Social Network

មហាជន​រិះគន់​ស្លាក​យីហោ ស្លាក​សញ្ញា​ហាង​លក់ដូរ​សរសេរ​អក្សរ​ចិន ថៃ ធំៗ​លើ​អក្សរ​ខ្មែរ

ខេត្តបន្ទាយមានជ័យ ៖ មហាជនបានរិះគន់ថាស្លាកយីហោ ឬស្លាកសញ្ញាហាងលក់ដូរសរសេរអក្សរចិន,ថៃ ធំៗនិងលើអក្សរខ្មែរ ឬកន្លែងខ្លះមិនទាំងសរសេរអក្សរខ្មែរទៅទៀតនោះ ខណៈប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ,មន្ទិរទេសចរណ៍ខេត្តបន្ទាយមានជ័យនិងអាជ្ញាធរក្រុងប៉ោយប៉ែតថា ករណីនេះមន្ត្រីបានចុះអប់រំ ណែនាំហើយមួយដងជា២ដងហើយ តែម្ចាស់ដាក់ស្លាកទាំងនោះ មិនស្តាប់ មិនអនុវត្តតាម។ ប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ត្រីអង្គការសង្គមស៊ីវិល ឬនិយាយយរួមថា មហាជននៅក្រុងប៉ោយប៉ែតនិងភ្ញៀវទៅទស្សនានៅក្រុងប៉ោយប៉ែតបានរង្គាសចិត្ត មិនពេញចិត្ត ហើយសោកស្តាយយ៉ាងខ្លាំងនឹងការដាក់ស្លាកយីហោជាអក្សរចិន,អក្សរថៃក្នុងទំហំធំៗ ហើយនៅពីលើអក្សរខ្មែរឬជួនកាល សរសេរអក្សរបរទេសនេះ អត់ទាំងអក្សេរខ្មែរតែម្តងផងទៀត។ ស្លាកទាំងនោះដូចជាហាងអាហារ ផ្ទះសំណាក់ សណ្ឋាគារ ហាងកាហ្វេ ហាងអ៊ីនធឺណែត បៀរហ្គាដិន ....ទាំងនោះមាននៅ"តំបន់ប្លុកកាស៊ីណូ និហតាមមាត់អូរព្រំដែនកម្ពុជា ថៃ ", នៅក្នុងកាស៊ីណូក្នុងភូមិក្បាលស្ពាន១នៅម្តុំផ្លូវផ្សារដើមពុទ្រា ,និងជិតផ្សារប៉ោយប៉ែតថ្មីឬផ្សារអគ្គនិងនៅផ្លូវជាតិលេខ៥ក្នុងភូមិបាលីលេយ្យ១ បាលីលេយ្យ២ ភូមិប៉ោយប៉ែតនៃសង្កាត់-ក្រុងប៉ោយប៉ែត។ ហើយតំណាលគ្នានេះនៅក្រុងប៉ោយប៉ែតក៏លេចឡើងនូវវត្តមានហាងឬបន្ទប់បនស្រីពេស្សាចារជ្រកក្រោមស្លាក ម៉ាស្សា ធ្វើសរសៃ កែសម្ផស្សឬសាឡន ផងដែរនេះបើតាមអ្នកទាំងនោះនិង អ្នកតាមដានផ្សេងទៀតបានប្រាប់...នាថ្ងៃទី១៤ខែឧសភា ។ ពួកគេមានការខឹងសម្បា ហើយបានចាត់ទុកការសរសេរអក្សរបរទេសបែបនេះលើបូរណភាពទឹកដីកម្ពុជាបែបនេះ ថាជាការមើលងាយ វាយបន្ថោកតម្លៃខ្មែរខ្លួនឯង។ហើយថា នៅនៅប្រទេសគេវិញ ជួនកាលគេមិនឲ្យសរសេរអក្សរបែបនេះឡើយ។ ពួកគេទាំងនោះ ក៏បង្ហាញការយល់ដឹងពីច្បាប់ខ្លះដែររថា ច្បាប់កម្ពុជាតម្រូវឲ្យស្លាកសញ្ញាសរដេរអក្សរខ្មែរធំជាង ហើយនៅពីលើ រួចទើបសរសេរអក្សរអង់គ្លេស និងបន្ទាប់មកទើបអក្សរបរទេសដទៃនៅពីក្រោមនិងតូចជាងយ៉ាងតិចពាក់កណ្តាល។ លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តបន្ទាយមានជ័យ បាននិយាយថា អាជ្ញាធរ និងជំនាញមានច្បាប់ស្តីពីការដាក់ស្លាកយីហោជាអក្សរខ្មែរឲ្យធំជាង និងនៅពីលើអក្សរបរទេស។ តែករណីថា សរសេរជាអក្សរចិន,ថៃ អត់អក្សរខ្មែរ ឬមានដែរ តែនៅពីក្រោម និងតូចជាងនៅតំបន់ប៉ោយប៉ែតនោះ ជំនាញក៏ដូចជាអាជ្ញាធរមិនគាំទ្រទេ ។ ចំណែកលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតធ្លាប់និយាយកាលពីពីធីប្រកាសទទួលស្គាល់និងសម្ពោធទីស្នាក់ការសមាគមពាណិជ្ជកម្មចិន កម្ពុជានៅក្រុងប៉ោយប៉ែតថា អាជ្ញាធរបានណែនាំ ហាមឃាត់ជនជាតិចិនដែលប្រព្រឹត្តល្មើស។ឬធ្វើស្លាកយីហោខ្លួនជាអក្សរចិន គ្មានអក្សរខ្មែរ ។ ប៉ុន្តែពេលនេះ លោកនិយាយថា ករណីមានការរិះគន់ គឺអាជ្ញាធរបានចុះណែនាំហើយតែម្ចាស់កន្លែងនៅមិនទាន់អនុវត្តតាម។ ចំពោះលោក ឈឿន សេរីវុធ ប្រធានមន្ទិរទេសចរណ៍ខេត្តបន្ទាយមានជ័យវិញប្រាប់នាថ្ងៃទី១៤ខែឧសភាថា: តាមច្បាប់មួយរបស់ក្រសួងទេសចរណ៍ បានចែងថារាល់ស្លាកសញ្ញា យីហោ ទាំងឡាយ អោយសេសេរអក្សរខ្មែរជួរខាងលើ ហើយធំៗ ។ បន្ទាប់មកសរសេរអក្សរអង់គ្លេសពីក្រោម ហើយតូចជាងពាក់កណ្តាល និងបន្ទាប់ទើបអាចសរសេរអក្សរបរទេសផ្សេងទៀត (មានអក្សរចិន ,ជប៉ុន កូរ៉េ បារាំង. បានហើយតូចជាង។ លោកប្រធានមន្ទិរទេសចរណ៍រូបនេះបន្តថា ករណីស្លាកសញ្ញា ស្លាក់យីហោដែលសរសេរអក្សរចិនធំៗពីលើអក្សរខ្មែរនៅក្នុងទឹកដីខ្មែរនេះ មន្ទីរបានបញ្ជូនមន្ត្រីទៅពិនិត្យ និងណែនាំឲ្យអ្នកម្ចាស់ដកហូតឬលុបចោល៕