បណ្តាញសង្គម

ជំងឺគ្រុនឈាមលើកុមារ​ និងមនុស្សធំ​មានការកើនឡើងនៅចុងខែវិច្ឆិកា ​និងដើមខែធ្នូ ឆ្នាំ​នេះ

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងឲ្យដឹងថា នៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៨នេះ មានការកើនឡើងនៃករណីជំងឺគ្រុនឈាមលើកុមារ និងមនុស្សធំ ដែលបណ្តាលឲ្យបណ្តាខេត្ត រាជធានីបានចាត់វិធានបាញ់ថ្នាំសម្លាប់មូសខ្លា និងបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែម និងអប់រំសុខភាព។ ជាមួយគ្នានោះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមបង្ការកុំឲ្យផ្ទុះជំងឺគ្រុនឈាមក្នុងតំបន់បងប្អូនរស់នៅ សូមបងប្អូនចូលរួមទាំងអស់ក្នុងការបំបាត់ជំរកដង្កូវទឹក ក្នុងផ្ទះ ជុំវិញផ្ទះបងប្អូន ទីសាធារណៈនានា និងក្នុងវត្តអារាម ការពារកូនកុំឲ្យមូសខាំដោយពាក់ខោអាវគ្របជិតខ្លួនកូន ពាក់ស្រោមជើង គេងក្នុងមុងជានិច្ចទាំងពេលថ្ងៃនិងពេលយប់។ ទន្ទឹមនោះសូមបងប្អូននាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ បើឃើញកូនក្តៅខ្លួនខ្លាំងផ្តល់ថ្នាំមិនចុះកំដៅ ឬសង្ស័យថា មានជំងឺគ្រុនឈាម ។ រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ខ្លាំង ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាលនៅជិតបងប្អូនបំផុតជាបន្ទាន់ ឫរាយការណ៍តាមលេខទូរស័ព្ទ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញចុះឆ្លើយតបជាបន្ទាន់៕