Social Network

សាលាបឋមសិក្សា កុមារសង្គ្រោះ ទទួលបានអាគារថ្មី១ មាន៥បន្ទប់ ដែលជាអំណោយលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ ឧកញ្ញាបណ្ឌិត សៀង ចាន់ហេង

បន្ទាយមានជ័យ ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា កុមារសង្គ្រោះ មានក្តីសប្បាយរីករាយ នៅពេលទទួលបានអាគារ ១ខ្នង មាន៥បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកត្តិយសសមាគមន៍ នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ្ញាបណ្ឌិត សៀង ចាន់ហេង ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតិភាពលោក ជំទាវទាំងពីរ រួមនឹងឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន បានចូលរួម នាព្រឹកថ្ងៃអង្គារ៍ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មានមតិស្វាគមន៍ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់នាំក្រុង ពិតជាមានក្តីរីករាយជាខ្លាំង ដែលទទួលបានអំណោយដ៏ថ្លៃថ្លា នូវអាគារមួយខ្នង មាន៥បន្ទាប់ ដែលជាអំណោយរបស់ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ ឧកញ្ញាបណ្ឌិត សៀង ចាន់ហេង ជូនដល់សាលាបឋមសិក្សា កុមារសង្គ្រោះនាពេលនេះ។ លោកបន្តថាសាលា កុមារសង្រ្គោះ១នេះ គឺជាសាលាមួយក្នុងចំណោមសាលាទូទាំង២៥ខេត្តក្រុង ដែលមានការបង្រៀនភាសា បារាំង ក្នុងម៉ោងសិក្សា ជាមួយគ្រូបរទេសស្ម័ត្រចិត្តមកបង្ហាត់បង្រៀនផ្ទាល់តែម្តង ។ លោកបន្តទៀតថា សាលាកុមារសង្រ្គោះ មានសិស្សសរុប ៣០៧ នាក់ ស្រី១៥៩នាក់ និងមានគ្រូបង្រៀន ១៤នាក់ ស្រី០៦នាក់។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត បានមានប្រសាន៍ថា អាគារសិក្សាថ្មីនេះ គឺជាសម្មិទ្ធិផលថ្មី១ សម្រាប់សិស្សានុសិសិ្ស បានរៀនសូត្រ ក្រេបយកចំណេះដឹង ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនទៅមុនជាលំដាប់ ។ អភិបាលរងខេត្តបានបន្តថា ជាមួយជោគជ័យដ៏ត្រចេះត្រង់ លើកវិស័យអប់រំ ក៏ដូចជាវិស័យជាច្រើនក្នុងប្រទេសកម្ពុជាត្រូវ បានសង្កេតឃើញថា មានការរីចម្រើនជាខ្លាំង នេះក៏ដោយសារយើងមានសុខសន្តិភាព ដែលអាចឲ្យក្មួយៗសិស្សានុសិស្សបានរៀនសូត្រដោយមិនមានការភ័យខ្លាច មិនដូចនាសម័យមុននោះទេ ដោយសូប្បីតែសាលារៀនក៏គ្មាន ត្រូវទៅរៀននៅតាមទីវត្តអារាម ដូច្នេះបន្ទាប់ពីបានអាគារមួយខ្នងនេះហើយលោកសង្ឃឹមថាក្មួយៗ ទាំងអស់នឹងខិតខំ រៀនសូត្រ ពិសេសលោកក៏សំណូមពរដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ត្រូវចូលរួមថែរក្សាសម្មិទិ្ធផលមួយនេះឲ្យបានគង់វង្ស ទុកសម្រាប់កូនចៅជំនាន់ក្រោយបានរៀនសូត្របន្ត ។ ក្នុងឱកាសនោះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ ឧកញ្ញាបណ្ឌិត សៀង ចាន់ហេង ក៏បាននូវយកនូវអំណោយមួយចំនួនចែកជូន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ។ ដោយក្នុងនោះ លោកគ្រូ អ្នកគ្រូក្នុង១កម្រង មាន៧១ នាក់ម្នាក់ទទួលបាន សារ៉ុង និងថវិកា ២ម៉ឺនរៀល ។ សិស្សានុសិស្ស ជាង៣០០នាក់ ម្នាក់ទទួល បានប៊ិច សៀវភៅ និងថវិកា២ពាន់រៀល រួមនឹងប្រជាពលរដ្ឋ ជាង៣០០នាក់ ម្នាក់ៗ ទទួលបានសារ៉ុង១ផងដែរ ៕