Social Network

រន្ទះបាញ់​ឆក់យកជីវិតមនុស្ស​២​នាក់ និង​របួសធ្ងន់​៣​នាក់​នៅ​ស្រុក​បន្ទាយ​អំពិល​

ខេត្តឧត្តរមានជ័យ ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈដែលហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល។ ជនរងគ្រោះ ទី១-ឈ្មោះ សុង ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (ស្លាប់នឹងកន្លែង)។ ទី២-ឈ្មោះ ឈៀត ជួប ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (ស្លាប់នឹងកន្លែង) ត្រូវជាកូន។ ទី៣-ឈ្មោះ សែ ឈៀត ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស) ត្រូវជាឪពុក។ ទី៤-ឈ្មោះ ឈៀត ណាន់ ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស) ត្រូវជាកូន និងទី៥-ឈ្មោះ ម៉ោញ ម៉េត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស)។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទៅភ្ជួរស្រែ ហើយមានភ្លៀងធ្លាក់ក៏នាំគ្នាទៅជ្រកក្រោមដើមឈើ ករណីនេះជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕