Social Network

ពិធី​បញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ០១ខ្នង​ និងអគារស្នាក់គ្រូបង្រៀន០១ខ្នង​ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ១ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ១ខ្នង ៣បន្ទប់ របស់សាលាបឋមសិក្សាថ្មគោល ស្រុកស្វាយចេក និងមានការចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា២០០នាក់ផងដែរ។ លោក សេង សឿង មេឃុំផ្គាំ បានសម្តែងអារម្មណ៍រីករាយនូវសមិទ្ធផលថ្មីមួយទៀតលើវស័យអប់រំនៅក្នុងឃុំរបស់លោកដែលនឹងលេចចេញជារូបរាងនាពេលដ៏ខ្លីខាងមុខនេះ ព្រោះវានឹងអាចសម្រួលដល់ដំណើរការការងារ និងជីវភាពរបស់លោកគ្រូអ្នកគ្រូបានមួយផ្នែកផងដែរ។ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ៖ ទាំងនេះគឺជាចំណងដៃថ្មីមួយមិនអាចកាត់ថ្លៃបាន និងជាចលនាជំរុញលើកទឹកចិត្តអោយលោកគ្រូ អ្នកគ្រូទាំងអស់ខិតខំបំពេញតួនាទីក្នុងការបង្រៀនសិស្ស ប្រកបដោយគុណភាពប្រសិទ្ធិភាពនិងតម្លាភាព និងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ហើយជំរុញការអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តអោយមានការរីកចម្រើនថែមទៀត ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលេីវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដ៏ទៃទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តម សួន បវរ ក៏បានប្រគល់ជូនថវិកាដល់គ្រូបង្រៀន១៥នាក់ ក្នុងម្នាក់ទទួលបាន៥មុឺនរៀល សិស្សានុសិស្សចំនួន១២០នាក់ ក្នុងម្នាក់ទទួលបានថវិកា៤ពាន់រៀល និងសម្ភារ:សិក្សាមួយចំនួន ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមចំនួន៨០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុងមួយផងដែរ៕