បណ្តាញសង្គម

កូរ៉េខាងត្បូង​ចំណាយ​ថវិកា​ប្រមាណ​២៤០​លាន​វ៉ុ​ន​លើ​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​

កូរ៉េខាងត្បូង ៖ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងបានចំណាយថវិកាប្រមាណ២៤០លានវ៉ុន (២២៣,២៣៧ដុល្លារអាមេរិក)ទៅលើប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុននិងក្រុមការងាររបស់នាងក្នុងអំឡុងពេលដំណើររយៈពេលបីថ្ងៃរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុង Pyeongchang ។ មន្ត្រីមួយរូបនៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ភាគច្រើននៃប្រាក់នេះគឺត្រូវបានចំណាយលើការស្នាក់នៅ ដឹកជញ្ជូននិងម្ហូបអាហារសម្រាប់សមាជិកគណៈប្រតិភូចំនួន៤នាក់និងបុគ្គលិករបស់ខ្លួនចំនួន១៨នាក់។ ប្អូនស្រីរបស់លោកគីមនាង Kim Yo Jong និងមន្ត្រីកូរ៉េខាងជើងផ្សេងទៀតបានស្នាក់នៅសណ្ឋាគារ Walkerhill ដែលជាសណ្ឋាគារមាត់ទន្លេលំដាប់ផ្កាយប្រាំនៅភាគខាងកើតទីក្រុងសេអ៊ូល។នាងនិងគណៈប្រតិភូរបស់នាងបានធ្វើដំណើរចន្លោះទីក្រុងសេអ៊ូលនិងទីលាននៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូងហើយមន្ត្រីកូរ៉េខាងត្បូងក៏បានរៀបចំអាហារសម្រាប់ពួកគេនៅសណ្ឋាគារលំដាប់កំពូលក៏ដូចជានៅវិមាន Blue House ផងដែរដែលជាកន្លែងពួកគេបានជួបជាមួយលោកប្រធានាធិបតី Moon Jae-in ។ ជាការប្រៀបធៀប, គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចំណាយប្រាក់ប្រហែល៥០,០០០ ដុល្លារចំពោះការហ្វឹកហាត់និងការរៀបចំសម្រាប់អត្តពលិកអូឡាំពិកទាំង២២នាក់របស់កូរ៉េខាងជើងឬស្មើនឹងប្រហែល២,៣០០ដុល្លារក្នុងម្នាក់។ប៉ុន្មានខែមុនពេលកូរ៉េខាងត្បូងទទួលគណៈប្រតិភូកូរ៉េខាងជើង, យោធារបស់ខ្លួនបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរបស់លោក Moon ដោយដកឈ្មោះមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនចេញពីការផ្សព្វផ្សាយឃោសនានៅឯព្រំដែនរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូង។ ជំនួយការនៅការិយាល័យរបស់លោក Kim Hack-yong ដែលជាប្រធានគណៈកម្មាធិការការពារជាតិរបស់សភាបាននិយាយថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយអគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូងកាលពីចុងឆ្នាំកន្លងទៅដោយការព្រួយបារម្ភថា ការវាយប្រហារដោយពាក្យសម្ដីលើលោកគីមជុងអ៊ុនអាចនាំមកនូវអារម្មណ៍អវិជ្ជមានក្នុងចំណោមប្រជាជនកូរ៉េខាងជើង”៕