Social Network

ឯកឧត្តម សោម សឿន អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នារសៀលថ្ងែព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សោម សឿន សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិកា បានអញ្ជើញ ជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិកានៃគណបក្សខេត្ត រួមនឹងមានការអញ្ជើញចូលរួម ឯកឧត្តម សួន បវរ ប្រធានគណបក្សខេត្ត សមាជិក សមាជិកា មកពី៩ស្រុកក្រុង ជ៊ំវិញខេត្តបានចូលរួម នាសាលប្រជ៊ំ អាគារគណបក្សខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម សួន បវរ ប្រធានគណបក្សខេត្ត បានមានមតិស្វាគមន៍ចំពោះ ឯកឧត្តម សោម សឿន ដែលបានអញ្ជើញចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកបក្សដែលមកពី៩ស្រុកក្រុងជ៊ំវិញខេត្ត។ ឯកឧត្តមបន្តថា គណៈកម្មាធិការ និងក្រុមការងារទាំង៤ បានកសាងផែនការសកម្មភាពអនុវត្តជាក់ស្តែង ព្រមទាំងបានគ្រោងនូវមធ្យោបាយ សម្ភារៈ និងថវិកសម្រាប់គាំទ្រឲ្យកិច្ចប្រតិបត្តិការរៀងៗខ្លួន ស្របតាមគោលការណ៍ណែនាំ និងការគាំទ្រដោយផ្ទាលរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ។ ឯកឧត្តម បន្តថា ដោយផ្តើមចេញពីទង្វើល្អរបស់យើងធ្វើឲ្យប្រជាជន មហាជន សម្តែងនូការការគាំទ្រគណបក្ស និងកាន់តែមើលឃើញពីឧបាយកលពិសពុល របស់ពួកអគតិមួយចំនួន និងក្រុមអតីតបក្សប្រឆាំង ដែលបានប្រព្រឹត្តកន្លងមក។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម សោម សឿន បានមានប្រសាសន៍ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានកំណត់យ៉ាងច្បាស់ថា គណបក្សគឺជាអាយុជីវិតរបស់ខ្លួន ដូច្នេះរាល់ការសម្រេចចិត្តដឹកនាំ ចាត់តាំងអនុវត្ត តែងតែប្រកាន់ភ្ជាប់ ដោយយកគោលនយោបានរបស់គណបក្សជាស្នូល ដើម្បីដាក់ចេញផែនការ វិធានការ អនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យជាបន្តបន្ទាប់ ។ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា មន្ត្រីគណបក្សត្រូវមានលក្ខណៈសម្បត្តិ ៤យ៉ាងគឺ៖ ១. ត្រូវមានគោលជំហូរស្មោះត្រង់ចំពោះគណបក្ស និងផលប្រយោជន៍ជាតិ និងប្រជាជាតិ ។ ២. មានសុខភាពអាចបំពេញភារកិច្ចបាន ។ ៣. ត្រូវមានសមត្ថភាពទទួលរ៉ាបរ៉ង់សម្រេចបាននូវភារកិច្ចដែលបានប្រគល់ជូន។ និង៤. មានប្រជាប្រិយភាព ទទួលបានការគាំទ្រពីគណបក្ស ពីប្រជាជន និងមហាជន ។ ជាងនេះទៅទៀតឯកឧត្តម សោម សឿន ក៏បានជម្រុញឲ្យ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវខិតខំកសាងបក្ស និងសមាជិកបក្ស នៅតាមមូលដ្ឋានឲ្យបានខ្លាំងក្លា ពិសេសត្រូវតាមដាន និងក្តោបឲ្យបាននូវរាល់សមត្ថកម្មភាពរបស់គណបក្សប្រឆាំង នៅតាមមូលដ្ឋានឲ្យបានម៊ឹងម៉ាតបំផុត ៕