Social Network

ផ្តល់​អំណោយ​មនុ​ស្សធ​ម៍​លើក​ទី​២ ជូន​ស្ត្រី​អភព្វ​សំរាល​បានកូន​ភ្លោះ​ស្រី​៣​នាក់ ត្រូវ​ស្វាមី​រត់ចោល​

ភ្នំពេញៈ នាល្ងាចថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ អនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធាន អនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ រួមទាំង សមាជិក សមាជិកា សង្កាត់ ភូមិ បាននាំ យកអំណោយមនុស្សធម៌របស់ អនុសាខាខណ្ឌ ជូនដល់ស្ត្រីមេម៉ាយម្នាក់ដែលឆ្លងទន្លេបានកូនស្រី៣នាក់ ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ រស់ក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ស្ត្រីដែលជួបជីវភាពខ្វះខាត ខាងលើមាន ឈ្មោះ ធន់ ដាណែត អាយុ ២៤ឆ្នាំ មុខរបរ អតីត ជាអ្នករត់តុ តាមភោជនីយដ្ឋាន នាពេលរាត្រី។ ស្ត្រីអភព្វដែលសំរាលបានកូន ភ្លោះ០៣នាក់នោះបានអោយដឹងថា ប្តី របស់នាង ជាជាងជួសជុលកំព្យូទ័រ អាយុ ២៧ឆ្នាំ បានរួមរស់នៅជាមួយនាងជិត ២ឆ្នាំ កន្លងទៅហើយ លុះពេលនាងមានផ្ទៃពោះ ៥ខែ គ្រូពេទ្យប្រាប់ថា នាងមានកូន ភ្លោះស្រី ០៣នាក់។ ក្រោយបានលឺថា ប្រពន្ធមានកូនរហូតដល់ទៅ ៣ បុរសជាប្តីមិនដឹងជាក្នុងចិត្តគិតអ្វី បានសម្រេចចាកចោលពីជីវិតប្រពន្ធ ទៅបាត់ស្រមោលសូន្យឈឹង ទាំងគ្មានក្តីនឹកស្រណោះអាលោះអាល័យអាសូរដល់ប្រពន្ធអ្វីបន្តិចសោះ ពិសេសគឺដំណក់ឈាមទាំង ៣គ្រាប់របស់គេនោះ។សូមរំលឹកថា កូនស្រីទាំង ៣នាក់ ដែលចាប់កំណើតក្នុងថ្ងៃតែមួយខាងលើ គឺកើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោងជិត១២ រំលងអាធ្រាត្រ នៅក្នុងផ្ទះរបស់ស្ត្រីជាម្តាយតែម្តង។ ដែលពួកគេកើតមុន២០ថ្ងៃ តាមកាលកំណត់របស់ក្រុមគ្រូពេទ្យដែលបានបញ្ជាក់ប្រាប់។ ក្នុងនោះដែរ ទារិកាទាំង ៣នាក់ នោះមានឈ្មោះកូនស្រីបងឈ្មោះ ស្រី លាភ ទី២.ឈ្មោះ ស្រី មាន និងទី៣.ឈ្មោះ ស្រីហេង កូនស្រីទាំង៣នាក់មកដល់ពេលនេះមានអាយុ ៣ខែហើយ។ ក្នុងឱកាសខាងលើនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានធ្វើការ សំណេះសំណាលសួរសុខទុក្ខស្ត្រីមេម៉ាយខាងលើ និង បានធ្វើការផ្តែផ្តាំផ្ញើរដល់ស្ត្រីខាងលើ សូមកុំអោយនាងគិតច្រើន ត្រូវសម្រាកអោយបានច្រើន និង ហូបចុកអោយបានទៀងទាត់ ទើបមានសុខភាពល្អ អាចនៅមើលថែទាំដល់កូនស្រីទាំង ៣នាក់ បន្តទៅពេលខាងមុខទៀត។