បណ្តាញសង្គម

កូរ៉េខាងត្បូង​ជួយ​ចេញថ្លៃ​ចំណាយ​ដល់​កូរ៉េខាងជើង​ចំនួន ២,៦ លាន​ដុល្លារ សម្រាប់​ការចូលរួម​កីឡា​អូឡាំពិក​

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា កូរ៉េខាងត្បូងបានអនុម័តកាលពីថ្ងៃពុធទី១៤កុម្ភៈនូវផែនការទ្រទ្រង់ដល់ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិករដូវរងាពីមូលនិធិរដ្ឋាភិបាល។ ក្រុមប្រឹក្សាជំរុញការផ្លាស់ប្តូរនិងសហប្រតិបត្តិការកូរ៉េខាងជើងនិងខាងត្បូងបានយល់ព្រមលើការលៃលកទឹកប្រាក់ចំនួន ២,៦ លានដុល្លារដើម្បីរ៉ាប់រងលើការចំណាយរបស់កូរ៉េខាងជើងសម្រាប់ការបញ្ជូនអត្តពលិក អ្នកសម្តែង និងគណៈប្រតិភូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង មកចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងព្យឹងចាងរបស់កូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក ឆូ ម្យុង យឹន បាននិយាយថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីលោក ឆូ ម្យុងយឹន ដោយនិយាយថា “ការចូលរួមរបស់គណៈប្រតិភូកូរ៉េខាងជើងក្នុងទម្រង់ផ្សេងៗគ្នាគឺជាឱកាសដ៏ល្អដើម្បីសម្រេចបានគោលដៅរបស់រដ្ឋាភិបាលក្រុងសេអ៊ូលដើម្បីរៀបចំអូឡាំពិកសន្តិភាពនិងក្លាយជាឱកាសដ៏សំខាន់សម្រាប់ភាពសុខដុមរមនាដែលធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ និងបើកទ្វារសម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ”។ យោងតាមយ៉ុនហាប់ បញ្ហានៃការជួយចេញថ្លៃចំណាយលើកីឡាប៉ារ៉ាឡាំពិករបស់កូរ៉េខាងជើង នឹងត្រូវសម្រេចនៅឯកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរបស់ក្រុមប្រឹក្សានេះ ដែលនឹងធ្វើឡើងនាពេលខាងមុខ៕