Social Network

បង្ក្រាប​កន្លែង​បញ្ចាំង​កុន «Home Cinema» ក្រោយ​រកឃើញ​ភាពមិនប្រក្រតី​

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានចុះបង្ក្រាបទីតាំងបញ្ចាំងកុនអត់ច្បាប់មួយកន្លែង នៅក្បែរផ្សារសុវណ្ណា ដែលទីតាំងបញ្ចាំងកុន «Home Cinema» គឺជាផ្ទះល្វែងកម្ពស់៣ជាន់ ចែកជាបន្ទប់ៗជាច្រើន ដោយមានគ្រែ ពូក និងជាកុនបញ្ចាំងភ្ជាប់ទៅនឹងជញ្ជាំង។ ការចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រតិបត្តិការខាងលើនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ព្រុំ សំខាន់ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក យិន សាន អធិការនគរបាលខណ្ឌផងដែរ ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែ ពូកដេកទៀត ដែលអាចឲ្យអ្នកចូលមើលកុន អាចប្រព្រឹត្តសកម្មភាពអ្វីផ្សេងៗបាន។ សមត្ថកិច្ចបានឲ្យដឹងថា ពេលចុះពិនិត្យនៅខាងក្នុងបន្ទប់មើលកុននីមួយៗ ឃើញថា មានសុទ្ធតែដាក់ពូកដេកទៀតផង ហើយភាគច្រើនបំផុតនោះ ជាកន្លែងប្រមូលផ្តុំដោយក្រុមយុវវ័យ (សិស្សសាលា) ទាំងស្រីទាំងប្រុស និងខ្លះទៀតជាសង្សារ បានចូលទៅមើលកុន ក្នុងបន្ទប់បិទជិតនេះ។ ប្រភពបន្តថា សម្រាប់ក្រុមយុវវ័យមិនទាន់គ្រប់អាយុ ដែលសមត្ថកិច្ចបានឆ្មក់ចូលទៅឃើញនោះ គ្រាន់តែហៅអាណាព្យាបាលមកធានាតែប៉ុណ្ណោះ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕