បណ្តាញសង្គម

ខ្មែរ​កាប់​ចិន​របួសធ្ងន់​ពីរ​នាក់​សង្ស័យ​ផ្តើមចេញពី​ជម្លោះ​រឿង​ប្រាក់ខែ

ខេត្តសៀមរាប ៖ បុរសជនជាតិចិនចំនួន២នាក់ត្រូវបុរសជាខ្មែរម្នាក់កាប់ច្រើនកាំបិតប៉័ងតោបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលករណីនេះសង្ស័យជម្លោះរឿងប្រាក់ខែ។ ជាមួយគ្នានេះបុរសជាខ្មែរ ក៍រងរបួសផងដែរ ដោយសារតែមានការប្រតាយប្រតប់គ្នា នៅក្នុងហេតុការណ៍ដ៍អាក្រក់នេះ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសខ្មែរ យកទៅសាកសួរផងដែរ។ សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ករណីនេះបានកើតឡើង នៅនាវេលាម៉ោងប្រហែល៨និង១០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។ ជនសង្ស័យឈ្មោះ សុក សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ ជននេះបានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិនចំនួន២នាក់ ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ។ ជនជាតិចិនដែលរងគ្រោះ១-ឈ្មោះ LU KAI ភេទ ប្រុស អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ២-ឈ្មោះ SHI SHOU ZHENG ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅគ្លីនិកសឹងរិទ្ធិរ៉េត។ មន្ត្រីដដែលបន្ថែមថា ករណីនេះ ទំនងជាជនសង្ស័យខឹងនឹងជនរងគ្រោះដែលនិយាយកុហកខ្លួន ច្រើនលើករឿងប្រាក់ខែ ពីព្រោះជនសង្ស័យជាអ្នកបើកឡានឲ្យជនរងគ្រោះខាងលើ។ បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងការសាកសួរ នៅការិយាល័យស៊ើបអង្កេតនៅឡើយ៕