Social Network

លោក​ ចក់​ កុសល​ អតីតមអនុប្រធានមន្ទីព័ត៏មានខេត្តបន្ទាយមានជ័យ​ ទទួលបានអំណោយពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៏មាន

នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ ទីប្រឹក្សាក្រសួងព័ត៏មាន តំណាងដ៏ខ្ពង់ខ្ពង ឯកឧត្តម ខៀវ កញ្ញារិទ្ធ រួមដំណើរដោយលោក សេក សុខុម ប្រធានមន្ទីរព័ត៏មានខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខនិងនាំយកអំណាយរបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៏មាន និងលោកជំទាវ ជូនដល់លោក ចក់ កុសល។ ហើយក្នុងនោះដែរ លោក សេក សុខុម ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កញ្ញារិទ្ធ និងលោកជំទាវ ដល់លោកចក់ កុសល សូមអោយថែរក្សាសុខភាព និងឆាប់បានជាពីជំងឺ ដើម្បីជាម្លប់ដល់កូនចៅ និងជាមេគ្រួសារដ៏រឹងមាំ។ គួរំលឹកផងដែរថាបន្ទាប់ពីចូលនិវត្តន៍ លោក ចក់ កុសល អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បានមករស់នៅជាមួយគ្រួសារនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ។ លោកគឺជាមន្រ្តីដែលពោរពេញដោយសមត្ថភាពនិងមានវិជ្ជាជីវ:ច្បាស់លាស់ ហើយក៏ជាសាស្រ្តាចារ្យមួយរូបនៅក្នុងអង្គភាព ដែលមន្រ្តីជំនាន់ក្រោយសុទ្ធសឹងតែទទួលការបណ្តុះបណ្តាលពីលោក មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសាងនូវស្នាដៃនិងសមិទ្ធិផលជាច្រើននៅក្នុងអង្គភាព និងសង្គម។ ដោយសារតែមានជំងឺប្រចាំកាយជាង១០ឆ្នាំមកហើយនោះ ពីមួយថ្ងៃទៅមួយថ្ងៃជំងឺរបស់មិនមានការថមថយ ផ្ទុយទៅវិញគឺកាន់តែធ្ងន់ទៅៗ ដោយបច្ចុប្បន្នលោកមិនអាចនិយាយបាន និងមិនអាចដើរបានថែមទៀត ដែលធ្វើឲលោកបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ថែមទាំងត្រូវចំណាយថវិកាច្រើនសម្រាប់ធ្វើការព្យាបាលជំងឺរបស់ខ្លួន។ គួរបញ្ចាក់ផងដែរថា នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌ដល់អតីតមន្រ្តីក្រោមឱវាទ ដោយនៅក្នុងនោះអំណោយរួមមាន គ្រៀឺងឧបភោគ បរិភោគ និងថវិកា ៤លានរៀល៕