Social Network

​សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា សៀងសាន លើកទី៨ នៅទីក្រុងប៉េកាំង​​

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា សៀងសាន លើកទី៨ «8Th Beijing Xiangshan Forum» នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ ការទៅបំពេញទស្សនកិច្ចរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ការបំពេញទស្សនកិច្ច នៅប្រទេសចិន របស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងពីថ្ងៃទី២២ ដល់២៤ ខែតុលា ឆ្នាំ២០១៨។ ចំណែក វេទិកាសៀងសាន លើកទី៨ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញចូលរួមនោះ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ក្នុងនោះសម្ដេចនឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គស្ដីពី «បញ្ហាប្រឈម និងកិច្ចសហប្រតិបត្តិការរក្សាសន្ដិភាព អង្គការសហប្រជាជាតិ»ផងដែរ។

សូមជម្រាបថា វេទិកា Xiangshan ប៉េកាំង លើកទី៨ (8Th Beijing Xiangshan Forum) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ ការកសាងសមភាព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូសន្តិសុខថ្មីមួយ នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ នឹងផ្តោតលើការពិភាក្សាផ្លាស់ប្តូរពីវិធីសាស្រ្តថ្មី ទស្សនៈថ្មីនៃការគ្រប់គ្រងសន្តិសុខអន្ដរជាតិ ការគំរាមកំហែង និងការទប់ទល់ទៅនឹងភេរវកម្ម រួមទាំងកិច្ចសហប្រតិបត្តិការ និងបញ្ហាប្រឈមមួយចំនួនទៀត។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំយោធា និងក្រសួង ស្ថាប័នការពារជាតិជិត១០០ប្រទេស មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប ទ្វីបអាហ្រ្វិក អាមេរិកឡាទីន ព្រមទាំងអង្គការអន្ដរជាតិ អ្នកប្រាជ្ញ អ្នកជំនាញបញ្ញវន្តល្បីៗផងដែរ៕