បណ្តាញសង្គម

អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជឺ​ឡា មឺ​គែល ព្រមព្រៀង​បង្កើត​រដ្ឋាភិបាលចម្រុះ

អាល្លឺម៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា អធិការបតីអាល្លឺម៉ង់ លោកស្រី អ៊ែនជឺឡា មឺគែល (Angela Merkel) បានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្សស្ដាំនិយម CDU របស់លោកស្រីជាមួយគណបក្ស SPD បន្ទាប់ពីបានចរចាគ្នាយ៉ាងតឹងតែងអស់រយៈពេលជាច្រើនខែមក។ គណបក្សធំជាងគេទាំង២របស់ប្រទេសអាល្លឺម៉ង់មិនបានឈានដល់កិច្ចព្រមព្រៀងតាមកាលកំណត់កាលពីថ្ងៃអាទិត្យទេ ហើយក៏បានបន្តកិច្ចចរចារហូតមកដល់ថ្ងៃចន្ទ និងថ្ងៃអង្គារ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី មឺគែល នឹងដឹកនាំរដ្ឋាភិបាលថ្មីម្ដងទៀតដោយធ្វើជាអធិការបតីដូចមុនដែលតួនាទីនេះលោកស្រីបានកាន់កាប់អស់រយៈពេល១២ឆ្នាំមកហើយ។ រដ្ឋាភិបាលចម្រុះនេះនឹងផ្ដល់នូវភាពធូរស្រាលទៅដល់ក្រុមមេដឹកនាំបក្សក៏ដូចជាប្រមុខរដ្ឋាភិបាលអឺរ៉ុបផងដែរ។ សូមបញ្ជាក់ថា ក្នុងរដ្ឋាភិបាលចម្រុះនេះ គណបក្សរបស់លោកស្រី មឺគែល នឹងគ្រប់គ្រងក្រសួងសេដ្ឋកិច្ច, ការពារជាតិ, កសិកម្ម និងការអប់រំនោះ គណបក្ស SPD បានទទួលសិទ្ធិក្នុងការតែងតាំងបេក្ខភាពសម្រាប់កាន់តំណែងរដ្ឋមន្ត្រីនៅក្នុងក្រសួងដ៏មានកិត្យានុភាពដូចជាគោលនយោបាយបរទេស, ហិរញ្ញវត្ថុ និងពលកម្ម ក៏ដូចជាផ្នែកការងារគ្រួសារ, យុត្តិធម៌ និងបរិស្ថាន៕