Social Network

សមត្ថកិច្ចឃាត់ខ្លួន​នេន​មួយអង្គ ករណី​លួច​ព្រះ​ពុទ្ធរូប​ស្ពាន់​ទម្ងន់​ជាង​៣០​គីឡូ​

ខេត្តរតនគិរី ៖ កូននេនមួយអង្គ ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចយកព្រះពុទ្ធរូប១អង្គនៅក្នុងបន្ទប់កុដិលោក កាលពីវេលាម៉ោង៦ និង១១នាទី ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ។ មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា បានទទួលព័ត៌មានពីចៅអធិការវត្តបានរាយការណ៍ថា មានករណីចោរកម្មលួចព្រះពុទ្ធរូប១អង្គ នៅក្នុងបន្ទប់កុដិលោកភ្លាម កម្លាំងជំនាញអធិការនគរបាលស្រុកវើនសៃ បានចុះស្រាវជ្រាវភ្លាមៗ ក៏បានឃើញលោកនេន១អង្គ ឈ្មោះ ឡុង សុខន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិតាលន់ ឃុំស្លាម៉ាត ស្រុកស្អាង ខេត្តកណ្តាល បានមកគង់នៅវត្តភូមិវើនសៃរយៈពេល២យប់មកហើយ បន្ទាប់មកសមត្ថកិច្ចមានការសង្ស័យក៏បានសួរនាំ ពេលនោះកូននេនោះបានសារភាពថា ខ្លួនបានលួចយកព្រះពុទ្ធរូប១អង្គធ្វើអំពីស្ពាន់ទម្ងន់ប្រហែល៣៦គីឡូក្រាម នៅកុដ្ឋិលោកចៅអធិការវត្ត រួចយកទៅលាក់ទុកនៅរោងទូក.ង មុខវត្តក្បែរមាត់ទន្លេពិតប្រាកដមែន។ មន្ត្រីនគរបាលបន្តថា បន្ទាប់ពីបានសាកសួររួចរាល់ហើយ ក៏បាននាំទៅយកព្រះពុទ្ធរូបមកវិញភ្លាមនោះដែរ កម្លាំងនគរបាលបានសហការជាមួយការិយាល័យធម្មាការស្រុក និងអនុគុណធ្វើការផ្សឹកភ្លាមៗ រួចក៏នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕