បណ្តាញសង្គម

គ្រូៗ​ហុងស៊ុយ​ហុងកុង ទស្សន៍ទាយ​ជោគជតារាសី​មេដឹកនាំ​ពិភពលោក ឆ្នាំ ច​, ដូ​ណា​ល់ ត្រាំ រាសី​ដាក់​ខ្លាំង​ទាំង​សុខភាព និង លុយកាក់

ខណៈដែលតារារាស្ដ្រចិនប្តូរទៅរកឆ្នាំចនៅចុងសប្តាហ៍នេះ គ្រូៗហុងស៊ុយហុងកុងបាននាំគ្នាព្យាករណ៍អំពីជោគជតារាសីសម្រាប់មេដឹកនាំពិភពលោក។ កើតក្នុងឆ្នាំច ឆ្នាំ ១៩៤៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឈមមុខនឹងសំណាងអាក្រក់ជាច្រើន ព្រោះឆ្នាំរបស់គាត់ប្រឆាំងគ្នាជាមួយឆ្នាំឆ្កែធាតុដី ឆ្នាំ ២០១៨។ នេះបើយោងតាមពួកគ្រូហុងស៊ុយហុងកុងលើកឡើងដូច្នេះ។ ហុងស៊ុយ ដែលមានន័យថា “ទឹកនិងខ្យល់” មានឥទ្ធិពលយ៉ាងខ្លាំងនៅអាស៊ី កន្លែងដែលមនុស្សតម្រែតម្រង់ជីវភាពរស់នៅរបស់ពួកគេដោយប្រុងប្រយ័ត្នតាមរយៈការដាក់វត្ថុដូចជាពែងស្រាឬត្បូងនៅក្នុងការិយាល័យនិងផ្ទះដើម្បីបង្កើនសុភមង្គល លាភសំណាង និងទ្រព្យសម្បត្តិរបស់ពួកគេ។ តាមក្បួនហុងស៊ុយ រាល់ព្រឹត្តិការណ៍ទាំងអស់ត្រូវបានបកស្រាយតាមរយៈតុល្យភាពផ្សេងៗគ្នាក្នុងធាតុទាំង៥ដែលបង្កើតចក្រវាល គឺ ធាតុ ដែក ឈើ ទឹក ភ្លើង និងដី។ ថ្ងៃកំណើតរបស់លោកត្រាំ ធ្វើឱ្យគាត់ក្លាយជា “ឆ្កែធាតុភ្លើង” ប៉ុន្តែឆ្នាំ ២០១៨ ជាឆ្នាំ “ឆ្កែធាតុដី” ដែលជាធាតុមិនត្រូវគ្នាឡើយ។ គ្រូហុងស៊ុយឈ្មោះ ធារី ចូវ និយាយថា ធាតុភ្លើងក្នុងឆ្នាំកំណើតរបស់លោកត្រាំ នឹងជះឥទ្ធិពលដល់សុខភាពរបស់គាត់ ខណៈពាក្យសម្តីរបស់គាត់ (ធាតុភ្លើងក៏តំណាងឱ្យសម្តីដែរ) អាចនឹងនាំមកនូវ “បញ្ហា” និងផលវិបាកជាក់ស្តែងជាច្រើន។ លោកស្រី ធារី ចូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា “ធាតុទាំង២មានភ្លើងខ្លាំងពេក និងមានដីខ្លាំងពេក ដូច្នេះវានឹងធ្វើឱ្យគាត់ (ត្រាំ) ជួបអតុល្យភាពទ្រព្យសម្បត្តិ”។ លោកស្រីចូវ បានប្រើប្រព័ន្ធ “ផ្កាយហោះ” ដើម្បីធ្វើឱ្យការទស្សន៍ទាយរបស់លោកស្រីផ្អែកលើទីតាំងផ្កាយនីមួយៗ ដោយបានមើលឃើញភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ដែលរងឥទ្ធិពលពីផ្កាយលេខ ៥ ដែលជាផ្កាយអាក្រក់។ លោកស្រីក៏បានព្រមានពីហានិភ័យនៃជម្លោះរវាងលោកត្រាំនិងប្រទេសចិនលើបញ្ហាពាណិជ្ជកម្មនិងសេដ្ឋកិច្ចផងដែរ។ លោកស្រីចូវ និយាយថា “ផ្កាយទី ៧ កំពុងធ្លាក់ទៅទិសខាងកើត។ ផ្កាយនេះធ្វើឱ្យប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងគ្នា ហើយវាបង្កឱ្យមានការនិយាយដើមគ្នា និងការយល់ច្រឡំ” ។ – “កាតព្វកិច្ចនិងភក្ដីភាព” ហុងស៊ុយជារបស់មិនអាចអត់បាននៅក្នុងទីក្រុងហុងកុង ជាមួយមនុស្សភាគច្រើនស្វែងរកដំបូន្មានពីគ្រូហុងស៊ុយ មុនពេលធ្វើការសម្រេចចិត្តសំខាន់ៗចាប់ពីការជ្រើសរើសថ្ងៃរៀបការរហូតដល់ការជ្រើសរើសផ្ទះថ្មី។ ក្រុមហ៊ុនធំៗក៏ជួលគ្រូហុងស៊ុយផ្ទាល់ខ្លួនផងដែរដើម្បីពិគ្រោះយោបល់អំពីប្លង់ខាងក្នុងការិយាល័យ និងផ្ដល់ដំបូន្មានក្នុងការវិនិយោគ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនឈ្មួញកណ្តាល CLSA បានចេញសន្ទស្សន៍ហុងស៊ុយរបស់ខ្លួន ដោយព្យាករណ៍ពីអ្វីដែលនឹងកើតឡើងក្នុងរយៈពេល ១២ ខែខាងមុខសម្រាប់ពិភពលោក។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះព្យាករណ៍ថា វិស័យទាក់ទងនឹងអ៊ីនធឺណេត ឧបករណ៍ប្រើប្រាស់ និងបច្ចេកវិជ្ជា នឹងរកស៊ីទទួលទានកាក់កបសម្បើមណាស់។ វិស័យទាំងនេះត្រូវបានចាត់ទុកជាឧស្សាហកម្ម “ទាក់ទងនឹងភ្លើង” ហើយនឹងធ្វើបានល្អបំផុតរវាងខែឧសភា និងកក្កដា។ នេះបើតាមសម្តីគ្រូៗហុងស៊ុយ។ ទោះយ៉ាងណា ជាមួយផ្សារហ៊ុនទីក្រុងហុងកុងឡើងចុះមិនទៀង ពួកគ្រូហុងស៊ុយបានណែនាំឱ្យពួកអ្នកជំនួញប្រកាន់ខ្ជាប់នូវអតិថិជនស្មោះត្រង់បំផុតរបស់ពួកគេ ហើយពួកវិនិយោគិនមិនគួរចំណាយប្រាក់វិនិយោគច្រើនហួសមត្ថភាពពេកទេ។ ក្រៅពីនយោបាយនិងហិរញ្ញវត្ថុ លោកស្រីចូវបានទស្សន៍ទាយឃើញមង្គលការដ៏រីករាយសម្រាប់ព្រះអង្គម្ចាស់ហារីរបស់អង់គ្លេសនិងនាងមេហ្គាន ម៉ាកិល នៅខែឧសភាខាងមុខផងដែរ។ ធាតុដីតំណាងឱ្យព្រះមហាក្សត្រនៅក្នុងប្រក្រតិទិនចិន និងការរួមបញ្ចូលគ្នាជាមួយនឹងភ្លើងទៀនខែឧសភាទៀតសោតនោះ ធាតុទាំង ៥ គឺស្របគ្នាបំផុតសម្រាប់ការប្រារព្ធពិធីរៀបការ៕