Social Network

មោទនភាពជាតិ! និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ ដណ្តើមបានជ័យជំនះលេខ១ លើការប្រកួតប្រជែងនិយាយភាសាអង់គ្លេស ពីបណ្តាប្រទេសអាស៊ានបូក៣ កូរ៉េ ចិន ជប៉ុន

(ភ្នំពេញ)៖ យុវត្តីដ៏ស្រស់ស្អាតម្នាក់ ដែលជានិស្សិតសិក្សា នៅដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ ដណ្តើមបាន ជ័យជំនះលេខ១ លើការប្រកួតប្រជែងនិយាយភាសាអង់គ្លេស ពីបណ្តាប្រទេសអាស៊ានទាំង១០ បូកប្រទេសអាស៊ីខាងកើត៣ កូរ៉េ ចិន ជប៉ុន នៅលើទឹកដី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។ កញ្ញា ហេង សម្ផស្សភ័ក្រ បាននាំយកនូវជ័យលាភី ដែលមិនធ្លាប់មានពីមុនមក ជូនដល់ប្រទេសកម្ពុជា ជាពិសេស គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។ ទាក់ទងនឹងការចូលរួមនេះ លោក សុខ កុសិនារា សាស្រ្តាចារ្យដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា លោកពិតជារីករាយយ៉ាងក្រៃលែង ដែលបានឃើញផ្ទាល់និងស្តាប់ឮថា និស្សិតខ្មែរ ឈ្នះជាជ័យលាភី ចំណាត់ថ្នាក់លេខមួយ ក្នុងការប្រកួតប្រជែងជាមួយប្រទេសអាស៊ាន ទាំង១០ បូក៣ប្រទេសទៀត គឺចិន កូរ៉េ និងជប៉ុន ដែលជាប្រទេសជឿនលឿនខ្លាំងផ្នែកបច្ចេកវិទ្យា ការអប់រំ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀតជាច្រើន។ លោក សុខ កុសិនារា បន្តថា «យើងមានមោទនភាពខ្លាំងដែលសាកលវិទ្យាល័យរបស់យើង មានលទ្ធភាពអាចឈ្នះបានជាជ័យលាភី បើទោះបីជាប្រទេសកម្ពុជា ត្រូវប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងមួយចំនួនដែលបានប្រើប្រាស់ភាសាអង់គ្លេសជាភាសាចំបងក៍ដោយ។ នេះពិតជាបានសបញ្ជាក់ឲ្យឃើញថានិស្សិតយើងមានសមត្ថភាព ចំណេះដឹង និងជំនាញគ្រប់គ្រាន់ អាចប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ រហូតបានជ័យលាភីដ៍ត្រចះត្រចង់ដើម្បីជួយលើកស្ទួយកិត្តិយសរបស់ប្រទេសជាតិ និងមុខមាត់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់ នៅលើឆាកអន្តរជាតិ»។ លោក សុខ កុសិនារា បន្ថែមថាការទទួលបានជ័យជំនះ របស់និស្សិតខ្មែររូបនេះ ក៍មានការរួមចំណែកដែលបានកើតចេញពីការជួយជ្រោមជ្រែង ពីថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងមូល ជាពិសេសលោកស្រីបណ្ឌិត សាកលវិទ្យាធិការរង អ៊ុ រ៉ាវី ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ ក៍ដូចជាលោកបណ្ឌិត នាក់ ចិន្តារិទ្ធ ប្រធានស្តីទីដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ ដែលបានខ្នះខ្នែងសម្រួលដល់ភាពចាំបាច់នានាក្នុងការចាត់បញ្ចូននិស្សិតខ្មែរ ទៅចូលរួមការប្រកួតប្រជែងនិយាយភាសាអង់គ្លេស ជាមួយបណ្តាប្រទេសអាស៊ានទាំង១០ និងបូក៣ ក្នុងនោះមាន ប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន។ ចំពោះកញ្ញា ហេង សម្ផស្សភ័ក្រ ម្ចាស់ជ័យលាភី ការប្រកួតប្រជែងនិយាយភាសាអង់គ្លេស បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា វាពិតជាមិនងាយស្រួលនោះទេ ទំរាំតែកញ្ញា អាចដណ្តើមជ័យជំនះនេះមកបាន ការជោគជ័យដ៏អស្ចារ្យនេះ បានកើតចេញពីការខិតខំប្រឹងប្រែង តស៊ូ និងការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ មិត្តភ័ក្រ និងជាពិសេសកើតចេញពីការផ្តល់ឳកាស និងគាំទ្រពីថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញា ហេង សម្ផស្សភ័ក្រ បានប្រាប់ឲ្យដឹងថា «ខ្ញុំមិនសូវជាមានជំនឿចិត្តណាស់ណាទេ គ្រាន់តែគិតថា អាចចូលរួមប្រកួតប្រជែង បានតែមិននឹកស្មានថា ទទួលបានចំណាត់ថ្នាក់ល្អបែបនេះ ដោយសារតែគិតថា បណ្តាប្រទេសដទៃទៀត គឺខ្លាំងជាងយើង តែទោះយ៉ាងណា ខ្ញុំនៅតែប្រឹងប្រែងរហូតមានថ្ងៃនេះ។ ដើមឡើយមុនចូលប្រកួតប្រជែងខ្ញុំបាន សិក្សាស្រាវជ្រាវ តាមរយៈប្រព័ន្ធ Internet ម្យ៉ាងទៀត ខ្ញុំក៏មានបទពិសោធន៍ក្នុងការចូលរួមប្រកួតប្រជែងក្នុងវេទិកា សមាជិក ក្លឹបតស៊ូមតិនៃវិទ្យាស្ថានសិក្សាភាសាបរទេស IFL Debate Club ដែលមានការបង្រៀនរបៀបនិយាយលើការប្រកួតប្រជែង ព្យាយាមសិក្សាលើប្រធានបទ បំបែកទៅជាផ្នែកតូចៗ ដើម្បីយកទៅសិក្សាស្រាវជ្រាវ ទៅលើអ្វីដែលទាក់ទងទៅនឹងប្រធានបទ «ភាពចាំបាច់នៃឧត្តមសិក្សា នៅក្នុងយុគសម័យបច្ចេកវិទ្យា និងព័ត៌មានវិទ្យា»។ ម្ចាស់ជ័យលាភីដ៏ស្រស់ស្អាតរូបនេះ បានបន្ថែមថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំង ការជាប់លេខ១ ធ្វើឲ្យខ្ញុំសប្បាយ តែអ្វីដែលខ្ញុំសប្បាយចិត្តខ្លាំងជាងនោះ គឺជ័យជំនះនេះ ធ្វើឲ្យកម្ពុជាក្លាយជាលេខ១ នៅលើឆាកអន្តរជាតិ។ នាងខ្ញុំជានិស្សិតខ្មែរ ហើយនេះ ក៏ជាចំណាត់ថ្នាក់លេខមួយដែលកម្ពុជា ទើបតែទទួលបាន នៅក្នុងកម្មវិធីប្រកួតប្រជែងដែលមានប្រទេសជាច្រើនចូលរួមបែបនេះ។ ខ្ញុំមានមោទនភាព និងរីករាយដែលបាននាំយកចំណាត់ថ្នាក់លេខ១ មកកម្ពុជាវិញ។ ខ្ញុំទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ ទាក់ទងនឹងប្រធានបទ ដែលឆ្លុះបញ្ចាំងពីសង្គមពិត ក្នុងយុគសម័យបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យមួយដែលមានការគាំទ្រខ្លាំងដល់សិស្ស និស្សិតដែលមានសមត្ថភាព ចឹងសិស្សណា ដែលមានសមត្ថភាពត្រូវហ៊ានបញ្ចេញសមត្ថភាពឲ្យឆាកអន្តរជាតិ បានដឹងថា កម្ពុជា គឺពិតជាខ្លាំង»។ លោក សុខ កុសិនារា បានបញ្ជាក់ថា ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ គឺធ្វើឡើងដោយមានការវាយតម្លៃច្បាស់លាស់ ពី បណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University Network (AUN) នៅក្នុងប្រទេស ASEAN +3 China Korea and Japan)។ ក្នុងនោះ អ្នកវាយតម្លៃទាំង២៤ សាកលវិទ្យាល័យ បានវាយតម្លៃទៅលើ១៖ ទស្សនៈវិស័យ គំនិតឆ្នៃប្រឌិត និងភាពដែលអាចអនុវត្តបានលើគោលគំនិតទាំងនោះ, ទី២ វាយតម្លៃទៅលើផ្នែកចំណេះដឹងជាសាកលទាក់ទងជាមួយបណ្តាប្រទេសអាស៊ានបូក៣ទៀត គឺចិន កូរ៉េ ជប៉ុន គុណភាពស្រាវជ្រាវ ក៍ដូចជាសមត្ថភាពក្នុងការពន្យល់ទៅលើប្រធានបទដែលមានលក្ខណៈស៊ីចង្វាក់ ទី៣៖ ជំនាញនៃការនិយាយភាសាអង់គ្លេសប្រកបដោយគុណភាពនិងការទាញចំនាប់អារម្មណរបស់ទស្សនិកជន។ ក្រៅពីការចូលរួមនៅក្នុងការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានបញ្ចូននិស្សិតខ្មែរមួយរូបទៀត គឺកញ្ញា ឈរ រតនៈទេពី និស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ បានទៅចូលរួមនៅក្នុងវេទិកាអប់រំ ដែលមានបណ្តាប្រទេសអាស៊ាន ទាំង១០ និងអាស៊ានបូក៣ដូចគ្នា។ កញ្ញា ឈរ រតនៈទេពី បានបញ្ជាក់ថា ការទៅចូលរួមក្នុងវេទិកានេះ បានផ្តល់បទពិសោធន៍ជាច្រើន ដល់កញ្ញា ក្នុងការសិក្សាស្វែងយល់ពីនិតិវិធីក្នុងការធ្វើទំនាក់ទំនងការទូត ការឲ្យតម្លៃវប្បធ៌មចម្រុះ និងការចែករំលែកគ្នាពីគោលនយោបាយប្រទេសនីមួយៗផងដែរ នៅការរៀបចំជាគំរូនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី។ កញ្ញា ឈរ រតនៈទេពី បានបន្ថែមថា នេះជាមុខមាត់របស់កម្ពុជា ដែលមានឳកាសចូលរួមក្នុងឆាកអន្តរជាតិ និងបានផ្សព្វផ្សាយពីវប្បធម៌ និងការអប់រំ ទៅដល់បណ្តាប្រទេសទាំងអស់នោះ បានដឹង និងយល់ផងដែរ។ គួរបញ្ជាក់ថា នេះជាជោគជ័យដ៏ធំមួយ សម្រាប់កម្ពុជា ជាពិសេសគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមាននិស្សិតកម្ពុជា បានទទួលជ័យលាភីចំណាត់ថ្នាក់លេខមួយ មិនធ្លាប់មានពីមុនមក តាំងពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ចូននិស្សិត ទៅចូលរួមការប្រកួតប្រជែងកម្មវិធីនេះចំនួន៤លើកកន្លងមក។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ចូននិស្សិត ទៅចូលរួមការប្រកួតប្រជែងនិយាយភាសាអង់គ្លេស ចំនួន៥លើករួចហើយ ក្នុងនោះរួមមាន៖ លើកទី១៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ នៅក្នុងប្រទេសវៀតណាម ដោយនិស្សិតកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ លើកទី២៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយនិស្សិតកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ លើកទី៣៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅប្រទេសថៃ ដោយនិស្សិតកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ លើកទី៤៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅប្រទេសសាំងហ្គាពួរ ដោយនិស្សិតកម្ពុជា មិនទទួលបានចំណាត់ថ្នាក់នោះទេ លើកទី៥៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ដោយនិស្សិតកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៕