Social Network

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនៅក្រុងបាវិត ជិត៣ម៉ឺននាក់ និងសម្ពោធដាក់ឲ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត

(បាវិត, ស្វាយរៀង)៖ នៅព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាល ជាមួយកម្មករ និយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាត់ខ្សែបូសម្ពោដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឲ្យដឹងថា កម្មករ និយោជិតដែលនឹងជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ មកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចមេនហាតធេនចំនួន ២៤ និងតំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ចំនួន២។ បើតាមលោក អ៉ិត សំហេង កម្មករ-និយោជិតទាំងអស់នេះ បម្រើការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតស្បែកជើងកីឡា ផលិតបាតស្បែកជើង ផលិតសម្លៀកបំពាក់របាំ ផលិតសម្លៀកបំពាក់មុជទឹក ផលិតសម្លៀកបំពាក់កីឡា ផលិតស្លាបព្រិល ផលិតកង់ ផលិតអំពូលភ្លើង ផលិតក្រណាត់ ផលិតឆ័ត្រ ផលិតថង់ប្លាស្ទិក ផលិតសម្ភារប្រើប្រាស់ និងសម្អាតផ្ទះ ផលិតអាវការពារសារធាតុគីមី ផលិតគ្រោងពូករឺស័រ ផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ផលិតសម្ភារអេឡិចត្រូនិក ផលិតខ្សែភ្លើង ផលិតដែកប៊ូឡុង ដំឡើងរថយន្ត និងសេវាកម្មដឹកជញ្ជូនជាដើម។ រោងចក្រ សហគ្រាទាំងនេះត្រូវបានបង្កើតឡើងដោយអ្នកវិនិយោគមកពីប្រទេសចិន សឹង្ហបុរី ជប៉ុន វៀតណាម អាមេរិក និងកូរ៉េ ហើយផលិតផលដែលផលិតបាន ត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាស្ទ្រី ខមផ្លេកស៍ ដែលនឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃស្អែក ដែលស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានលោករដ្ឋមន្ត្រីក្រសួងការងារអះអាងថា ត្រូវបានវិនិយោគលើផ្ទៃដីទំហំ ១១៤ហិកតា និងបានបើកដំណើរការចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដែលមានលោក លី ចេហូ ជាអគ្គនាយក។ តំបន់នេះ ជាតំបន់សេដ្ឋកិច្ចពិសេសទី១១ នៅក្នុងខេត្តស្វាយរៀង ដែលមានរោងចក្រដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) ជារោងចក្រដំបូងដែលចាប់ដំណើរការមុនគេ។ លោក អ៉ិត សំហេង បានកត់សម្គាល់ថា តំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាសនៅតំបន់នេះ បានកសាងឡើងនៅជិតព្រំដែនកម្ពុជា-វៀតណាម ហើយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។ ជាពិសេសបានបង្កើតមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន។ របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។ បច្ចុប្បន្នខេត្តស្វាយរៀងជាខេត្តមួយមានការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្មយ៉ាងលឿនក្នុងរយៈពេលចុងក្រោយនេះ ដែលមានរោងចក្រសហគ្រាស គ្រឹះស្ថានចំនួន១៦៥ មានកម្មករ និយោជិតចំនួន ៥៩,១៨៣នាក់។ បើតាមលោក អ៉ិត សំហេង ការអភិវឌ្ឍតំបន់នេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តស្វាយរៀងទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងចំណាយពេលពីរថ្ងៃនៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត។ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ជួបជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៤០លើក ដែលមានអ្នកចូលរួមសរុប ៤៨៥,០៣៨នាក់៕