Social Network

នាយករដ្ឋមន្ដ្រីនៃកម្ពុជា សង្ឃឹមថាកាសែតញូវយ៉កថាម នឹងមិនផ្សាយអាក្រក់ពីកម្ពុជា​ ព្រោះសម្ដេចមិនមានពានរង្វាន់ Fake News ជូនដូចប្រធានាធិបតីអាមេរិកទេ

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភ្នាក់ងារកាសែតញូវយ៉កថាមដែលមកកម្ពុជាថា ពេលត្រឡប់ទៅវិញនឹងផ្សាយព័ត៌មានល្អពីកម្ពុជា ពោលគឺមិននិយាយអ្វីអាក្រក់ពីកម្ពុជានោះឡើយ។សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ប្រសិនបើកាសែតញូវយ៉កថាមនិយាយអាក្រក់ ដែលប្រាសចាកពីទិដ្ឋភាពសង្គមបច្ចុប្បន្ននោះ ច្បាស់ជាមើលមុខជាមួយពលរដ្ឋកម្ពុជាមិនត្រង់នោះទេ ហើយមួយវិញទៀត សម្ដេចក៏មិនមានពានរង្វាន់ Fake News ជូនដូចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនោះទេ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្ឃឹមថាការសែតញូវយ៉កថាម ត្រឡប់ទៅវិញនឹងមិនចុះផ្សាយអាក្រក់ ហើយបើសិនជាអាក្រក់ អ្នកស្ទឹងត្រង់ អ្នកក្រូចឆ្មា ក៏ដូចជាកម្មករ កម្មការិនី គេនឹងមើលមុខខ្លួនហើយ ព្រោះថ្ងៃណុងថតបានទាំងអស់ពីគេឱប តាំងពីគេថើបគ្រប់សព្វ ប្រហែលជាគាត់ថត បានរូបថតច្រើនណាស់ ប៉ុន្ដែសង្ឃឹមថាយើងសុទ្ធតែជាមនុស្ស យើងមិនមែនជាសត្វទេ ជនជាតិណាក៏ដោយគឺសុទ្ធតែជាមនុស្ស ប្រសិនបើជាមនុស្ស ត្រូវហ៊ាននិយាយការពិត ប្រសិនសត្វបានវាចេះបន្លំ ហើយសង្ឃឹមថានឹងមិនបានទទួលពានរង្វាន់អំពី ព័ត៌មានខុសទេ (Fake News) បើទទួលពីដូណាល់ ត្រាំទទួលចុះ ប៉ុន្ដែទទួលពី ហ៊ុន សែន មិនទទួលទេព្រោះ ហ៊ុន សែន គ្មានពានរង្វាន់បែបនេះទេ»។ការមានប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលគម្រោងសាងសង់ស្ពាន និងផ្លូវនេះ គ្រោងចំណាយថវិកា ជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។សូមជម្រាបថា កាលពីពេលកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីឈ្មោះជ័យលាភី នៃពានរង្វាន់ព័ត៌មានបោកប្រាស់ ឬ Fake News Awards ឆ្នាំ២០១៧ របស់លោកហើយ ខណៈគេហទំព័រជាច្រើនត្រូវជាប់គាំង ដោយសារតែមានអ្នកចូលមើលច្រើនហួសហេតុពេក។ អ្នកសារព័ត៌មានដែលបានទទួលពានរង្វាន់កិត្តិយសនេះពី លោក ត្រាំ រួមមានមកពីសារព័ត៌មាន New York Times និង CNN ដែលឈរក្នុងចំណាប់ថ្នាក់កំពូលទាំងបី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកទី១៨ ខែមករា ឆ្នាំ២០១៨។យោងតាមគេហទំព័រប្លុកមួយរបស់គេហទំព័រ នៃគណបក្សសាធារណៈរដ្ឋកាលពីថ្ងៃពុធ អ្នកសារព័ត៌មានសេដ្ឋកិច្ច លោក Paul Krugman មកពី New York Times ដែលជាអ្នករិះគន់នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ថា សេដ្ឋកិច្ចអាមេរិកនឹងមិនអាចងើបឡើងវិញឡើយ បើសិនជាលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី បានជាប់ចំណាត់ថ្នាក់លេខមួយ នៃពានរង្វាន់ Fake News Awards នេះ។ចំណែកឯលេខពីរ គឺបានទៅលើអ្នកសារព័ត៌មាន ABC News លោក Brian Ross។ អ្នកសារព័ត៌មានរូបនេះបានរាយការណ៍ជាបន្តបន្ទាប់ ពីរឿងអាស្រូវទំនាក់ទំនងរវាងលោក ត្រាំ និងរុស្ស៊ី ខណៈអ្នកសារព័ត៌មានមកពី CNN ជាប់លេខបី។ ជាងនេះទៅទៀត បើទោះបីជាមិនបានលើកឈ្មោះចំៗ ប៉ុន្តែគេដឹងថា អ្នកសារព័ត៌មាន CNN គឺលោក Manu Raju ជាអ្នកទទួលបានជ័យលាភីនេះ ក្រោយលោករាយការណ៍ថា កូនប្រុសរបស់លោក ត្រាំ គឺលោក Donald Trump Jr. ទទួលបានព័ត៌មានមិនល្អជាច្រើនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន៕