Social Network

វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងបណ្តាញអង្គការសង្គមចិន ត្រៀមចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ចំនួន០៩

(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស. CSAF) ទទួលជួបលោក LIU Kaiyang អគ្គលេខាធិការរង នៃបណ្តាញអង្គការសង្គមស៊ីវិលចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (CNIE) និងមូលនិធិចិន ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CFPD) និងតំណាងអង្គការសង្គមស៊ីវិលចិន ចំនួន១២ ដើម្បីត្រៀមចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ ចំនួនចំនួន០៩។ កិច្ចពិភាក្សាត្រៀមចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ មានការអញ្ជើញចូលរួមពីសមាជិកទាំងពីរ មានចំនួនសរុបជាង៤០នាក់ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។ ជាមួយគ្នានេះលោក កឹមរ័ត្ន វិសិដ្ឋ ក៏បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះគម្រោងនានា ដែលមិត្តចិន បាននិងកំពុងអនុវត្តនៅកម្ពុជា សំដៅចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអង្គការសង្គមស៊ីវិល នៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូ អំពីភារកិច្ចបេសកកម្មរបស់ វ.ស.ស. និងចែករំលែកព័ត៌មាន និងបទពិសោធន៍សំខាន់ៗមួយចំនួន ពាក់ព័ន្ធសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ វ.ស.ស. នឹងចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ចំនួន០៩ ក្នុងអំឡុងពេល នៃទស្សនកិច្ចរបស់ភាគីមិត្តចិន នាពេលនេះ។ នាល្ងាចថ្ងៃដដែលនេះ វ.ស.ស. និង CNIE បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សា រវាងអង្គការសង្គមស៊ីវិលកម្ពុជា និងអង្គការសង្គមស៊ីវិលចិន ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងកំណត់នូវគម្រោងសហប្រតិបត្តិការអាទិភាពជាក់ស្តែង សំដៅឈានទៅអនុវត្តឱ្យចំទិសដៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង០២៕