Social Network

ឈ្មួញ​អ្នកមាន​លុយ មានអំណាច កំពុង​សាងសង់​ផែ​ថ្ម រំលោភ​ឆ្នេរសមុទ្រ​ទាំង​កម្រោល​មិន ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់ ​និង​ច្បាប់​ឡើយ

ខេត្តព្រះសីហនុ ៖ ខណៈវិស័យដឹកជញ្ជូនភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុកំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ដោយខេត្តបានចែកចេញជា ជលយានប្រភេទក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកម្សាន្តក្នុងតំបន់ ឬរមណីយដ្ឋានតាមកោះនានាក្នុងខេត្តព្រះសីហនុជាពិសេស(កោះរុង និងកោះរុងសន្លឹម) ជាក់ស្ដែងមានក្រុមហ៊ុនមួយឈ្មោះ (ស្ពិតបូត មិនឱមារ្ស) SPEED BOAT MIN ORMAX ដែលកំពុងរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ សាងសង់សំណង់ផែ លយចូលឆ្នេរសមុទ្ររាប់សិបម៉ែត្រ ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ១ (រំដួលជើងភ្នំ) ក្រុង.ខេត្តព្រះសីហនុ។ បើតាមម្ចាស់ការដ្ឋានសំណង់ឥតច្បាប់មួយនេះបានប្រាប់អ្នកសារព័ត៌មានថា ពិតជាការដ្ឋានរបស់លោកពិតប្រាកដមែន តែការសាងសង់នេះលោកធ្វើជាផែជួសជុល អូប័រ តែប៉ុណ្ណោះ បើរដ្ឋត្រូវការដីនេះយកទៅអភិវឌ្ឍលោកមិនហាមឃាត់នោះទេ។ ហើយចំពោះអ្នកសារព័ត៌មានចង់ចុះផ្សាយរឿងនេះក៏ផ្សាយចុះ ម៉ាសេរី លោកមិនខ្វល់ច្រើននោះទេ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ កុម្ភៈ ឆ្នាំ ២០១៨ មានក្រុមការងារខេត្តដឹកនាំដោយលោក លី វាន់ដា ប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទដោយសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ចុះទៅធ្វើការពិនិត្យទីតាំងដីមួយកន្លែង ដែលម្ចាស់បានសាងសង់ផែ លយចូលសមុទ្រ និងបានរៀបខឿនថ្មត្រៀមចាក់ដី។ ក្នុងពេលចុះនោះក្រុមការងារបាននិពិត្យ និងសាកសួរម្ចាស់ទីតាំង រកឃើញថា ការដ្ឋានមួយនេះមិនមានច្បាប់អនុញ្ញាតនោះទេ។ បច្ចុប្បន្ននេះការដ្ឋានត្រូវ លោក លីវាន់ដា ប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរ សម្រេចធ្វើកំណត់ហេតុដោយហាមឃាត់មិនឱ្យសាងសង់បន្តទៀតនោះទេ ដោយតម្រូវឲ្យម្ចាស់សំណង់ទៅសូមច្បាប់ឱ្យបានត្រឹមត្រូវ។ ក្នុងករណីម្ចាស់សំណង់នៅតែរឹងទទឹងមិនស្តាប់តាមការណែនាំ ហើយនៅតែលួចធ្វើសកម្មភាពសាងសង់បន្តនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។ គួររំលឹកផងដែរថា កន្លងមកលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុធ្លាប់បានថ្លែងជារឿយៗថា (ចំពោះសំណង់ណាដែលសាងសង់រំលោភលើឆ្នេរសមុទ្រ ទោះសំណង់នោះមានសភាពតូចតាច ឬធំ ដូចជាកន្លងមកនៅឆ្នេរអូរត្រេះជាដើម ត្រូវតែហាមឃាត់និងវាយកម្ទេចចោល ហើយច្បាប់ក៏មិនអនុវត្តន៍ចំពោះតែប្រជាពលរដ្ឋនោះតែ ត្រូវតែស្មើភាពគ្នា មិនថា អ្នកមានលុយនិងមានអំណាចនោះទេ។ លោកអភិបាលខេត្តក៏បានបន្ថែមថា សំណង់ដែលត្រូវបានថ្នាក់ដឹកនាំខេត្តទទួលស្គាល់ឲ្យសាងសង់មានតែមួយប៉ុណ្ណោះ ស្ថិតនៅ អូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុមានរួចមកហើយ ដោយមិនមានការអនុញ្ញាតឲ្យមានការសាងសង់ផែឬសំណង់រំលោភនៅចំណុចឆ្នេរណាទៀតនោះទេ។ ចំពោះបញ្ហាសំណង់រំលោភច្បាប់សង់លើឆ្នេរសមុទ្រនេះ ប្រជាពលរដ្ឋកំពុងរង់ចាំមើលពីការអនុវត្តន៍ច្បាប់របស់សាលាខេត្តព្រះសីហនុ បើទោះបីជាពេលនេះត្រូវបានកំណត់ឲ្យធ្វើការផ្អាកជាបណ្ដោះអាសន្នចំពោះការសាងសង់នេះហើយក៏ដោយ៕