បណ្តាញសង្គម

ប្រជាពលរដ្ឋនៅក្នុង​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​

ឥណ្ឌា ៖ ភូមិមួយនៅក្បែរទីក្រុងភាគខាងត្បូងប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិទឹកយ៉ាងធ្ងន់ធ្ងរ ខណៈដែលពលរដ្ឋកំពុងពិបាកក្នុងការស្វែងរកទឹកសម្រាប់បរិភោគ។ ប្រជាពលរដ្ឋនៅក្នុងភូមិមេឡាយគូវី (Melaykuvi) ចាំបាច់ត្រូវដើររុញរទេះដែលមានដឹកពាងតូចៗក្នុងចម្ងាយ២ទៅ៣គីឡូម៉ែត្រដើម្បីទៅយកទឹកសម្រាប់ប្រើប្រាស់ និងបរិភោគ ហើយត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញ។ អ្នកភូមិម្នាក់បាននិយាយថា ការផ្គត់ផ្គង់ទឹកពីអាជ្ញាធរក្នុងតំបន់គឺមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ ហើយវិបត្តិនេះកាន់តែធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលរលកកម្តៅបានចាប់ផ្តើមកើនឡើង។ ទន្ទឹមនោះក្រុមអ្នកភូមិក៏បានជំរុញឲ្យអភិបាលរដ្ឋផ្តល់ការផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ផងដែរ ប៉ុន្តែសំណើរបស់ពួកគេហាក់ដូចជាគ្មាននរណាម្នាក់អើពើឡើយ។ សូមជម្រាបថា វិបត្តិនេះនឹងកាន់តែអាក្រក់ឡើងថែមទៀតនៅក្នុងខែឧសភា និងមិថុនា ដែលជាខែក្តៅខ្លាំងបំផុតនៅក្នុងប្រទេសឥណ្ឌា ខណៈដែលផ្នែកជាច្រើននៃភាគខាងត្បូង, ខាងជើង និងខាងលិចប្រទេសនេះមានកម្រិតសីតុណ្ហភាពប្រមាណ៤០អង្សាសេរួចទៅហើយ៕

លោក ត្រាំ ព្រមាន​ដើរចេញ​ពី​កិច្ចពិភាក្សា​ជាមួយ​លោក គីម ជុង​អ៊ុន ប្រសិន​មិន​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា​

អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមុនថា លោកនឹងដើរចេញពីកិច្ចពិភាក្សាដែលត្រូវបានគ្រោងនឹងធ្វើឡើងជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រសិនបើមិនបានផ្តល់លទ្ធផលជាផ្លែផ្កាទេ។ ការព្រមានបែបនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមគ្នាមួយរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដោយបានអះអាងថា សម្ពាធជាអតិបរិមានៅតែបន្តដាក់ទៅលើប្រទេសកូរ៉េខាងជើងរហូតទាល់តែអាវុធនុយក្លេអ៊ែរត្រូវបានលុបបំបាត់។ លោក អាបេ និង លោក ត្រាំ បានជួបពិភាក្សាគ្នានៅឯរមណីយដ្ឋានផ្ទាល់ខ្លួនរបស់លោក ត្រាំ ក្នុងរដ្ឋផ្លរីដា មុនពេលមានជំនួបកំពូលដែលអាចនឹងកើតឡើងរវាងលោក ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un)។ កាលពីថ្ងៃពុធដដែលនោះ លោក ត្រាំ បានបញ្ជាក់ថា ប្រធានចារកម្មរបស់អាមេរិក លោក ម៉ៃ ផមភីអូ (Mike Pompeo) បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីជួបជាមួយលោក គីម ជុងអ៊ុន សម្រាប់កិច្ចពិភាក្សាជាសម្ងាត់មួយ ដែលដំណើរទស្សនកិច្ចនេះបានកត់សម្គាល់ពីទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងប្រទេសទាំង២ចាប់តាំងពីឆ្នាំ២០០០មក។ លោក ត្រាំ បានបន្តថា លោក ផមភីអូ (Pompeo) បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយលោក គីម ហើយបានថាកិច្ចពិភាក្សាសម្ងាត់នោះបានប្រព្រឹត្តទៅយ៉ាងរលូនបំផុត។ ទន្ទឹមនោះ លោក ត្រាំ បាននិយាយថា ការចរចាកំពុងត្រូវបានធ្វើឡើងដើម្បីដោះលែងជនជាតិអាមេរិក៣នាក់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកូរ៉េខាងជើង៕

ផ្ទុះ​ម៉ាស៊ីន​ខ្ទាត​អំបែងនាំអោយ​បែក​កញ្ចក់​បង្អួច​យន្តហោះ តែ​សំណាង​បាន​ចុះ​ដោយ​សុវត្ថិភាព​នៅ​អាមេរិក ទោះ​ជា​ស្លាប់​អ្នកដំណើរ​ម្នាក់​

យន្តហោះមួយនៃក្រុមហ៊ុនអាកាសចរណ៍Southwest Airlinesជាមួយនឹងម៉ាស៊ីនខូចនិងកញ្ចក់បង្អួចបែកប្រុងបឺតអ្នកដំណើរចេញទៅក្រៅ បានធ្វើការចុះចតគ្រាអាសន្ននៅអាកាសយានដ្ឋានក្រុងហ្វីឡាដែលហ្វៀ កាលពីថ្ងៃអង្គារទី១៧មេសា បណ្តាលអោយអ្នកដំណើរ៨នាក់រងរបួស ក្នុងនោះម្នាក់របួសធ្ងន់ពួកមន្ត្រីនិយាយថា កញ្ចក់បង្អួចមួយបានបែកខ្ទេចនិងផ្នែកនៃគំរបម៉ាស៊ីនបានខូចខាត។ឧបទ្ទវហេតុព្រលឹងចុងសក់នេះ កើតឡើងខណៈយន្តហោះកំពុងធ្វើដំណើរពីអាកាសយានដ្ឋានLa Guardiaក្រុងញូវយ៉កទៅក្រុងដាឡាស រដ្ឋតិចសាស ជាមួយនឹងអ្នកដំណើរ១៤៣នាក់និងសមាជិកយន្តហោះ៥នាក់។ យន្តហោះBoeing Co 737-700បានធ្វើការចុះចតដោយសុវត្ថិភាព និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានធ្វើការស៊ើបអង្កេត រួមទាំងដឹកម៉ាស៊ីនយន្តហោះទៅត្រូតពិនិត្យផងដែរ។ អ្នកដំណើរម្នាក់នៅលើយន្តហោះបាននិយាយថាស្ត្រីម្នាក់ត្រូវបានខ្យល់ស្រូបចេញពីបង្អួចយន្តហោះបែកមួយខ្លះទៅហើយបន្ទាប់ពីវាបែកដោយសារបំណែកដែកដែលខ្ទាតមកពីម៉ាស៊ីន។តែអ្នកដំណើរក្នុងយន្តហោះបាននាំគ្នាជួយទាញនាងចូលមកវិញ។ រូបបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយបង្ហាញអ្នកដំណើរអង្គុយក្រោមជំនួយពីម៉ាសខ្យល់អុកស៊ីសែន ។ សូមបញ្ជាក់ថា ជាមួយនឹងយន្តហោះប្រមាណ៧០០គ្រឿងសុទ្ធតែស៊េរី 737 Southwestជាក្រុមហ៊ុនធំបំផុតនៅក្នុងលោកដែលប្រើយន្តហោះ Boeing 737ដែលល្បីខាងសុវត្ថិភាពល្អ។ ការមានបញ្ហាម៉ាស៊ីននេះនាំអោយគេនឹកឃើញព្រឹត្តិការណ៍ស្រដៀងគ្នាមួយលើយន្តហោះSouthwest Boeing 737-700 កាលពីខែសីហាឆ្នាំ២០១៦។ពេលនោះអំបែងខ្ទាតមកពីម៉ាស៊ីនបណ្តាលអោយតួយន្តហោះធ្លុះលើស្លាប និងបង្ខំអោយអាកាសយានិកចុះចតគ្រាអាសន្នផងដែរនៅរដ្ឋផ្លរីដា៕។អ្នកដំណើរដែលរបួសធ្ងន់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យនិងបានស្លាប់។

មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស​ជាង​៨៥០០​នាក់​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​

មីយ៉ាន់ម៉ា ៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint បានប្រកាសកាលពីថ្ងៃអង្គារ ទី១៧ មេសាថា អ្នកទោសជាង ៨៥០០នាក់ ត្រូវដោះលែងពីពន្ធនាគារ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក របស់អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Htay។ លោក Win Myint ដែលទើបចូលកាន់តំណែងកាលពីខែមុន ជំនួសលោក U Htin Kyaw បានបញ្ជាក់ថា ការដោះលែងនេះ គឺជាផ្នែកមួយនៃពិធីមនុស្សធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំមីយ៉ាន់ម៉ា ដែលគេហៅថា Thingyan។ លោកបញ្ជាក់ថា អ្នកទោសដែលត្រូវដោះលែង ភាគច្រើនជាអ្នកជាប់ទោសគ្រឿងញៀន។ ក្រៅពីនោះ ក៏មានជនបរទេសជាង៥០នាក់ និងអ្នកទោសនយោបាយ ៣៦នាក់ផងដែរ។ សូមជម្រាបថា មីយ៉ាន់ម៉ា បានដោះលែងអ្នកទោសជាច្រើនម៉ឺននាក់រួចមកហើយ ចាប់តាំងពីរបបយោធា ត្រូវបានបញ្ចប់ កាលពីឆ្នាំ២០១១៕

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​មី​យ៉ាន់​ម៉ា​នៅ​ថៃ សម្លាប់​មនុស្ស​៦​នាក់ របួស​១៧​នាក់​

រថយន្តក្រុងដឹកកម្មករមីយ៉ាន់ម៉ា បានធ្លាក់ចេញពីផ្លូវហាវ៉េមួយនិងក្រឡាប់នៅស្រុកមួង ខេត្តតាក ជិតព្រំដែនមីយ៉ាន់ម៉ា កាលពីដើមថ្ងៃអង្គារទី១០មេសាដោយសម្លាប់មនុស្ស៦នាក់និងរបួស១៧នាក់។ អ្នកដំណើរ៥២នាក់ស្ថិតក្នុងរថយន្តក្រុងពណ៌ក្រហមនេះ ជាកម្មករទើបមកពីមីយ៉ាន់ម៉ា និងពួកគេបានកំពុងធ្វើដំណើរទៅកាន់រោងចក្រមួយនៅថៃ។ រថយន្តបានបុកបង្គោលថ្មតាមដងផ្លូវនិងធ្លាក់ចូលស្នាមភ្លោះមុនក្រឡាប់។ បើតាមអ្នកបើកបរដែលមិនរងរបួស ខ្លួនបានបើករថយន្តចុះចំណោតកូនភ្នំតែមិនអាចបន្ថយល្បឿនដោយសារហ្វ្រាំងមានបញ្ហា ហើយក៏ព្យាយាមប្រើបង្គោលថ្មជួយទប់រថយន្ត តែរថយន្តបានធ្លាក់ចេញពីផ្លូវចូលស្នាមភ្លោះ។ គ្រោះថ្នាក់នេះបានកើតឡើងចម្ងាយប្រមាណតែ៥គ.ម ពីកន្លែងដែលរថយន្តក្រុងមួយទៀតបានឆេះសម្លាប់កម្មករមីយ៉ាន់ម៉ា២០នាក់កាលពីចុងខែមុន៕

រថយន្តក្រុង​ដឹក​សិស្ស​ក្រឡាប់​ធ្លាក់​ជ្រោះឆក់យកជីវិតមនុស្ស​៣០​នាក់​

ឥណ្ឌា ៖ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់កុមារ៣០នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តក្រុងដែលពួកគេជិះបានធ្លាក់ទៅក្នុងជ្រោះ នៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃម្សិលមិញ។ រថយន្តក្រុងមួយគ្រឿងនេះកំពុងបើកបរវិលត្រឡប់ចេញពីសាលារៀនមួយនៅក្នុងរដ្ឋហិម៉ាចាលប្រទេសនៃតំបន់ហិម៉ាល័យ ដែលនៅពេលនោះវាបានជ្រុលធ្លាក់ចេញពីផ្លូវជាតិ និងធ្លាក់ជម្រៅជាង៦០ម៉ែត្រទៅបាតជ្រោះនោះ។ គ្រូបង្រៀនម្នាក់ និងអ្នកបើកបរក៏ត្រូវបានបាត់បង់ជីវិតផងដែរក្នុងគ្រោះថ្នាក់នេះ។ សិស្សជាច្រើនត្រូវគេរាយការណ៍ថា បានប្រឹងប្រែងដើម្បីជីវិតរស់នៅរបស់ពួកគេ នៅមន្ទីរពេទ្យមួយចំនួនដែលនៅក្បែរនោះ។ សូមជម្រាបថា គ្រោះថ្នាក់ចរាចររថយន្តជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ហើយក្នុងឆ្នាំ២០១៦ មានមនុស្ស៤ម៉ឺននាក់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរបែបនេះ៕

មនុស្ស​ច្រើន​នាក់​ស្លាប់ និង​របួស​ក្នុងការ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅ​ស៊ី​រី​

ស៊ីរី ៖ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្នុងប្រទេសស៊ីរីបានរាយការណ៍ថា ប្រព័ន្ធការពារផ្លូវអាកាសរបស់យោធាស៊ីរីបានបាញ់ទម្លាក់មីស៊ីលចំនួន៨ដើមបន្ទាប់ពីមូលដ្ឋានទ័ពអាកាសដ៏ធំមួយកន្លែងស្ថិតក្នុងភាគកណ្ដាលប្រទេសស៊ីរីបានទទួលការវាយប្រហារដោយមីស៊ីល។ ទីភ្នាក់ងារព័ត៌មាននោះបានរាយការណ៍ថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសដែលស្ថិតនៅក្នុងខេត្តអូម (Homs) នោះទំនងជាស្នាដៃវាយប្រហាររបស់អាមេរិក។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកមិនបានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរីឡើយ។ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្នុងប្រទេសស៊ីរីបានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីនោះបានធ្វើឲ្យមនុស្សយ៉ាងតិច១៤នាក់បានស្លាប់ ឬរងរបួស។ ព័ត៌មានដែលថា មូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីទទួលរងការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារមួយដែលគេសង្ស័យថា ជាការវាយប្រហារដោយអាវុធគីមីទៅលើតំបន់មួយកន្លែងដែលគ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរីដោយបានបានសម្លាប់មនុស្សយ៉ាងតិច៤០កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ ក្រោយពីមានព័ត៌មាននៃការវាយប្រហារនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធរបស់គេដែលរុស្ស៊ី និងប្រទេសអ៊ីរ៉ង់នឹងទទួលរងផលវិបាកធ្ងន់ធ្ងរដោយសារទង្វើនេះ៕

ផ្ទុះ​គ្រាប់បែក​៣​គ្រាប់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​បង្ក​ឲ្យ​មនុស្ស​៤​នាក់​របួស​

បាងកក ៖ យ៉ាងហោចណាស់មានការបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់ នៅស្រុក Sungai Kolok ក្នុងខេត្ត Narthiwat ប្រទេសថៃនៅម៉ោងប្រហែល៦ល្ងាចកាលពីថ្ងៃទី០៩ មេសាម្សិលមិញ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។ សមត្ថកិច្ចបាននិយាយថា ក្នុងការបំផ្ទុះនេះ គឺបណ្ដាលឲ្យមនុស្សយ៉ាងតិច៤នាក់រងរបួស ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សមត្ថកិច្ច បានបញ្ជាក់ថា គ្រាប់បែកទី១ បានផ្ទុះនៅក្បែរសណ្ឋាគារ Plaza និង២គ្រាប់ទៀត ផ្ទុះនៅលើដងផ្លូវ Prachawiwat។ យ៉ាងណាមិញ សមត្ថកិច្ច នៅពុំទាន់ដឹងពីមូលហេតុនៃការបំផ្ទុះនេះនៅឡើយទេ៕

ផែនការ​ធ្វើ​ដំណើរ​របស់​ទេសច​ររាប់ពាន់នាក់​ត្រូវ​រលាយ​ដោយ​សារ​ហ្វីលីពីន​បិទ​កោះ​មួយ​

អ្នកទេសចររាប់ពាន់នាក់មើលឃើញផែនការធ្វើដំណើរកម្សាន្តរបស់គេត្រូវផ្លាស់ប្តូរ ខណៈហ្វីលីពីនបានប្រកាសថាខ្លួននឹងកេណ្ឌប៉ូលិសដើម្បីរារាំងមិនអោយពួកទេសចរចូលកោះBoracayដែលជាកោះល្អបំផុតមួយនៅក្នុងលោក។ កោះមួយនេះទើបត្រូវបានបោះឆ្នោតជាប់ជាកោះល្អបំផុតមួយនៅក្នុងលោកកាលពី២ឆ្នាំមុន តែសម្រាមនិងការបង្ហូរទឹកសំអុយកាន់តែជាបញ្ហាជាហេតុនាំអោយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតេ ប្រកាសបិទវាកន្លះឆ្នាំ ដើម្បីសម្អាតនិងស្តារបរិស្ថានឡើងវិញ។ ត្រូវចាប់ផ្តើមចាប់ពីថ្ងៃ២៦មេសា ការបិទនេះនាំអោយមានការលុបចោលផែនការកម្សាន្តសម្រាកកាយនិងអាពាហ៍ពិពាហ៍ខណៈប៉ូលិសទាហានបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យប្រាប់អោយទេសចរចេញទៅវិញ។ ទោះជាយ៉ាងណា មនុស្សប្រមាណ១៧.០០០នាក់រស់នៅលើកោះBoracayនឹងទទួលបានប្រាក់ឧបត្ថម្ភខ្លះពីរដ្ឋដោយសារតែការបិទនេះប៉ះពាល់ដល់មុខរបររបស់ពួកគេ។ក្នុងពេលជាមួយគ្នា សណ្ឋាគារ ផ្ទះសំណាក់ការីទេសចរណ៍និងស្ថាប័នផ្សេងទៀតរាប់រយត្រូវមមាញឹកទូទាត់ថ្លៃកក់សំបុត្រឬបន្ទប់ជូនភ្ញៀវវិញព្រោះអ្នកខ្លះបានកក់បន្ទប់ទុកតាំងពី២ឆ្នាំមុន។ពិធីមង្គលការចំនួន១៩គូ ភាគច្រើនទៅពីបស្ចិមប្រទេស ក៏ត្រូវបានលុបចោលផងដែរ។ សូមបញ្ជាក់ថា ភ្ញៀវទេសចរប្រមាណ២លាននាក់បានទៅកម្សាន្តលើកោះនេះក្នុងមួយឆ្នាំៗ។ អាជ្ញាធរថៃ កាលពីខែមុនក៏បានប្រកាសបិទឆ្នេរខ្សាច់ Maya Bayលើកោះហ្វីហ្វី ឡេ រយៈពេល៤ខែដើម្បីអោយផ្កាថ្មនិងជីវិតសមុទ្រវិលទៅរកសភាពល្អដូចកាលពីមុន៕

៣​នាក់​របួស​ដោយ​រញ្ជួយ​ដី​កំលាំង​៥,៧​រិ​ច្ឆ​ទ័រ​នៅ​ជប៉ុន​

រញ្ជួយដីមួយបានវាយប្រហារជប៉ុនខាងលិចកាលពីថ្ងៃចន្ទទី៩មេសា ដោយបណ្តាលអោយមនុស្ស៣នាក់រងរបួសតិចតួច ហើយបង្កការខូចខាតអាគារ និងផ្លូវថ្នល់ នេះបើតាមរបាយការណ៍សារព័ត៌មានជប៉ុន។ អាជ្ញាធរក៏បានព្រមានថា រញ្ជួយដីថែមទៀតអាចកើតមាននៅប៉ុន្មានថ្ងៃទៅមុខ។រំញ័រនៅទីរាក់នេះ ត្រូវបានទីភ្នាក់ងាររញ្ជួយដីជប៉ុនថាមានកំលាំង៦,១ តែអង្គការអង្កេតភូមិសាស្ត្រអាមេរិក បាននិយាយថាវាមានកម្លាំង៥,៧រិច្ឆទ័រ។វាបានធ្វើអោយកក្រើកភាគខាងលិចកោះហុនស៊ូ នៅចម្ងាយ៩៦គ.ម ខាងជើងក្រុងហ៊ីរ៉ូស៊ីម៉ា។ បើតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ មនុស្ស៣នាក់បានរងរបួសតិចតួច ខណៈផ្ទះប្រមាណ១០០ដាច់ទឹកនិងផ្ទះជិត៥០ដាច់ចរន្តអគ្គិសនី។អាគារនិងផ្លូវក៏រងការខូចខាតខ្លះផងដែរ តែស្ថានីយអគ្គិសនីដើរដោយថាមពននុយគ្លេអ៊ែរនៅជិតនោះមិនមានបញ្ហាទេ។ ជប៉ុនស្ថិតលើតំបន់ដែលគេហៅថា«កងភ្លើង» ដែលជាផ្នែកដ៏ធំមួយនៃការរញ្ជួយដីនិងភ្នំភ្លើងនៅលើពិភពលោក ។រញ្ជួយដីដ៏មហាហិនហោចកំលាំង៩រិច្ឆទ័រមួយ កាលពីថ្ងៃ១១ មីនា ឆ្នាំ២០១១ បានបង្ករលកយក្សស៊ូណាមី សម្លាប់មនុស្សរាប់ពាន់នាក់៕

សិល្បការិនីថៃស្លាប់ក្នុងគ្រោះថ្នាក់រថយន្តនៅអាយុទ្យា

សិល្បការិនីថៃម្នាក់បានស្លាប់នៅពេលរថយន្តBMWរបស់នាងបើកធ្លាក់ផ្លូវហើយបុកបង្គោលចរាចរណ៍និងហួសទៅបុកដើមឈើនៅក្នុងខេត្តអាយុទ្យាកាលពីព្រឹកថ្ងៃសៅរ៍។ នាងណាត់នីចា ចឺតជូប៊ូបផាការី អាយុ២១ឆ្នាំ ត្រូវគេស្គាល់តាមរយៈឈ្មោះ«អ៊ិន»ក្រោយសម្តែងជាក្មេងម្នាក់ក្នុងរឿងភាគតាមទូរទស្សន៍មួយចាប់ពីឆ្នាំ២០០២ដល់ ២០០៦។នាងក្រោយមក បានក្លាយជាអ្នកបង្ហាញម៉ូតនិងអ្នកចំរៀងហើយបានចេញអាល់ប៊ុមចំនួន៣។ មួយរយៈពេលចុងក្រោយនេះ នាងបានសម្តែងជាតួរងនៅក្នុងភាពយន្តរឿងKankrai, Khai, Pha Mai (កន្ត្រៃយ៍ ស៊ុត សូត្រព្រែ)។ រថយន្តរបស់នាងបានធ្លាក់ចូលចិញ្ចើមផ្លូវ ហើយប៉ូលិសសង្ស័យថានាងទំនងជាបើកលឿននិងបាត់ម្ចាស់ការចំពេលផ្លូវរអិលក្រោយភ្លៀង៕

យន្ដហោះ​ចម្បាំង​កូរ៉េខាងត្បូង​មួយគ្រឿង​ធ្លាក់​នៅលើ​ភ្នំ​ភាគខាងត្បូង​ប្រទេស

កូរ៉េខាងត្បូង ៖ កងកម្លាំងអាកាសរបស់កូរ៉េខាងត្បូងបាននិយាយថា យន្តហោះចម្បាំង F-15K មួយគ្រឿងបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍នៅឯភ្នំមួយនៅភាគខាងត្បូងប្រទេស ។ វាមិនច្បាស់ភ្លាមៗនោះទេអំពីអ្វីដែលបណ្តាលឲ្យធ្លាក់ ឬថាតើអ្នកបើកយន្តហោះទាំងពីរនាក់បានចោទប្រកាន់លើប្រព័ន្ធសុវត្ថិភាព។ កងកម្លាំងទ័ពអាកាសបាននិយាយថា នាវិកកំពុងស្វែងរកអ្នកបើកយន្តហោះដែលកំពុងហោះហើរត្រលប់មកមូលដ្ឋានរបស់ពួកគេនៅក្នុងទីក្រុង Daegu បន្ទាប់ពីបេសកកម្មមិនជាក់លាក់មួយ ។ មន្ត្រីម្នាក់មកពីនាយកដ្ឋានពន្លត់អគ្គិភ័យ Chilgok បាននិយាយថា អ្នកពន្លត់អគ្គិភ័យ និងអ្នកជួយសង្គ្រោះរាប់សិបនាក់បានចូលទៅជិតតំបន់ភ្នំដោយការជើង ហើយមិនមានរូបភាពនៃបំណែកយន្តហោះត្រូវបានគេឃើញនៅឡើយទេ ។បុគ្គលិកម្នាក់នៅក្លឹបវាយកូនហ្គោលមួយនៅក្បែរតំបន់នោះបាននិយាយថា គាត់បានឮនូវអ្វីដែលហាក់ដូចជាការផ្ទុះមួយដែលបានធ្វើឲ្យអគាររបស់គាត់រញ្ជួយយ៉ាងខ្លាំង ។ កងកម្លាំងអាកាសបាននិយាយថា មិនមានជនស៊ីវិលរងរបួស ឬខូចខាតទ្រព្យសម្បត្តិណាមួយត្រូវបានគេរាយការណ៍នៅឡើយទេ៕

រុស្ស៊ី​អំពាវនាវឲ្យអាមេរិក​ឲ្យ​បញ្ឈប់​សកម្មភាព​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ជាបន្ទាន់​

រុស្ស៊ី ៖ ក្រសួងការបរទេសរុស្ស៊ីបានផ្ដាំទៅសហរដ្ឋអាមេរិកឲ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពយោធាទាំងអស់របស់ខ្លួននៅក្នុងឧបទ្វីបកូរ៉េ ខណៈដែលការប្រកាសប្រាប់នេះ ធ្វើឡើងក្រោយពីអាមេរិក និងកូរ៉េខាងត្បូង បានបន្តឡើងវិញនូវសមយុទ្ធរួមគ្នាមួយ នៅដើមខែមេសានេះ ក្រោយពីកូរ៉េខាងត្បូងបានរៀបចំកីឡាអូឡាំពិករដូវរងារួចរាល់។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី RIA។ សារព័ត៌មានដដែលបញ្ជាក់ទៀតថា សកម្មភាពដូច្នេះរបស់អាមេរិកនឹងមិនអាចជួយកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េបានឡើយ។ ទោះបីយ៉ាងណានៅមិនទាន់មានការអធិប្បាយណាមួយពីខាងទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ជុំការអំពាវនាវរបស់រុស្ស៊ី។ សូមជម្រាបថា សមយុទ្ធរួមគ្នារវាងអាមេរិក-កូរ៉េខាងត្បូង មានការចូលរួមពីកងកម្លាំងប្រទេសទាំង២ចំនួនជាង ៣២ម៉ឺននាក់ ដោយក្នុងនោះមានទ័ពអាមេរិកជាង ២ម៉ឺននាក់ និងទ័ពកូរ៉េខាងត្បូង ៣០ម៉ឺននាក់។ សមយុទ្ធនេះនឹងមានរយៈពេលពេញ១ខែមេសា ច្រើនជាងការធ្វើសមយុទ្ធរៀងរាល់ឆ្នាំទ្វេដង ដែលជារឿយៗចាយពេលត្រឹម ២សប្ដាហ៍ប៉ុណ្ណោះ៕

ប៉ូលិស​ប្រាប់​មូលហេតុ​ករណី​បាញ់ប្រហារ​នៅ​ស្នាក់ការ​កណ្តាល YouTub

អាមេរិក ៖ ប៉ូលិសនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃទី៤មេសាថា ស្ត្រីជាជនបង្កមានឈ្មោះ Nasim Najafi Aghdam ជនជាតិអ៊ីរ៉ង់ រស់នៅលើទឹកដីអាមេរិក។ ប៉ូលិសបន្តថា មូលហេតុដែល Nasim ប្រព្រឹត្តបទល្មើសនេះឡើងក៏ព្រោះតែនាងមិនពេញចិត្ត និងជួបរឿងអយុត្តិធម៌នៅលើបណ្ដាញសង្គម YouTube។ Nasim ជាអ្នករកលុយតាម YouTube ម្នាក់ ដែលតែងបង្ហោះវីដេអូជារឿយៗជាភាសាអង់គ្លេស។ មុនកើតហេតុ Nasim ធ្លាប់បង្ហោះវីដេអូមួយរៀបរាប់ថា គណនី (Channel) របស់នាងត្រូវបាន YouTube រើសអើង ហើយចំនួនរកលុយ និងអ្នកទស្សនាកាន់តែធ្លាក់ចុះទៅៗ។ មេប៉ូលិសទីក្រុង San Bruno លោក Ed Barberini ប្រាប់ថា៖ "អ្វីដែលយើងដឹងគឺថា នាងស្រងាកចិត្តនឹង YouTube... នេះហើយជាកត្តាជំរុញ"។ នេះតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ សូមជម្រាបថា កាលពីថ្ងៃទី០៣ មេសា ២០១៨ មានស្ត្រីម្នាក់បានយកកាំភ្លើងទៅបាញ់បុគ្គលិកក្រុមហ៊ុនបណ្ដាញសង្គម YouTube នៅទីស្នាក់ការកណ្ដាល ដែលបណ្ដាលឲ្យមនុស្សរងរបួសចំនួន ៣នាក់ (ធ្ងន់ម្នាក់)។ ក្រោយពីបង្កហេតុ ស្ត្រីជាខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងភ្លាមៗវិញផងដែរ៕

អាមេរិក​នឹងដាក់​ពង្រាយ​យោធា​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​

អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្ដេជ្ញាបញ្ជូនទាហានអាមេរិកឲ្យទៅការពារសុវត្ថិភាពនៅតាមព្រំដែនភាគខាងត្បូងប្រទេសដែលជាប់ជាមួយប្រទេសម៉ិកស៊ិក។លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់យោធាដើម្បីការពារព្រំដែនភាគខាងត្បូងដែលនោះគឺជាជំហានដ៏ធំមួយ។ អំឡុងពេលនៃកិច្ចពិភាក្សាជាមួយប្រមុខដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់បាល់កង់កាលពីថ្ងៃអង្គារ លោក ត្រាំ បានបញ្ជាក់ថា លំហូរនៃជនចំណាកស្រុកម៉ិកស៊ិកខុសច្បាប់មកកាន់សហរដ្ឋអាមេរិកបានធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងស្ថិតនៅក្នុងហានិភ័យ។ សូមជម្រាបថា ជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា (Barack Obama) សហរដ្ឋអាមេរិកបានបញ្ជូនទាហាន១ពាន់២រយនាក់ទៅការពារតាមព្រំដែន ចំណែកឯក្នុងជំនាន់រដ្ឋបាលលោក ចច ដាប់ប៊ែលយូ ប៊ូស (George W Bush) សហរដ្ឋអាមេរិកបានដាក់ពង្រាយទាហានប្រហែល៦ពាន់នាក់ដើម្បីល្បាតការពារតាមព្រំដែន៕

 

 

ម៉ាឡេស៊ី​នឹង​ពិន័យ​ជន​ណា​ដែល​ចែកចាយ ឬ​ផលិត​ព័ត៌មាន​ក្លែង​កា្ល​យ​នៅលើ​បណ្ដាញ​សង្គម

ម៉ាឡេស៊ី ៖ កាលពីដើមសប្តាហ៍កន្លងទៅនេះ ប្រទេសម៉ាឡេស៊ីបានអនុម័តច្បាប់ថ្មីមួយដែលនឹងពិន័យពលរដ្ឋរបស់ខ្លួនដែលចែកចាយ ឬផលិតព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមជាមួយនឹងទឹកប្រាក់ពិន័យរហូតដល់ទៅ១២ម៉ឺន៣ពាន់ដុល្លារអាមេរិក ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ៦ឆ្នាំ។ ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak), ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនោះត្រូវបានអនុម័តដោយសម្លេងភាគច្រើននៅក្នុងសភាបើទោះបីជាច្បាប់នោះត្រូវបានទទួលការរិះគន់ពីបក្សប្រឆាំងថាអាចនឹងរារាំងសេរីភាពបញ្ចេញមតិ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលបាននិយាយថាច្បាប់នោះនឹងមិនបំពានសេរីភាពបញ្ចេញមតិនោះទេ ហើយករណីខ្លះអាចនឹងធ្លាក់ទៅដល់តុលាការឯករាជ្យថែមទៀតផង។ បន្ថែមពីលើនោះទៀត រដ្ឋាភិបាលបានបដិសេធថាមិនមានហេតុផលនយោបាយដែលជំរុញអោយមានការបង្កើតច្បាប់នោះឡើងទេ ប៉ុន្តែក្រុមអ្នកវិភាគផ្នែកច្បាប់បាននិយាយថា ហេតុផលគួរអោយព្រួយបារម្ភនៅតែមាន។ ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដោយសភាជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ីនៅក្នុងសប្ដាហ៍នេះ ហើយចូលជាធរមាននាពេលឆាប់ៗខាងមុខ៕

ឥណ្ឌូនេស៊ី​ប្រកាសអាសន្ន​ក្រោយ​ការ​ធ្លាយ​ប្រេង និង​អគ្គិភ័យ​សម្លាប់​មនុស្ស​៤​នាក់​

ឥណ្ឌូណេស៊ី ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូណេស៊ីបានប្រកាសភាពអាសន្ននៅជុំវិញកំពង់ផែនៃកោះ Borneo បន្ទាប់ពីការធ្លាយប្រេង និងអគ្គីភ័យបានសម្លាប់មនុស្ស ៤ នាក់កាលពីចុងសប្ដាហ៍ ។ មន្ត្រីសម្រាលគ្រោះមហន្តរាយអាចគ្រប់គ្រងភ្លើងឆេះនៅក្នុងទីក្រុងកំពង់ផែ Balikpapan ប៉ុន្តែនៅតែកំពុងធ្វើការដើម្បីទប់ស្កាត់ការកំពប់ប្រេងដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ និងបានរីករាលដាលនៅលើផ្ទៃដីប្រហែល ១២ គីឡូម៉ែត្រការ៉េ ។លោក Suryanto ប្រធានទីភ្នាក់ងារបរិស្ថានទីក្រុងបានថ្លែងថា “យើងបានព្រមានសាធារណជនមិនឲ្យអនុវត្តសកម្មភាពដែលអាចបង្កឲ្យមានអគ្គិភ័យ” ។ ទីក្រុង Balikpapan ស្ថិតនៅខេត្ត East Kalimantan គឺជាមជ្ឈមណ្ឌលរុករកធនធានរ៉ែ និងថាមពលដ៏ធំមួយ ហើយជាទីតាំងមួយនៃរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលរដ្ឋ Pertamina ។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតកន្លែងដែលប្រេងបានចាប់ផ្តើម ហើយថាបំពង់ប្រេងក្រោមទឹកនៅក្នុងតំបន់នោះមិនមានលេចធ្លាយទេ ។ ក្រុមហ៊ុន Pertamina បាននិយាយថា មិនមានការរំខានដល់ប្រតិបត្តិការណាមួយនោះទេ ។ លោក Arya Dwi Paramita អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងខាងក្រៅនៅក្រុមហ៊ុន Pertamina បាននិយាយថា “នៅពេលនេះក្រុមការងាររបស់យើងកំពុងផ្តល់អាទិភាពដល់ការចាត់ចែងនៃឧបទ្ទវហេតុនេះ” ៕

ស្លាប់ ៧ នាក់​ក្នុង​បាតុកម្ម​វណ្ណៈ​ដ៏​ធំ​នៅ​ឥណ្ឌា​

មនុស្ស៧នាក់បានស្លាប់ ចំពេលមានបាតុកម្មហិង្សា ដែលមានការចូលរួមពីបាតុកររាប់ម៉ឺននាក់មកពីសហគមន៍ដាលីត (ដែលពីមុនមកមិនអាចប៉ះពាល់បាន) នៅទូទាំងប្រទេសឥណ្ឌា។ នេះបើតាមសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃចន្ទ ទី២មេសា។ ពួកគេបានចេញតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងនឹងដីការបស់តុលាការកំពូល ដែលពួកគេនិយាយថាធ្វើឱ្យច្បាប់ដែលបង្កើតឡើងដើម្បីការពារសហគមន៍វណ្ណៈទាបចុះខ្សោយ។ សេវារថភ្លើងបានរងផលប៉ះពាល់ហើយផ្លូវសំខាន់មួយចំនួនត្រូវបានបង្ខាំងនៅក្នុងរដ្ឋមួយចំនួន។ រដ្ឋាភិបាលសហព័ន្ធបានស្នើសុំឱ្យតុលាការធ្វើការពិនិត្យឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន។ នៅក្នុងសេចក្តីសម្រេចរបស់តុលាការ តុលាការបាននិយាយថា ច្បាប់ស្តីពីវណ្ណៈដែលបានកំណត់ និង កុលសម្ព័ន្ធដែលបានកំណត់ (ដើម្បីទប់ស្កាត់អំពើឃោរឃៅ) ដែលគេស្គាល់ជាទូទៅថាជាច្បាប់ SC/ST Act ត្រូវបាន “ប្រើខុស” កាលពីពេលកន្លងទៅ។ អំពើហិង្សាវណ្ណៈនៅតែជាបញ្ហាមួយនៅក្នុងប្រទេសឥណ្ឌា។ យោងតាមស្ថិតិជាផ្លូវការបានឱ្យដឹងថា បទឧក្រិដ្ឋប្រឆាំងនឹងជនវណ្ណៈទាបចំនួន ៤០.០០០ ករណីត្រូវបានរាយការណ៍គ្រាន់តែក្នុងឆ្នាំ ២០១៦។ ពួកមេដឹកនាំសហគមន៍ ដាលីត (Dalit) និយាយថា សេចក្តីសម្រេចរបស់តុលាការធ្វើឱ្យពួកគេមានអារម្មណ៍ “ងាយរងគ្រោះ”។ លោកខេភី ជួតហារី អគ្គលេខាធិការនៃសមាគមជនវណ្ណៈទាបទាំងអស់របស់ឥណ្ឌានិយាយថា “ច្បាប់ SC/ST Act បានធានានូវការការពារប្រជាជនដាលីតនៅឥណ្ឌាដោយធ្វើឱ្យការរើសអើងប្រឆាំងនឹងសហគមន៍របស់យើងក្លាយជាបទល្មើសអាចដាក់ទោសទណ្ឌបាន។ ជាមួយបទបញ្ជាថ្មីរបស់តុលាការកំពូល កាតព្វកិច្ចច្បាប់ទាំងនេះបានបញ្ចប់។ យើងទាំងអស់គ្នាកើតទុក្ខ និង តក់ស្លុតជាខ្លាំង”៕

អតីត​ភរិយា​របស់លោក នែ​ល​សុន ម៉​ង់​ដេ​ឡា ទទួលមរណភាព​នៅ​អាយុ ៨១ ឆ្នាំ​

អ្នកស្រី វីននី ម៉ង់ដេឡា អតីតភរិយារបស់លោក នែលសុន ម៉ង់ដេឡា និងជានិមិត្តរូបប្រឆាំងការរើសអើងពណ៌សម្បុរនៅអាហ្វ្រិកខាងត្បូង បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២មេសា នៅអាយុ ៨១ ឆ្នាំ ដោយនាំឱ្យមានការបញ្ចេញមតិយោបល់ផ្សេងៗដូចភ្លៀងបាក់មេឃមកលើរូបគាត់ ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរផង និងជានិមិត្តរូបនៃការបែកបាក់បំផុតរបស់ប្រទេសនេះផង។ អ្នកនាំពាក្យរបស់គ្រួសារអ្នកស្រី គឺលោក វីកទ័រ ដ្លាល់មីនី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្រីបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងចូហាណេស្បឺក បន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ។ អ្នកស្រី វីននី ម៉ង់ដេឡា ដែលបានរៀបការជាមួយលោកនែលសុន ម៉ង់ដេឡា អស់រយៈពេល ៣៨ ឆ្នាំ បានដើរតួយ៉ាងសំខាន់ក្នុងការតស៊ូដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ជនស្បែកសភាគតិច ប៉ុន្តែកន្លែងរបស់អ្នកស្រីនៅក្នុងប្រវត្តិសាស្ត្រ ត្រូវបានគ្របដណ្ដប់ដោយភាពចម្រូងចម្រាស់និងការចោទប្រកាន់ពីអំពើហិង្សា។ សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រុមគ្រួសាររបស់អ្នកស្រីបាននិយាយថា “វាគឺជាការសោកស្តាយយ៉ាងជ្រាលជ្រៅដែលយើងត្រូវជម្រាបប្រាប់ដល់សាធារណជនថា អ្នកស្រី វីននី ម៉ាឌីគីហ្សេឡា ម៉ង់ដេឡា បានទទួលមរណភាពនៅឯមន្ទីរពេទ្យ Netcare Milpark នៅទីក្រុងចូហាណេស្បឺក អាហ្វ្រិកខាងត្បូង”។ “អ្នកស្រីបានស្លាប់បន្ទាប់ពីមានជំងឺដ៏យូរអង្វែង ដែលធ្វើឱ្យគាត់ចេញចូលមន្ទីរពេទ្យតាំងពីដើមឆ្នាំមកនេះ។ អ្នកស្រីបានស្លាប់ដោយស្ងប់សុខនៅដើមរសៀលថ្ងៃចន្ទ ដោយមានក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់គាត់នៅអមជុំវិញខ្លួន”។ ជ័យលាភីពានរង្វាន់ណូបែល និងជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងរបបអាផាថេត (រើសអើងពណ៌សម្បុរ) លោក ដេសម៉ុន ទូទូ បានពណ៌នាអ្នកស្រី វីននី ម៉ង់ដេឡា “ជានិមិត្តរូបនៃការផ្លាស់ប្តូរ” ក្នុងការតស៊ូប្រឆាំងនឹងការគៀបសង្កត់។ លោកនិយាយថា “អ្នកស្រីមិនព្រមឱនក្បាលដោយការឃុំខ្លួនប្តីរបស់គាត់ ការរំខានយាយីគ្រួសាររបស់គាត់ដោយកងកម្លាំងសន្តិសុខ ការឃុំឃាំង ការហាមឃាត់ និងការបណ្តេញចេញនោះឡើយ។ ការជំទាស់ដ៏ក្លាហានរបស់គាត់ គឺជាការបំផុសគំនិតយ៉ាងជ្រាលជ្រៅចំពោះខ្ញុំ និងចំពោះសកម្មជនជាច្រើនជំនាន់”។ នៅក្នុងគណបក្សសមាជជាតិអាហ្វ្រិកដែលកំពុងកាន់អំណាច (ANC) ប្រមុខគោលនយោបាយ លោក ជេហ្វ រ៉ាដេបេ បានពណ៌នាអ្នកស្រីថាជា “និមិត្តរូបនៃការតស៊ូបដិវត្តន៍”៕

 

 

រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែសថា បង់​ក្លា​ដែស មិន​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ការតាំង​ទី​លំនៅ​របស់​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស បាននិយាយប្រាប់សារព័ត៌មានSputnik កាលពីថ្ងៃចន្ទទី២មេសាថា បង់ក្លាដែស មិនមានកន្លែងគ្រប់គ្រាន់សម្រាប់ឱ្យក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនជាងកន្លះលាននាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីខែសីហាឆ្នាំមុនហើយមកបោះជំរំរស់នៅក្នុងព្រំដែនរបស់ខ្លួននោះទេ ។ ជាមួយនឹងប្រជាជនជាង១៦៥លាននាក់ ដែលរស់នៅតំបន់មួយមានផ្ទៃដី១៤៣.៩៩៨គីឡូម៉ែត្រការ៉េនោះ បង់ក្លាដែសជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ។ បន្ទាប់ពីមានការបង្ក្រាបដោយយោធាលើក្រុមជនរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំមុន ក្រុមជនភៀសខ្លួនជាង៦២០.០០០នាក់បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែន ចូលប្រទេសបង់ក្លាដែស ហើយបោះជំរំរស់នៅតាមបណ្តោយព្រំដែន។ ប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ាបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការធ្វើមាតុភូមិនិវត្តន៍ជនភៀស ខ្លួនកាលពីខែវិច្ឆិកាតែដំណើរការធ្វើមាតុភូមិនិវត្តន៍នេះត្រូវបានពន្យារពេលជាច្រើនដងដោយសារ ជនភៀសខ្លួនជាច្រើនបានជំទាស់នឹងការបញ្ជូនត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ដោយសារតែមានក្តីបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ៕

កូរ៉េខាងជើង នឹងចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិកចំនួន​២​លើក​ទៀត​

កីឡា ៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បាននិយាយកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងនឹងចូលរួមប្រកួតកីឡាអូឡាំពិកចំនួន២លើកទៀត នៅជប៉ុននិងចិន ។លោកបានលើកឡើងដូច្នេះក្រោយពីជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងព្យុងយ៉ាង។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រលានយន្តហោះក្រុងប៉េកាំងនៅពេលវិលត្រឡប់មកវិញបាននិយាយថា កូរ៉េខាងជើងនឹងចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន និងកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោក Bach បានថ្លែងថា«ការប្តេជ្ញាចិត្តនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយមេដឹកនាំកំពូលរបស់កូរ៉េខាងជើងនៅក្នុងការពិភាក្សាដ៏បើកចំហនិងប្រកបដោយផ្លែផ្កាជាមួយគាត់កាលពីម្សិលមិញ។ គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ កូរ៉េខាងជើងក៏បានចូលរួមកីឡាអូឡាំពិករដូវរងាផងដែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក Bach បានបង្ហាញទស្សនៈចំពោះការចូលរួមនេះថា វាជានិមិត្តសញ្ញានៃសន្តិភាព និងជាការជួយកាត់បន្ថយភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ៕