បណ្តាញសង្គម

កូរ៉េខាងត្បូង​ជំរុញ​ឲ្យ​ជប៉ុន​បញ្ឈប់​ការទាមទារ​ទឹកដី​នៅលើ​កោះ​ដែលមាន​ជម្លោះ​

កូរ៉េខាងត្បូង ៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើការតវ៉ាប្រឆាំងនឹងព្រឹត្តិការណ៍មួយដែលរដ្ឋាភិបាលជប៉ុនបានរៀបចំនៅលើដែនកោះដែលមានជម្លោះ។ កោះតូចមួយដែលមានជម្លោះនោះត្រូវបានគេស្គាល់ថាជាកោះដូកដូ (Dokdo) នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាកោះតាកិស៊ីម៉ា (Takeshima) នៅក្នុងប្រទេសជប៉ុន។ ថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យឲ្យក្រសួងការបរទេសកូរ៉េខាងត្បូងបានជំរុញឲ្យប្រទេសជប៉ុនលុបចោលព្រឹត្តិការណ៍នោះ និងបញ្ឈប់ការទាមទារទឹកដីនៅលើប្រជុំកោះនោះផងដែរ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ដែលជាតំណាងរដ្ឋាភិបាលទៅកាន់កោះនោះដើម្បីចូលរួមព្រឹត្តិការណ៍មួយអបអរសាទរទិវាកោះតាកិស៊ីម៉ា (Takeshima) ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងជាអ្នកគ្រប់គ្រងប្រជុំកោះដូកដូ (Dokdo) ប៉ុន្តែប្រទេសជប៉ុនបានប្រឆាំងទៅនឹងអធិបតេយ្យភាពរបស់ពួកគេ ហើយចាប់តាំងពីឆ្នាំ២០០៥មកជប៉ុនបានកំណត់យកថ្ងៃទី២២ ខែកុម្ភៈនេះជាទិវាកោះតាកិស៊ីម៉ា (Takeshima)៕