Social Network

ករណីពុលទឹកនៅខេត្តមណ្ឌលគិរី កើនឡើងដល់ជាង៣០នាក់ហើយ

(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឡោ សុខា បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅមុននេះបន្ដិច នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលពុលទឹកនៅស្រុកកែវសីមា បានកើនឡើងជាង៣០នាក់ហើយ។ សូមបញ្ជាក់ថា ករណីពុលទឹកនេះបានកើតឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ដែលបណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ នៅព្រឹកនេះកើនឡើងដល់ជាង៣០នាក់។ ភ្នាក់ងារ  ប្រចាំខេត្តមណ្ឌលគិរី ក៏បានរាយការណ៍មកថា សម្រាប់ប្រជាពលរដ្ឋរងគ្រោះទាំង១៤នាក់នោះ ក្រោយពីមានការជួយសង្គ្រោះ ពុំមានប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយក្នុងនោះ មានប្រជាពលរដ្ឋចំនួន០៦នាក់ មានអាការៈធូរស្បើយហើយ អាចត្រឡប់ទៅគេហដ្ឋានវិញ។ នៅសល់០៨នាក់ទៀត កំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ។ សូមជម្រាបថា ករណីពុលទឹកនេះដែលនៅប៉ុន្មានថ្ងៃមុននេះ ក៏បានផ្ទុះឡើងផងដែរ នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់៕