បណ្តាញសង្គម

រកឃើញ​បបែល​ក្រៀម មាន​ផ្ទុក​សារធាតុ​បូរ៉ា​ក់ នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក​

ភ្នំពេញ ៖ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃច័ន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណ:កម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន៨ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារជម្ពូវ័ន ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ស្លឹកគ្រៃហាន់ ឈាមជ្រូក នំអាកោ ជ្រក់ស្ពៃជូរ បង្អែមគ្រប់មុខ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ៉ាតេ បបែលក្រៀម និងទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីណាមួយនៅលើគំរូ បបែលក្រៀម មានផ្ទុកសារធាតុ បូរ៉ាក់ នៅផ្សារអូរឡាំពិក ហើយបានធ្វើការដកហូត បបែលក្រៀម ចំនួន ២.៦០ គីឡូក្រាម យកមករក្សាទុកនៅសាខាផែស្ងួតចុងទី-ភ្នំពេញ ដើម្បីធ្វើការដុតកម្ទេចចោល។ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រួលក៏បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

photo_2018-11-19_16-05-44