Social Network

ចប់​ហើយ​! គ្រឿង​សមុទ្រ​ឡើងថ្លៃ​ទ្វេដង ព្រោះ​ចិន​ក្រឡុក​ទីផ្សារ​

ជីវករលក់ដូរគ្រឿងសមុទ្រនៅផ្សារលើមួយចំនួន បានឲ្យដឹងថា គ្រឿងសមុទ្រដូចជា ក្ដាមសេះ បង្កងប៉ាក (បង្កងប៉ាកាំង) និងគ្រឿងសមុទ្រមួយចំនួនទៀតឡើងថ្លៃស្ទើរទ្វេដង។ ការឡើងថ្លៃដោយសារជនជាតិចិនសម្រុកទៅទិញដល់ផែទំនប់រលក ដោយពួកគេឲ្យតម្លៃថ្លៃជាងធម្មតា។អ្នកស្រី គា អ្នកលក់គ្រឿងសមុទ្រ និងទទួលធ្វើម្ហូបនៅផ្សារលើ ខេត្តព្រះសីហនុ បានប្រាប់ Sabay ថា ចាប់តាំងពីចិនសម្រុកមក នៅអំឡុងខែធ្នូ ២០១៧ មកដល់ពេលនេះ អ្វីៗប្រែប្រួល។ ការប្រែប្រួលសំដៅដល់ការឡើងថ្លៃ នៃគ្រឿងសមុទ្រ ដែលអ្នកស្រីបានទិញពីផែថ្លៃ ដូច្នេះ ក៏លក់ចេញវិញថ្លៃដែរ។ តើការឡើងថ្លៃគ្រឿងសមុទ្រហុចផលចំណេញដល់អ្នកលក់ ឬយ៉ាងណា? មិនចំណេញប៉ុន្មានទេ ផ្ទុយទៅវិញបាត់ចំណូលកាន់តែខ្លាំង ព្រោះបាត់បង់ភ្ញៀវខ្មែរ។ នេះជាការលើកឡើងអ្នកស្រី គា។អ្នកស្រី បានបន្ថែមទៀតថា ឥលូវនេះស្ងាត់ភ្ញៀវខ្មែរមកលេងខេត្តព្រះសីហនុ ស្ងាត់ភ្ញៀវមកទិញគ្រឿងសមុទ្រនៅផ្សារ ព្រោះតែតម្លៃគ្រឿងសមុទ្រ បានឡើងថ្លៃខ្លាំង។ «មិនដឹងធ្វើម៉េចទេក្មួយអើយ! បើមីងទិញគ្រឿងសមុទ្រមកពីផែទំនប់រលកគេឡើងថ្លៃ ហើយលក់វិញក៏ថ្លៃដែរ តែភ្ញៀវខ្មែររអ៊ូរឿងតម្លៃ ណាមួយឥឡូវនៅកំពង់សោមហ្នឹងគ្មានកន្លែងដេកទៀត ចិនជួលផ្ទះសឹងអស់ហើយ ដូច្នេះអត់សូវមានភ្ញៀវខ្មែរទេ។ ខ្ញុំបាត់ចំណូលសឹង ៦០-៧០% បើលក់មិនសូវដាច់ចឹង»។ អ្នកលក់ និងទទួលធ្វើគ្រឿងសមុទ្រនៅផ្សារលើរូបនេះបាននិយាយថា បច្ចុប្បន្នតម្លៃក្ដាមសេះប្រភេទលេខ១ លក់ចេញ គឺ១គីឡូ ចន្លោះ៧-៨ម៉ឺនរៀល ដែលពីមុនប្រហែល៥ម៉ឺនរៀលប៉ុណ្ណោះ ហើយគ្រឿងសមុទ្រខ្លះទៀតឡើងថ្លៃសឹងពាក់កណ្ដាល ឯណោះ។មីងព្រួយណាស់ក្មួយអើយ! បើនៅតែឡើងថ្លៃចឹង ព្រួយបារម្ភរកស៊ីមិនបាន ចេះតែបាត់ភ្ញៀវ។ ភ្ញៀវខ្មែរមិនសូវមក ឯភ្ញៀវចិនគេចូលទិញតែចិនគ្នាគេហ្នឹង!»។ អ្នកស្រី គា បន្ថែម។ផ្ទុយពីការព្រួយបារម្ភខាងលើ លោក ញឹម សុខន អ្នកនេសាទគ្រឿងសមុទ្រ ២០ឆ្នាំ នៅទំនប់កោះព្រាប (ទំនប់រលកចាស់) បានសម្ដែងការរីករាយព្រោះថា តម្លៃគ្រឿងសមុទ្របានឡើងថ្លៃ។ ការឡើងថ្លៃនេះនៅគ្រាចិនបានចុះទៅទិញដល់ផែទំនប់រលក គេដាក់តម្លៃឲ្យថ្លៃជាងមុន។ «បើបានថ្លៃចឹង! ពួកខ្ញុំមានទឹកមាត់លេបខ្លះ ហើយរកបានប៉ុន្មានគេទិញយកអស់ៗ មិនដែលខ្វល់អីទេ»។ ចំពោះតម្លៃទិញដល់ផែតែម្ដង គឺក្ដាមសេះលេខ១ គឺ ១គីឡូ តម្លៃ ៦៥ ០០០ រៀល ដែលពីមុនត្រឹម ៥៥ ០០០រៀល។ ចំពោះបង្កងប៉ាក (បង្កងប៉ាកាំង) ១គីឡូ តម្លៃ ៦២ដុល្លារ ដែលពីមុនត្រឹម ៣០ដុល្លារប៉ុណ្ណោះ និងបង្កងនាគ ១គីឡូ តម្លៃ១២០ដុល្លារ ដែលតម្លៃនេះឡើងសឹងពាក់កណ្ដាល។ «គ្រឿងសមុទ្រឥលូវមានទីផ្សារចំពោះចិន គេទិញយកទៅប្រទេសចិនផង ហើយក្រុមហ៊ុន ភោជនីយដ្ឋានចិន មកទិញដល់ៗកន្លែង ជាពិសេសពួកនៅកាស៊ីណូ ពួកគេចូលចិត្តបង្កងប៉ាក និងបង្កងនាគ សុទ្ធតែរបស់ថ្លៃៗ»។ លោក សខន បន្ថែម។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក តាំង សុចិត្រគីស្នា ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ បានប្រាប់ Sabay ដែរថា មែនទែនទៅការលក់ដូរ គឺជាទីផ្សារសេរី ហើយមួយរយៈនេះតម្រូវការខ្ពស់ ទើបតម្លៃមួយចំនួនមានការឡើងថ្លៃ។ ប៉ុន្តែប្រសិនបើការតម្លៃថ្លៃណាមួយមិនប្រក្រតីនោះ មន្ទីរ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ អំពីបញ្ហានេះ ដើម្បីណែនាំ ឬមានវិធានការផ្សេងៗ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ វត្តមានជនជាតិបានសម្រុកទៅខេត្តព្រះសីហនុច្រើនឡើងៗ ដែលធ្វើឲ្យតម្លៃផ្សេងៗ មានការកើនឡើង ក្រៅពីម្ហូបអាហារ និង ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។