Social Network

មន្ត្រីមន្ទីរដែនដីខេត្តព្រះសីហនុគ្រោងប្តឹងទៅ ACU ដើម្បស្វែងរកយុត្តិធម៌

ខេត្តព្រះសីហនុ ៖ មន្ត្រីបានបង្ហើបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ពួកគាត់គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកយុត្តិធម៌។

មន្ត្រីដដែលបញ្ជាក់ទៀតថា តាំងពីលោក ចេង ស្រុង មកគ្រប់គ្រងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខេត្តព្រះសីហនុកាលណាមក បញ្ហាកើតមានឡើងមិនចេះចប់ និងច្របូកច្របល់ជាខ្លាំង ព្រោះតែប្រកាន់បក្សពួកនិយម។ ហើយការងារសំខាន់ៗត្រូវបានលោកប្រធានថ្មីប្រើសិទ្ធិអំណាចក្តោបយកម៉ត់គ្មានសល់ ដែលមួយមាត់ណាក៏យកឥទ្ធិពលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មកនិយាយមិនដាច់ពីមាត់ ក្នុងការគាបសង្កត់មន្ត្រីមិនឲ្យតវ៉ា រហូតធ្វើឲ្យមន្ត្រីមួយចំនួនដែលហ៊ានចេញមុខតវ៉ាត្រូវបានលោក ចេង ស្រុង ដកគ្រវែងចោលគ្មានសេសសល់ឡើយ តាមរយៈការធ្វើលិខិតស្នើសុំទៅអភិបាលខេត្ត ពិនិត្យ និងសម្រេចក្នុងការផ្លាស់ប្តូរតួនាទី តាមអំពើចិត្ត ទាំងមន្ត្រីទាំងនោះពុំមានកំហុស ឬ បញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ទាល់តែសោះ ផ្ទុយពីមាត្រា៤៥ និង៤៧ នៃច្បាប់លក្ខន្តិកៈមន្ត្រីរាជការ។

ដោយឡែកចំពោះការផ្លាស់ប្តូរភារកិច្ចមន្ត្រីថ្នាក់ការិយាល័យ ដែលធ្វើឡើងកាលពីថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រោមវត្តមានលោក ផៃ ប៊ុនវណ្ណះ អភិបាលរងខេត្ត គឺធ្វើឡើងដោយតក់ក្រហល់បំផុត។

មន្ត្រីខាងលើបន្តទៀតថា ការផ្លាស់ប្ដូរតួនាទីមន្ត្រីវាជារឿងធម្មតាទេ ហើយក៏មិនមែនជាការចម្លែកដែរ ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះគឺត្រង់ការទម្លាក់តំណែង របស់មន្ត្រីតែម្តងដូចជា (ពីអនុប្រធានការិយាល័យ មន្ទីរ ទៅជាអនុប្រធានការិយាល័យភូមិបាលស្រុក និងពីប្រធានការិយាល័យមន្ទីរ ទៅជា អនុប្រធានភូមិបាលស្រុក) ជាដើម ដែលជាការផ្ទុយទៅនឹងមាត្រា៥ និង៦ នៃច្បាប់លក្ខន្តិកៈមន្ត្រីរាជការ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីមានការផ្លាស់ប្តូរ រហូតមកដល់ពេលនេះ មន្ត្រីដែលត្រូវបានគេដកតួនាទីទាំងនោះ នូវមិនទាន់បានឃើញស្រមោល ឬក៏ខ្លឹមសារនៃសេចក្តីសម្រេចនោះនៅឡើយទេ សូម្បីផ្នែករដ្ឋបាលមន្ទីរ ក៏លោកប្រធានមិនឲ្យឃើញលិខិតនោះផង ព្រោះខ្លាចខ្ជរខ្ចាយដល់ដៃមន្ត្រី ហើយយកទៅបង្ហោះតាមបណ្តាញសង្គម Facebook នាំកើតរឿងប្តឹងតវ៉ា (នេះបើតាមការអះអាងរបស់មន្ត្រី)។       មន្ត្រីបានលើកឡើងទៀតថា បន្ទាប់ពីមានការដកមន្ត្រីជំនាញ ដែលធ្លាប់តែចេញមុខតវ៉ាទាំងនោះចេញភ្លាម លោក ចេង ស្រុង បានយកមន្ត្រីដែលជាខ្សែបក្សពួកខ្លួន មកបញ្ចូលជំនួសឲ្យកាន់ការងារសំខាន់ៗយ៉ាងគ្រអើតគ្រទមបំផុត ខណៈមន្ត្រីទាំងនោះពុំមានបទពិសោធន៍អ្វីទាល់តែសោះលើកិច្ចការងារជំនាញ ជាហេតុធ្វើឲ្យមន្ត្រីដែលបានបំរើការងារយូរឆ្នាំ ថែមទាំងមានបទពិសោធន៍ពេញខ្លួន នាំគ្នាមិនពេញចិត្តចំពោះទង្វើរបស់លោក ចេង ស្រុង ដែលចូលចិត្តប្រើឥទ្ធិពលអំណាច ក្នុងការដឹកនាំការងារ។

មានការបញ្ជាក់ថា លោក ចេង ស្រុង បានយកប្អូនថ្លៃរបស់ខ្លួនម្នាក់ ដែលអតីតគ្រាន់តែជាអ្នកបើកឡានឲ្យគាត់ មកអង្គុយនៅមុខប៊ុយរ៉ូ (មុខបន្ទប់) ដើម្បីចាំទទួល និងពិនិត្យឯកសារមុនដាក់ឆ្លងជូនគាត់ (ចេង ស្រុង)  ហើយបើឯកសារណាទទេស្អាត (អត់មានស្រោមសំបុត្រភ្ជាប់ជាមួយ) គឺគេទុកចោលអត់ខ្វល់ឡើយ….។ ចំណែកអ្នកកាន់ឯកសាររត់ការសុទ្ធតែជាខ្សែ ឬ ជាបក្សពួករបស់លោក ចេង ស្រុង ហើយត្រូវបានគេផ្តល់សិទ្ធិ និង ហៅចូលបន្ទប់ទារលុយទាំងអស់ សូម្បី១០ដុល្លារ (ករណីឯកសារ ហ៊ីប៉ូតែក) ក៏មិនលើងលែងផង។ ហើយការនិយាយស្តី មួយមាត់ណាក៏លោក ចេង ស្រុង យកឈ្មោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដាក់មុខរហូត និង និយាយថា «ខ្លួនមិនមែនចង់មកទេ តែឯកឧត្តម ឧបនាយករដ្ធមន្ត្រីឲ្យមក អញ្ចឹងខ្ញុំមានអីត្រូវខ្លាច..»។

មានការរិះគន់ថា បច្ចុប្បន្ននៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានក្លាយជាមន្ទីរបក្សពួកនិយម គ្រួសារនិយមទៅហើយ រីឯអនុប្រធានមន្ទីរទទួលបន្ទុកការងារអភិរក្ស និងប្រធានការិយាល័យអភិរក្ស ក៏ក្លាយជាមនុស្សជំនិតរបស់លោក ចេង ស្រុង ផងដែរ។

ជាមួយគ្នានេះក្រុមមន្ត្រីសូមសំណូមពរទៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាថ្នាក់ដឹកនាំដែលមន្ត្រីក្រោមឱវាទទាំងអស់តែងតែគោរព ស្រលាញ់ និងចាត់ទុកជាថ្នាក់ដឹកនាំម្នាក់ប្រកបទៅដោយការពិចារណានោះ មេត្តាជួយរកយុត្តិធម៌ជូនដល់មន្ត្រីដែលមានស្នាដៃ និងមានបទពិសោធន៍លើការងារជាច្រើនឆ្នាំ ហើយត្រូវបានលោក ចេង ស្រុង ដកចេញពីតំណែងយ៉ាងអយុត្តិធម៌បំផុត បើមិនដូច្នេះទេ ពួកគាត់នឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឹងអំអើពុករលួយ ឲ្យចុះស៊ើបអង្កេត ក្នុងរឿងនេះ ដើម្បីជួយរកយុត្តិធម៌ដល់ពួកគាត់។

គួររម្លឹកផងដែរថា លោក ចេង ស្រុង ដែលទើបតែឡើងកាន់តំណែងជាប្រធាន មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មិនទាន់ទាំងបានក្តៅគូថផង ក៏កើតមានរឿងអាស្រូវមិនចេះចប់ រហូតមានការតវ៉ាពីមន្ត្រី ធ្វើឲ្យលោក ចេង ស្រុង ខឹងសម្បា និងឈានដល់ការស្នើសុំសេចក្តីសម្រេចពីលោកអភិបាលខេត្ត ដើម្បីដកតួនាទីមន្ត្រីទាំងនោះគ្រវែងចោលថែមទៀតផង។                      ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់មន្ត្រីខាងលើនេះដែរ ភ្នំពេញដេលី បានព្យាយាមភ្ជាប់ទូរស័ព្ទទៅលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី ជាច្រើនដងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨ នេះ ដើម្បីសុំការបំភ្លឺ ប៉ុន្តែលោកមិនលើក៕ ដោយ ៖ តឹង សុភាព