភិវឌ្ឍវាលឿន។ បើវាលឿន វាមិនមែនមានតែមុខល្អទេ វាមានមុខមិនល្អដែរ។ វាមិនមែនមានមុខសកម្មទេ វាមានមុខអសកម្មដែរ។ សម្តេចក្រឡាហោមបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខេត្តព្រះសីហនុនេះ ក៏ជាគោលដៅមួយដែលខ្ញុំបានស្នើទៅសម្តេចនាយករដ្ឋមន្ត្រីរួចហើយ លោកឯកភាពហើយ ថ្ងៃទី៩ កុម្ភៈ នេះ បើគ្មានអ្វីប្រែប្រួលទេ ខ្ញុំនឹងធ្វើការប្រជុំមួយ ទាក់ទងនឹងរឿងខេត្តព្រះសីហនុនេះព្រោះការអភិវឌ្ឍវាលឿន។ បើវាលឿន មិនមែនមានតែមុខល្អទេ វាមានមុខមិនល្អដែរ។ វាមិនមែនមានមុខសកម្មទេ វាមានមុខអសកម្មដែរ អីចឹងយើងខំរុញនៅពេលវាសកម្ម។ ដោះស្រាយអ្វីដែលជាអសកម្ម នឹងប្រជុំអន្តរក្រសួងមួយ ដែលមានក្រសួងសំខាន់ៗពាក់ព័ន្ធមួយចំនួនចូលរួម។ក្នុងនោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយ ដែលខ្ញុំបានបញ្ជាទៅ ម៉ក់ ជីតូ ផង ហើយទៅខេត្តព្រះសីហនុនេះផង សៀមរាបមួយទៀត ហើយខេត្តមួយចំនួនទៀត ក៏ដូចគ្នាដែរ”។ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងដឹកនាំកិច្ចប្រជុំវាយតម្លៃលើរបាយការណ៍របស់គណៈកម្មការចម្រុះដែលបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាតិចិន ដែលរស់នៅក្នុងខេត្តព្រះសីហនុ។ អ្នកនាំពាក្យអគ្គស្នងការនគរបបាលជាតិបានបញ្ជាក់ថា កំណើនជនបរទេសនៅក្នុងខេត្តព្រះសីហនុកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងកើតមានបាតុភាពជាច្រើន ដូចជា ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្ដិសុខ និងចាប់ជម្រិតអ្នកវិនិយោគជាដើម។ ដោយសារតែបញ្ហានេះ ទើបបានជាក្រសួងមហាផ្ទៃ រៀបចំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យស្ថានភាពជនជាតិនៅក្នុងខេត្តព្រះសីហនុ ហើយកិច្ចប្រជុំពិនិត្យវាយតម្លៃ រៀបចំនីតិវិធីគ្រប់គ្រង ដើម្បីជីវភាពប្រជាពលរដ្ឋ និងបញ្ហាសន្តិសុខនៅខេត្តព្រះសីហនុ៕